អ្នកមានជម្លោះដីធ្លីចំនួន ៣០គ្រួសារមកពី២ស្រុកក្នុងខេត្តកំពង់ធំ ស្នើឱ្យរដ្ឋាភិបាលដកហូតដីទំហំជាង ៦០ហិកតាឱ្យពួកគាត់អាស្រ័យផលវិញ ដោយចោទថា អាជ្ញាធរស្រុកបានឃុបឃិតគ្នាជាមួយឈ្មួញយកដីពួកគាត់ ហើយថែមទាំងគំរាមមិនឱ្យធ្វើការតវ៉ាទៀត។
ប្រជាពលរដ្ឋ ៩នាក់ តំណាងឱ្យប្រជាពលរដ្ឋ ៣០គ្រួសារមកពីឃុំចំនួន៣ រួមមាន ឃុំរុងរឿង ឃុំព្រះដំរី ស្រុកស្ទោង និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃនេះ បាននាំគ្នាឡើងមករកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យដកហូតដីទំហំ ៦៨.៤១ហិកតា ដោយពួកគាត់អះអាងថា ត្រូវបានអភិបាលរងស្រុកកំពង់ស្វាយ លោក គី សាវុថា ក្រុមប្រឹក្សាឃុំដំរីស្លាប់ ភិន សំអុន និងឈ្មួញដីឈ្មោះ សៀន ឆេងកូ ឱ្យពួកគាត់វិញ។
ប្រជាពលរដ្ឋរស់នៅភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ លោក សយ សៀ ប្រាប់វីអូឌីនៅមុខក្រសួងដែនដីថា កាលពីខែឧសភា ឆ្នាំ២០១៩ អភិបាលរងស្រុកកំពង់ស្វាយ លោក គី សាវុថា ក្រុមប្រឹក្សាដំរីស្លាប់ ភិន សំអុន និងឈ្មួញដីឈ្មោះ សៀន ឆេងកូ បានបង្ខំឱ្យពួកគាត់ ៣០គ្រួសារលក់ដីស្រែ ក្នុង១ហិកតាបានប្រាក់ចន្លោះពី ៨០ម៉ឺន ទៅ ១លាន ២សែនរៀល ប៉ុន្តែពួកគាត់មិនព្រមលក់។
លោកបន្តថា អាជ្ញាធរឃុំស្រុក និងបុគ្គលឈ្មោះ ឆេងកូ គំរាមកំហែងអ្នកភូមិឱ្យលក់ដីជិត ៧០ហិកតា ប៉ុន្តែ ប្រសិនបើមិនព្រមលក់ទេ ពួកគាត់នឹងបាត់បង់ដីដោយមិនបានសំណងអ្វីទាំងអស់។
លោកថា៖ «គាត់ឱ្យខ្ញុំយកលុយ តែខ្ញុំមិនយក ព្រោះដីខ្ញុំអត់បានលក់អត់បានដូរ ហើយមេដៃខ្ញុំក៏អត់មានដែរ។ មូលហេតុអីបានគាត់ឱ្យខ្ញុំយកលុយពេលនោះ ខ្ញុំមិនយកទេ។ គាត់ថា បើមិនយកក៏អស់ បើយកគ្រាន់បើជាងមិនយក។ លើកទី២ ហៅទៀត គាត់និយាយអ៊ីចឹងទៀត ហើយគាត់ថា ម៉េចចង់ជាប់គុក ជាប់ច្រវ៉ាក់? ខ្ញុំពិបាកចិត្តដែរ ជ្រើសរើសផ្លូវដើរមិនឃើញ ក៏រត់គេចខ្លួន»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី យាង ហយ រស់នៅឃុំព្រះដំរី ស្រុកស្ទោង អះអាងថា កាលពីខែឧសភា ឆ្នាំ២០១៩ អភិបាលរងស្រុកកំពង់ស្វាយ ក្រុមប្រឹក្សាឃុំដំរីស្លាប់ និងឈ្មួញដី បានចុះវាស់វែងដី ៦៨.៤១ហិកតា និងឱ្យប្រជាពលដ្ឋប្រាប់ទំហំដីម្នាក់ម្ដងៗ ដោយអាជ្ញាធរប្រាប់ពួកគាត់ថា ដើម្បីងាយស្រួលដោះស្រាយ។
អ្នកស្រីបន្តថា នៅពេលបានឯកសារពីពួកគាត់អស់ អាជ្ញាធរបែរជាមិនដោះស្រាយ ហើយបង្ខំឱ្យពួកគាត់លក់ដីស្រែដែលកំពុងអាស្រ័យផលទៅវិញ។
អ្នកស្រីថា៖ «គេថាមានឯកសារត្រឹមត្រូវអស់ហើយ ឯងទៅប្ដឹងណាប្ដឹងទៅ ឱ្យខ្ញុំវាស់វែងដឹងព្រំប្រទល់ រួចដឹងព្រំប្រទល់ពីអតីត បច្ចុប្បន្ន គាត់យកទៅធ្វើប្លង់ ធ្វើបាបប្រជាជនណាស់។ ខ្ញុំយំអស់ទឹកភ្នែក ដីខ្ញុំធ្វើតាំងពីទឹកត្រីទុំកួយ បើខ្ញុំអស់ដី ខ្ញុំសុខចិត្តស្លាប់។ បើសម្ដេចមិនដោះស្រាយទេ ខ្ញុំសុខចិត្តស្លាប់ រស់នៅក៏អត់មានន័យអីដែរ បើប្រជាជនរស់នៅដើម្បីស្រែ ដីធ្លី ធ្វើស្រែចិញ្ចឹមកូន បើអត់ដីស្រែ រស់នៅដើម្បីអ្វី?»
