ក្រសួងបរិស្ថានព្រមានចាត់វិធានការផ្លូវច្បាប់ដល់ជនណាដែលនៅបន្តការទិញ លក់ ដឹកជញ្ចូន ផ្កាព្រៃមួយប្រភេទឈ្មោះកេសរកូល(ផ្កាអ័រគីដេ)ពីតំបន់ការពារធម្មជាតិ។
តាមការជូនដំណឹងពីក្រសួងបរិស្ថាននៅថ្ងៃទី១១ខែកក្កដាបានឲ្យដឹងថា អាជីវកម្មជួញដូរ ប្រភេទកេសរកូលព្រៃពីតំបន់ការពារធម្មជាតិគឺជា មុខរបរផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ ចំណុច ៤ និងមាត្រា៦១ចំណុច៤។ ក្រសួងបារម្ភថា ការប្រមូលកេសរកូលព្រៃពីតំបន់ការពារធម្មជាតិ ដោយអនាធិបតេយ្យអាចបង្កអោយប្រភេទកេសរកូលព្រៃ វិវត្តន៍ដល់ការផុតពូជទាំងស្រុងនូវផ្កាប្រភេទនេះ។
ក្រសួងឱ្យដឹងទៀតថា មានជនខិលខូចមួយចំនួនបានបង្ហោះព័ត៍មានក្លែងក្លាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ការទិញប្រភេទកេសរកូលព្រៃទទួលបានកម្រៃខ្ពស់។ ករណីនេះ ក្រសួងប្រកាសចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងថ្លែងថា៖« ផ្អែកលើនិតិវិធីច្បាប់ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដោយសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមដែលពាក់ព័ន្ធ»។
ក្រសួងបរិស្ថានបញ្ជាក់ថា ការធ្វើអាជីវកម្មជួញដូរ ប្រភេទកេសរកូលព្រៃពីតំបន់ការពារធម្មជាតិគឺជា មុខរបរផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ ចំណុច ៤ និងមាត្រា៦១ចំណុច៤។
តាមការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេននៅក្នុងប្រទេសកម្ពុជា មានផ្កាកេសរកូលអាចបង្កាត់ពូជបានប្រមាណ ៥០០ប្រភេទ។ មជ្ឈមណ្ឌលនេះឱ្យដឹងដែរថា ចំនួនផ្កាប្រភេទនេះ នៅថៃមាន ១៥០០ប្រភេទ នៅវៀតណាម មាន៧០០ប្រភេទ និងនៅឡាវ មានជាង៥០០ប្រភេទ៕