ក្រសួងមហាផ្ទៃប្រកាសដាក់ផែនការពង្រឹងការគ្រប់គ្រងជនបរទេសតាមរយៈ ការទប់ស្គាត់ និងបណ្តេញចេញ ចំពោះអ្នកលួចចូលក្នុងប្រទេសដោយខុសច្បាប់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិ។
កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ជនអន្តោប្រវេសន៍គឺកើតមានឡើងក្នុងប្រទេសកម្ពុជាតាំងពីជំនាន់អាណានិគមបារាំង និងកើនឡើងច្រើនក្នុងទសវត្សរ៍ទី ៥០ ទៅ៦០ហើយការដោះស្រាយជុំវិញរឿងនេះបានរាំងស្ទះដោយសារកត្តានយោបាយ។
ក្រសួងមហាផ្ទៃបន្តថា ក្រោយពីការបោះឆ្នោតលើកទី១ឆ្នាំ១៩៩៣មក ការគ្រប់គ្រងជនអន្តោប្រវេសន៍ជាកត្តាចម្បងរបស់រដ្ឋាភិបាលរហូតឈានដល់បង្កើតច្បាប់ស្តីពីអន្តោប្រវេសន៍បានអនុម័ត និងដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៩៩៤។
ក្រសួងបញ្ជាក់ថា ដោយមិនអាចទុកឱ្យជនបរទេសបង្កហានិភ័យដល់សន្តិសុខសណ្តាប់ធ្នាប់ជាតិ ទើបមានការធ្វើជំរឿនមួយកាលពីឆ្នាំ២០១៩លើជនបរទេសស្នាក់នៅកម្ពុជា។ ក្រសួងប្រកាសដាក់ទិសដៅពង្រឹងការគ្រប់គ្រងលើជនបរទេស។
ក្រសួង៖«ក្រសួងមហាផ្ទៃនឹងបន្តយកចិត្តទុកដាក់ដឹកនាំអគ្គនាយកដ្ឋានជំនាញក្រោមឱវាទដែលមានការពាក់ព័ន្ធ ខិតខំគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ឱ្យបានម៉ត់ចត់ និងមានវិធានការបង្ការ ទប់ស្កាត់ និងបណ្តេញចេញឱ្យបានទាន់ពេលវេលាចំពោះជនបរទេស ដែលជ្រៀតចូលខុសច្បាប់តាមបទបញ្ញត្តិនៃច្បាប់ស្តីពីអន្តោប្រវេសន៍»។
ជនបរទេសនៅកម្ពុជាចែកចេញជា២ប្រភេទគឺ ជនបរទេសអន្តោប្រវេសន៍ និងជនបរទេសមិនមែនអន្តោប្រវេសន៍។ ជនបរទេសមិនមែនអន្តោប្រវេសន៍ គឺជាជនបរទេសដែលចូលក្នុងប្រទេសស្នាក់នៅបណ្តោះអាសន្នឬ រយៈពេលខ្លី ឯកជនបរទេសអន្តោប្រវេសន៍ គឺជា ជនប្រទេសដែលចូលកម្ពុជាស្នាក់នៅរយៈពេលយូរ ជាការតាំងទីលំនៅជាលក្ខណៈគ្រួសារ។
ក្រសួងមហាផ្ទៃ បានរកឃើញជនបរទេសចំនួន៦៩ ៦៥៧នាក់ កាន់ឯកសារមិនប្រក្រតី ចន្លោះពីឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩។ អ្នកទាំងនេះមានសញ្ញាតិ១១ផ្សេងគ្នា ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេគឺមានចំនួន៦៩ ៧៨៧នាក់៕