លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមានចំណុចខ្លាំងមួយជាប្រទេសកសិកម្មដែលវិបត្តិសុខភាពសកលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្តល់ឧត្តមភាពមិនធ្វើឱ្យពលរដ្ឋស្លាប់ដោយអត់បាយនោះឡើយ ខណៈអ្នកវិនិយោគបារម្ភថា វិធានការអឺរ៉ុបកំពុងគំរាមកំហែងវិស័យឧស្សាហកម្មកាត់ដេរ។
លោក ហ៊ុន សែន ក្នុងពិធីសំណេះសំណាលមួយនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង នាថ្ងៃអង្គារនេះ បានថ្លែងថា កូវីដ១៩ វាបានបង្កផលប៉ះពាល់ដល់ប្រទេសមួយចំនួនដែលពឹងផ្អែកទាំងស្រុងទៅលើវិស័យទេសចរណ៍ និងឧស្សាហកម្ម។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែ កម្ពុជាមានចំណុចខ្លាំងមួយនៅត្រង់ថា យើងមិនត្រូវភ្លេចថា យើងជាប្រទេសកសិកម្ម វាមិនត្រឹមតែមិនប៉ះពាល់ទេ ប៉ុន្តែ វាបានផ្តល់ឧត្តមភាពត្រឡប់ទៅវិញនៅក្នុងវិស័យកសិកម្ម។ ដូច្នេះហើយបានរដ្ឋាភិបាលបានប្តូរទិសយ៉ាងឆាប់ទៅក្នុងការជំរុញវិស័យកសិកម្មឱ្យមានការលូតលាស់ឡើង»។
មេដឹកនាំរូបនេះ អះអាងទៀតថា កូវីដមិនអាចសម្លាប់ប្រជាជនកម្ពុជាតាមរយៈការធ្វើឱ្យដាច់ពោះស្លាប់នោះទេ ដោយថា ចរន្តសេដ្ឋកិច្ចរបស់កម្ពុជាមិនពឹងទាំងស្រុងទៅលើតែវិស័យសេវាកម្មទេសចរណ៍ ការដឹកជញ្ជូន និងវិស័យឧស្សាហកម្មនោះទេ។
បណ្ឌិតផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ និយាយថា កម្ពុជាពិតជាមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ព្រោះថា ទឹកដីកម្ពុជាអំណោយផលដល់ការដាំដុះ។
ប៉ុន្តែ អ្នកជំនាញកសិកម្មរូបនេះ អះអាងថា បច្ចុប្បន្ន ការផលិតក្នុងស្រុកបានតិច ការនាំចូលច្រើនពីប្រទេសជិតខាង ធ្វើឱ្យកម្ពុជាខាតបង់ថវិកាខ្ទង់១ពាន់លានដុល្លារក្នុងឆ្នាំ និងមិនអាចស្រូបយកកម្លាំងពលកម្មបាន ជំរុញឱ្យមានចំណាកស្រុកទៅក្រៅប្រទេស។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រាប់ថា៖ «មកដល់ពេលនេះ យើងឃើញគាត់និយាយច្រើនជាងធ្វើ។ ហេតុអ្វីបានខ្ញុំថាអ៊ីចឹង? ព្រោះនៅតាមភូមិឃុំស្រុកអី រកមន្ត្រីកសិកម្មចុះផ្ទាល់ជាមួយប្រជាជនសឹងតែអត់មានទេ។ គាត់ថា ខ្វះធនធាន ប្រាក់ខែអត់គ្រប់គ្រាន់ ខ្វះមធ្យោបាយធ្វើដំណើរ ការផ្តល់ទុនជាឥណទានដល់កសិករតូចតាច វាអត់ទាន់មានគោលការណ៍ច្បាស់លាស់»។
ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅ សង់ត្រាល់ លោក មឿន តុលា និយាយថា ការពង្រឹងវិស័យកសិកម្មជាសញ្ញាវិជ្ជមានមួយ ខណៈមានព័ត៌មានថា តម្រូវការក្នុងស្រុកភាគច្រើនលើសលុបបាននាំចូលពីក្រៅប្រទេស។
ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះ បង្ហាញការព្រួយបារម្ភថា បើរដ្ឋាភិបាលភ្លេចស្តារស្ថានភាពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ«អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA របស់សហភាពអឺរ៉ុប វានឹងធ្វើឱ្យកម្មកររាប់ម៉ឺននាក់ក្នុងវិស័យកាត់ដេរបាត់បង់ការងារកាន់តែច្រើន។
លោក មឿន តុលា ប្រាប់ថា៖ «កម្ពុជាគួរតែប្រឹងប្រែងរក្សា EBA នេះឱ្យបាន កុំឱ្យបាត់ ២០ភាគរយនេះទៀត ព្រោះយើងបានបាត់វិស័យកសិកម្ម ហើយកន្លងមកគេឱ្យយើងបង់ពន្ធនាំអង្ករចូល។ អ៊ីចឹង នៅសល់ផលិតផលកសិឧស្សាហកម្មអីផ្សេងៗ បើសិនយើងបាត់អាហ្នឹងទៀត យើងមានបញ្ហាទៀតហើយ»។
សេចក្ដីសម្រេចដកហូតចំណែក ២០ភាគរយនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលអឺរ៉ុបផ្ដល់មកកម្ពុជា នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១២ ខែសីហាខាងមុខនេះ។
សេចក្ដីសម្រេចនេះបានកើតឡើងក្រោយពីប្លុកលោកសេរីមួយនេះរកឃើញថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន មិនបានស្តារស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញតបតាមការទាមទាររបស់ខ្លួន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃទី៨ ខែកក្កដាសប្ដាហ៍មុននេះ បានស្នើទៅអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការពាក់ព័ន្ធ ឱ្យជួយគាំទ្រដល់ការអំពាវនាវរបស់ខ្លួនដែលទាមទារទៅគណៈកម្មការអឺរ៉ុបឱ្យពន្យារពេលដកហូតពីកម្ពុជានូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។
GMAC បញ្ជាក់ក្នុងលិខិតនោះថា ប្រសិនបើអឺរ៉ុបអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី១២ ខែសីហាខាងមុខ នឹងនាំឱ្យរោងចក្រជាច្រើនទៀតបិទទ្វារ ហើយកម្មករក្នុងចំនួនដ៏ច្រើននឹងបាត់បង់ការងារ ខណៈបច្ចុប្បន្ន GMAC ថា មានរោងចក្រប្រមាណ ៤០០រោងចក្រ បានព្យួរការងារ និងកម្មករជាង ១៥ម៉ឺននាក់ បានបាត់បង់ការងាររួចទៅហើយនោះ៕