អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ នៅថ្ងៃនេះ បានសន្យាចំពោះមុខក្រុមកម្មករថាលោកនឹងជំរុញទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស ក្រោយពីកម្មកររោងចក្រទាំង២ហែក្បួនរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ការសន្យារបស់អភិបាលខេត្តរូបនេះធ្វើឡើងក្រោយពីក្រុមកម្មកររាប់រយនាក់របស់រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាដើរហែក្បួនចេញពីរោងចក្រនៅព្រឹកនេះ ឆ្ពោះទៅសាលាដំបូងខេត្ត និងភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគាត់។
ទោះយ៉ាងណាក៏ដោយ ការហែក្បួនរបស់ពួកគាត់ត្រូវបានរារាំងពីអាជ្ញាធរត្រង់ចំណុចសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក្រោយពួកគាត់ចេញពីរោងចក្របានចម្ងាយប្រហែល ១៥គីឡូម៉ែត្រ។
លោក ភិន សុភា ដែលអះអាងថា ជាតំណាងកម្មករនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត និងរោងចក្រ អ៊ីខូបេស ប្រាប់វីអូឌីកន្លែងសមត្ថកិច្ចរារាំងថា រោងចក្រ ឌីកនើធី នីតធើរ និងរោងចក្រ អ៊ីខូបេស មានថៅកែតែមួយ។ លោកថា វិវាទការងារនៅរោងចក្រទាំងពីរនេះបានកើតឡើងតាំងពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។
តំណាងកម្មកររូបនេះឱ្យដឹងថា ក្រោមការសម្របសម្រួលដោះស្រាយពីភាគីពាក់ព័ន្ធកន្លងមក គឺភាគីថៅកែបានសន្យា និងព្រមព្រៀងផ្តល់សំណងជូនកម្មករចំនួន ៤ចំណុច ហើយកម្មករក៏យល់ព្រម ប៉ុន្តែដល់ពេលបើកលុយ គឺភាគីរោងចក្រមិនដែលអនុវត្តបាននូវកិច្ចព្រមព្រៀងនោះទេ។
លោក ភិន សុភា បន្តថា ក្រោយពីថៅកែមិនគោរពកិច្ចព្រមព្រៀង គឺក្រុមកម្មករបានសម្រេចដាក់បណ្តឹងទៅតុលាការ ដើម្បីសុំដីការក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលក់ឡាយឡុងយកលុយទូទាត់សំណងជូនកម្មករ ប៉ុន្តែ លោកថា កម្មករមិនអាចលក់ឡាយឡុងសម្ភាររោងចក្របានទេ ដោយសារមានក្រុមហ៊ុនផ្សេងមួយទៀតដែលថៅកែជំពាក់លុយដែរនោះ បានប្តឹងទៅតុលាការសុំដីការក្សាការពារទ្រព្យសម្បត្តិរបស់រោងចក្រនេះដែរ។
តំណាងកម្មករ លោក ភិន សុភា បន្ថែមថា គោលបំណងក្រុមកម្មករដើរហែក្បួននៅថ្ងៃនេះ គឺទៅសាលាដំបូងខេត្តកណ្តាលដើម្បីសុំទៅតុលាការលុបចោលដីការក្សាការពាររបស់ក្រុមហ៊ុនមួយដែលប្តឹងរក្សាការពារទ្រព្យសម្បត្តិរោងចក្រ និងបន្តដំណើរទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះស្រាយបញ្ចប់វិវាទការងារនេះ។
លោកបន្ថែមថា៖ «អីចឹងក្នុងគោលបំណងហែមកថ្ងៃនេះ ទី១ សុំឱ្យតុលាការជួយអន្តរាគមន៍ចេញដីកាលុបចោលដីការក្សាការពារចាស់ និងជំរុញរឿងហ្នឹងឱ្យឆាប់ចប់ដល់ពួកខ្ញុំ។ ហើយទី២ យើងហែទៅផ្ទះសម្តេច ហ៊ុន សែន ដើម្បីសុំឱ្យលោកជួយអន្តរាគមន៍បញ្ចប់វិវាទការងាររួមនៅរោងចក្រទាំងពីរនេះ ពីព្រោះពួកខ្ញុំដាក់យាមមុខរោងចក្រហ្នឹងទាំងយប់ទាំងថ្ងៃ ហាលផ្គរហាលភ្លៀងជាង៦ខែហើយ»។
ក្រោយសមត្ថកិច្ចរារាំងក្រុមកម្មករប្រហែលកន្លះម៉ោងមិនឱ្យធ្វើដំណើរទៅប្រមូលផ្តុំតវ៉ាមុខសាលាដំបូងខេត្ត និងភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ បានចុះទៅសម្របសម្រួលដោះស្រាយផ្ទាល់នៅចំណុចសួនច្បារមាត់ទន្លេក្រុងតាខ្មៅ។
