លោក ហ៊ុន សែន រំឭកម្ចាស់ទីតាំងមានមនុស្សជួបជុំច្រើនពង្រឹងការការពារកូវីដ១៩

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផ្សព្វផ្សាយរូបនេះ កាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០ ភ្ជាប់សាររំឭកពលរដ្ឋឱ្យការពារមេរោគកូវីដ១៩ (រូបពីហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រើនរំឭកដល់ម្ចាស់ទីតាំងដែលមានមនុស្សប្រមូលផ្តុំច្រើន ត្រូវពង្រឹងវិធានការការពារកុំឱ្យឆ្លងមេរោគកូវីដ១៩ ដោយត្រូវមានទឹកលាងសម្លាប់មេរោគ និងម៉ាស សម្រាប់ឱ្យអតិថិជនប្រើប្រាស់ឱ្យបានច្រើនត្រូវ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសរសារនៅលើបណ្តញសង្គមហ្វេសប៊ុកនៅថ្ងៃនេះ ប្រាប់ប្រជាពលរដ្ឋកុំធ្វេសប្រហែស ចេះថែសុខភាព និងពាក់ម៉ាសការពារអោយបានត្រឹមត្រូវ។ លោក ក៏បានរំឭកដល់ម្ចាស់ទីតាំងដែលមានមនុស្សប្រមូលផ្តុំច្រើន​ ដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ ត្រូវពង្រឹងការការពារ។​

លោក ហ៊ុន សែន៖«ទីកន្លែងដែលមានមនុស្សច្រើនដូចជាទីផ្សារ និង ផ្សារទំនើប តូបលក់ដូរទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលទទួលបានការអនុញ្ញាតអោយបើកដំណើរការ ជាពិសេសមន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យរដ្ឋត្រូវតែមានទឹកអាល់កុល ចែលសម្លាប់មេរោគ និងម៉ាស សម្រាប់អតិថិជន»

លោក ហ៊ុន សែន បញ្ជាក់ថា ជំងឺឆ្លងនេះរាតត្បាតកាចសាហាវ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន១៥នាក់ ដែលទើបរកឃើញនោះ​ជាបុរសជនជាតិខ្មែរទាំងអស់ ដែលធ្វើដំណើរមកពីប្រទេស អារ៉ាប់ប៊ីសាអូឌីត។​ ក្រសួងបញ្ជាក់ថា អ្នកទាំង១៥នាក់នេះ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។​

របាយការណ៍របស់ក្រសួងសុខាភិបាលបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃទី១២ខែកក្កដានេះ កម្ពុជា រកឃើញអ្នកផ្ទុកកូវីដ១៩ចំនួន​១៥៦នាក់ ហើយព្យាបាលជាសះស្បើយបានចំនួន​១៣៣នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