អ្នកស្រី យាង ហយ អះអាងថា អាជ្ញាធរ និងឈ្មួញដី បានយកដី និងបានគំរាមកំហែងចាប់ពួកគាត់ដាក់គុក បើសិនជាពួកគាត់ហ៊ានចេញមុខតវ៉ាទាមទារដីយកមកវិញ។
អ្នកស្រីស្នើទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធឱ្យជួយអន្តរាគមន៍ដកហូតដីមកឱ្យពួកគាត់វិញ ដោយថា បច្ចុប្បន្ន ដីស្រែពួកគាត់ត្រូវបានគេយកអស់ ហើយជំពាក់បំណុលធនាគារទៀត។
អ្នកស្រីថា៖ «សម្ដេចក៏ដោយ ខាងណាក៏ដោយ ខ្ញុំអត់សូវចេះនិយាយ អត់សូវស្គាល់ សូមជួយខ្ញុំផង បើមិនបានដី ខ្ញុំស៊ូស្លាប់ ខ្ញុំអត់មានអីឱ្យហូប អ្នកក្រតាមជនបទរស់នៅដើម្បីស្រែ បើគ្មានស្រែហើយរស់នៅធ្វើអី?»
អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុន បុត្រ បានច្រានចោលការចោទប្រកាន់នេះ ដោយសារ អាជ្ញាធរស្រុកមិនដែលបានគំរាមកំហែង និងយកដីរបស់ប្រជាពលរដ្ឋនោះឡើយ។
លោកថា៖ «គាត់តវ៉ាមករដ្ឋបាលស្រុក បើសិនជាគាត់មានឯកសារណាមួយដែលអាជ្ញាធរមានអំណាចនៅទីនោះ អះអាងថាជាដីរបស់គាត់ អាហ្នឹងយើងដោះស្រាយជូនគាត់ ប៉ុន្តែ គាត់អត់មានឯកសារអីទាំងអស់ ហើយភាគីគេអ្នកទិញ គេសុទ្ធតែមានឯកសារ មេដៃប្រជាពលរដ្ឋផ្ដិតលក់ឱ្យគេ។ រឿងតែប៉ុណ្ណឹងទេ យើងរង់ចាំដោះស្រាយ គាត់អត់ប្ដឹងមកខេត្ត អត់ប្ដឹងមកស្រុក»។
អភិបាលខេត្តកំពង់ធំ លោក សុខ លូ មានប្រសាសន៍ថា លោកនឹងចាត់មន្ត្រីចុះទៅសិក្សាករណីនេះ ។
លោកថា៖ «អាហ្នឹងខ្ញុំបានដឹងរឿង ដើម្បីយកឯកសារហ្នឹងមកពិនិត្យ ដោះស្រាយ ចុះស្រាវជ្រាវ យ៉ាងម៉េច!»
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។
បើតាមពលរដ្ឋមកដាក់ញត្តិនៅក្រសួង លោក សយ សៀ អះអាងថា ពួកគាត់មានជម្លោះដីធ្លីជាមួយអភិបាលរងស្រុកកំពង់ស្វាយ លោក គី សាវុថា ក្រុមប្រឹក្សាដំរីស្លាប់ ភិន សំអុន និងឈ្មួញដីឈ្មោះ សៀន ឆេងកូ តាំងពីឆ្នាំ២០១៥មកម៉្លេះ។ លោកអះអាងថា អ្នកភូមិ ៣០គ្រួសារ បានអាស្រ័យផលលើដីទំហំ ៦៨.៤១ហិកតា ឆ្នាំ១៩៧៩ និងអ្នកខ្លះចូលអាស្រ័យផលនៅឆ្នាំ១៩៨៨ ដោយមានអាជ្ញាធរភូមិដឹងលឺ៕