នៅចំពោះមុខក្រុមកម្មករ និងអ្នកសារព័ត៌មានផងនោះ លោក គង់ សោភ័ណ្ឌ ស្នើទៅមេធាវី និងព្រះរាជអាជ្ញាដែលចុះដោះស្រាយជាមួយលោកនោះ បំពេញនីតិវិធី ដោយលុបចោលដីការក្សាការពាររបស់ក្រុមហ៊ុន និងដាក់ដីការក្សាការពាររបស់ក្រុមកម្មករ ដើម្បីឱ្យកម្មករអាចលក់ឡាយឡុងសម្ភាររបស់រោងចក្របាន។
លោកបន្ថែមថា៖ «ក្នុងនាមអភិបាលខេត្ត ក្នុងនាមតំណាងឱ្យអង្គភាពតំណាងតុលាការខេត្តកណ្តាល គឺថា លោកព្រះរាជអាជ្ញារង លោកក៏អញ្ជើញមកទីនេះដែរ ហើយសុំឱ្យមន្ទីរការងារ មេធាវីរដ្ឋាភិបាល និងព្ររាជអាជ្ញាដែលចូលរួមជួយក្នុងកិច្ចការងារនេះ បំពេញនីតិវិធីធ្វើយ៉ាងម៉េចដើម្បីលុបដីការក្សាការពាររបស់ក្រុមហ៊ុន ហើយដាក់តម្កល់ដីការក្សាការពាររបស់កម្មករ រួចហើយដាក់ចូលតាមនីតិវិធីតុលាការលក់ឡាយឡុងសម្ភាររបស់រោងចក្រ យកលុយទូទាត់ជូនបងប្អូនកម្មករ»។
មន្រ្តីផ្នែកច្បាប់ និងដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត មានប្រសាសន៍ថា រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស មានកម្មករសរុប ១២២៣នាក់ និងសំណងដែលថៅកែជំពាក់កម្មករសរុបជាង ១លាន ១៦ម៉ឺនដុល្លារ។
មន្ត្រីសហជីពរូបនេះលើកឡើងថា ការលក់ឡាយឡុងសម្ភាររបស់រោងចក្រ អាចដោះស្រាយសំណងជូនកម្មករបានគ្រប់ ប្រសិនបើការលក់នោះមានការដេញថ្លៃត្រឹមត្រូវ និងមានតម្លាភាព។
បើតាមលោក ស៊ាង យ៉ូត ដើម្បីដោះស្រាយបញ្ចប់វិវាទការងារជូនកម្មករឱ្យបានឆាប់ និងដើម្បីកុំឱ្យកម្មកររងទុក្ខលំបាកយូរ គឺលោកស្នើឱ្យរដ្ឋាភិបាលបញ្ចេញប្រាក់បុរេប្រទានដោះស្រាយជូនកម្មករមុនសិន ហើយរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៅកែតាមក្រោយ។
លោកបន្ថែមថា៖ «ដោយសារបងប្អូនកម្មករមួយចំនួនអត់បានការងារធ្វើ អត់មានលុយបង់ថ្លៃទឹកភ្លើង កម្មករមួយចំនួនត្រូវបានគេដេញចេញពីផ្ទះជួល។ អីចឹងរដ្ឋាភិបាលគួរតែបញ្ចេញប្រាក់របស់ខ្លួនដោះស្រាយជូនបងប្អូនកម្មករមុន ហើយដោះស្រាយជាមួយនិយោជកតាមក្រោយ»។
កម្មការិនីម្នាក់ អ្នកស្រី ហេង ស្រីម៉ៅ បម្រើការងារនៅរោងចក្រ ឌីកនើធី នីតធើរ ១៤ឆ្នាំ ប្រាប់វីអូឌីកន្លែងរារាំងថា អ្នកស្រីជួបបានបញ្ហាសេដ្ឋកិច្ច ដោយសារបាត់បង់ការងារ និងថៅកែមិនបានដោះស្រាយសំណងជូនកម្មករទាន់ពេលវេលា។
កម្មការិនីរូបនេះ លើកឡើងថា ម្ចាស់បន្ទប់ជួលបានព្រមានដេញអ្នកស្រីចេញពីបន្ទប់ជួលច្រើនដងហើយ ក្រោយពីអ្នកស្រីគ្មានលុយបង់ថ្លៃបន្ទប់។ អ្នកស្រីបានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ និងប្រមុខរដ្ឋាភិបាលជួយដោះស្រាយវិវាទការងារនៅរោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និងរោងចក្រ អ៊ីខូបេស ឱ្យបានឆាប់ ដើម្បីកុំឱ្យពួកគាត់បន្តជួបការលំបាក។
អ្នកស្រីបន្ថែមថា៖ «ខាងម្ចាស់បន្ទប់ជួលគេថា ប្រសិនបើខ្ញុំនៅតែគ្មានលុយបង់ឱ្យគេទេ គេឱ្យខ្ញុំចេញពីផ្ទះគេ ព្រោះគេថា គេគ្មានសមត្ថភាពបង់ថ្លៃទឹកភ្លើងជំនួសខ្ញុំទេ»។
ក្រុមកម្មករព្រមានថា ប្រសិនបើអភិបាលខេត្តសន្យាហើយដោះស្រាយមិនបានទេ ពួកគាត់នឹងនាំគ្នាដើរហែក្បួនទៅរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងទៀត៕