ថៃ​អាច​ជា​ប្រទេស​អាស៊ាន​ដំបូង​គេ​មាន​ច្បាប់​សម្ព័ន្ធ​ភាព​ភេទ​ដូច​គ្នា​

ផលិតករភាពយន្ត និងជាតំណាងរាស្រ្តបក្សប្រឆាំង Future Forward Party ដែលឋិតក្នុងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBT ឈ្មោះ Thanwarin Sukhaphisit។ (រូបថត៖ AFP)

ថៃអាច​ក្លាយជាប្រទេសអាស៊ានដំបូងគេ និងជាប្រទេសទី២នៅអាស៊ីបន្ទាប់ពីតៃវ៉ាន់ ដែលអនុញ្ញាតឱ្យក្រុមមនុស្សស្រឡាញ់ភេ​ទដូចគ្នាមានដៃគូស្រ​បច្បាប់ ប​ន្ទា​ប់ពីគណៈ​រដ្ឋមន្រ្តីថៃបានអនុម័តសំណើច្បាប់ «សម្ព័ន្ធភាពដៃគូស៊ីវិល​» ​(​Civil Partnership) កាលពីសប្តាហ៍​មុន។

សំណើច្បាប់ថ្មីនេះនឹងដាក់ឱ្យពិភាក្សាជជែកដេញដោលនៅស​ភាក្នុងចំណោមតំណាងរាស្រ្តចម្រុះបក្សសម្ព័ន្ធនយោបាយ ដើ​ម្បី​អនុម័តចេញជាច្បាប់​​។

តាមប្រភពពីកាសែតក្នុងស្រុក Prachatai នៅថ្ងៃទី៩ ខែកក្កដា ឱ្យដឹងថា ប្រសិនច្បាប់នេះចេញ ជនជាតិថៃដែលស្រឡាញ់ភេទដូច​គ្នា អាចចុះឈ្មោះជាដៃគូនឹងគ្នា ដើម្បីមានសិទ្ធិសុំកូនអ្នកដទៃមកចិញ្ចឹម ទទួលមរតកពីដៃគូ និងកាន់កាប់ទ្រព្យសម្ប​ត្តិ​រួ​ម​គ្នាបា​ន​។

តាមប្រភពដដែល គណៈរដ្ឋមន្រ្តីក៏បានយល់ព្រមឱ្យធ្វើការកែច្បាប់ពាណិជ្ជកម្ម និងស៊ីវិល ដើម្បីហាមមិនឱ្យបុគ្គលម្នា​ក់រៀបកា​រ ឬយកដៃគូសម្ព័ន្ធជាមួយបុគ្គលម្នាក់ផ្សេងទៀតដែលមានប្តី ឬប្រពន្ធ ឬមានដៃគូសម្ព័ន្ធរួច។

យ៉ាងណាក្តី សំណើច្បាប់ទាំងពីរមិនបានផ្តល់សិទ្ធិឱ្យក្រុមមនុស្សស្រឡា​​​ញ់ភេទដូចគ្នា ឬហៅកាត់ LGBT អាចទទួលបា​ន​ប្រយោជន៍ហិរញ្ញវត្ថុ ដូ​ច​ជាលក្ខន្តិកៈដែលមានចែងក្នុងមាត្រាច្បាប់ស្តីពីសម្ព័ន្ធភាពប្តីប្រ​ពន្ធនោះ​ទេ។

ភាពខុសគ្នានេះកំពុងបង្កឱ្យមានយុទ្ធនាការតវ៉ាលើបណ្តាញសង្គមពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាមួយការភ្ជាប់សារ «#វិសមភាពអាពាហ៍ពិពាហ៍» និង «#និយាយថាទេចំពោះច្បាប់សម្ព័ន្ធភាពជាដៃគូស៊ីវិល»ដោយពួកគេចាត់ទុកថា សំណើច្បាប់របស់ក្រសួងយុ​ត្តិ​ធម៌ថៃនេះបង្កើតបញ្ហាធ្ងន់ធ្ងរ។

សកម្មជនអ្នកស្រឡាញ់ភេទដូចគ្នាជនជាតិថៃម្នាក់ បានរិះគន់លើ Facebook និង Twitter ថា ការបង្កើតច្បាប់សម្ព័ន្ធភាពជាដៃ​​​គូស៊ីវិល ផ្តល់សិទ្ធិដ​ល់ដៃ​គូស្រឡាញ់ភេទដូចគ្នា​តែលើការទទួលមរតក និងការកាន់ទ្រព្យសម្បត្តិរួមគ្នា ប៉ុន្តែមិនបានផ្តល់សិ​ទ្ធិ កាតព្វកិច្ច និងការការពារដូ​ចប្តីប្រពន្ធទូទៅនោះទេ។

តាមសារលើគណនី Facebook ឈ្មោះ Anna Lawattanatrakul បង្ហោះនៅថ្ងៃទី១០ ខែកក្កដា សកម្មជនរូបនោះសរសេរថា ច្បាប់នេះមិនបានចែងថា តើអ្នកស្រលាញ់ភេទដូចគ្នាអាចសម្រេចរៀបចំបុណ្យសព ឬការវះកាត់ជំនួសដៃគូ ឬមានសិទ្ធិទទួលបា​នប្រយោជន៍របបសន្តិសុខសង្គម ការធានារ៉ាប់រង អាចយកដៃគូជាជនបរទេស ឬប្រើនាមត្រកូលដៃគូបាន ឬយ៉ាងណានោះ​ទេ។

ប្រភពដដែលបន្ថែមថា រដ្ឋាភិបាលមិនគួរបង្កើតច្បាប់ថ្មីបន្ថែមពីលើច្បាប់សម្ព័ន្ធភាពប្តីប្រពន្ធនោះទេ ប៉ុន្តែ គួរកែសម្រួលមាត្រាច្បា​ប់អាពាហ៍ពិពាហ៍ដែលមានស្រាប់ត្រង់ចំ​ណុ​​ចមួយចំនួន ដូចដែលបក្សប្រឆាំងស្នើ ដោយគ្រាន់តែប្តូរពាក្យសម្ព័ន្ធភាពរវាងប្រុ​សនិងស្រី មកជារវាងមនុស្សពីរនាក់។

សកម្មជនរូបនេះបាន​លើកឡើងទៀតថា ធ្វើដូច្នេះ ពលរដ្ឋថៃពេញវ័យ(១៧-១៨ឆ្នាំ)គ្រប់រូប នឹងអាចស្វែងរកដៃគូចងសម្ព័ន្ធ ឬរៀបអា​ពា​ហ៍ពិពាហ៍ ដោយទទួលបានផលប្រយោជន៍ពីសិទ្ធិ កាតព្វកិច្ច និងការការពារក្នុងច្បាប់ ដោយមិនប្រកាន់ភេទ ឬយេនឌ័រខុ​សគ្នា។

សមាជិកសភា​មក​ពី​បក្ស​ប្រឆាំង និង​ដែល​ឋិត​ក្នុង​ក្រុម LGBT ឈ្មោះ Tanwarin Sukkhapisit លើកឡើង​ថា ច្បាប់​សម្ព័ន្ធភាព​ជា​ដៃគូ​ស៊ីវិល មិនបាន​បង្កើត​សមភាព​អាពាហ៍​ពិពាហ៍​ក្នុង​សង្គម​ថៃ​នោះ​ទេ ហើយក៏​មិន​ផ្តល់​ការ​ការពារ និង​សិទ្ធិ​ស្មើភាព​ដូច​ប្តី​ឬប្រពន្ធ​ដែរ។

តំណាងរាស្រ្តមកពីបក្ស Move Forward Party រូបនេះ បន្ថែមថា ផ្ទុយទៅវិញ វានឹងបង្កឱ្យមានការមាក់ងាយ និងរើសអើងកា​ន់​តែខ្លាំងទៅលើសហគមន៍ LGBT ក្នុងសង្គមថៃ ដែលលោកស្រីថា វាមិនចាំបាច់ឱ្យមានច្បាប់សម្ព័ន្ធភាពដៃគូស៊ីវិលដាច់ដោ​យឡែក។

ក្រុម LGBT មានរាប់បញ្ចូលក្រុមបុរសស្រឡាញ់បុរស ស្រ្តីស្រឡាញ់ស្រី្ត បុរសឬស្រ្តីស្រ​ឡាញ់បុរសផងស្រ្តីផង និងបុរសកែភេទស្រ្តី។ 

តាមការប៉ាន់ប្រមាណរបស់មជ្ឈមណ្ឌល LGBT នៅឆ្នាំ២០១៨ ថៃមានក្រុម LGBT ចំនួន ៤លាន ២សែននាក់ ឈរជាប្រទេសមានមនុស្សស្រឡាញ់ភេទដូចគ្នាច្រើនជាងគេបំផុតលំដាប់ទី៤នៅអាស៊ី។ តាមប្រភពដដែល ចិនឈរលំដាប់លេ​ខ១ ដោយមា​នអ្នកស្រឡាញ់ភេទដូចគ្នាចំនួន ៩០លាននាក់ តាមពីក្រោយដោយឥណ្ឌាមាន ៨៤លាននាក់ និងជប៉ុនមាន ៨លាន ២សែននាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