រដ្ឋា​ភិបាល​​ប្រាប់​​មន្ត្រី​​ឱ្យ​​ដក​​បណ្ណ​​ក្រី​ក្រ​​វិញ​​ពី​​ពលរដ្ឋ​​មួយ​ចំនួន​​ដែល​​មាន​​ជីវ​ភាព​​ប្រសើរ​​ឡើង​​

អាជ្ញាធរខណ្ឌដង្កោ ពន្យល់ដល់ពលរដ្ឋក្នុងពិធីចែកប័ណ្ណបញ្ជាក់អត្តសញ្ញាណក្រីក្រ ឬប័ណ្ណសមធម៌ ជូនពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ស្ថិតក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

ក្រសួងផែនការ​បានសម្រេច​ឱ្យ​មន្ត្រី​របស់​ខ្លួន​ពិនិត្យ​ឡើងវិញ​ទៅលើ​ការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​ដល់​ពលរដ្ឋ​អំឡុង​ពេល​កូ​វីដ១៩ បន្ទាប់ពី​រក​ឃើញថា គ្រួសារ​មួយចំនួន​ដែល​មាន​បណ្ណ​សមធម៌​នោះ មាន​ជីវភាព​ធូរ​ធារ។

ក្រសួង​មួយ​នេះបានសម្រេច​បែបនេះ បន្ទាប់ពី​កម្មវិធី​ឧប​ត្ថ​ម្ភសាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ ឬងាយ​រងគ្រោះ​អំឡុង​កូ​វីដ១៩ ត្រូវ​បាន​អនុវត្ត​បាន​រយៈពេល ២សប្ដាហ៍​កន្លងមក​ហើយ​នោះ។

សេចក្ដីប្រកាស​ចុះ​ថ្ងៃទី១៣ ខែកក្កដា ក្រសួងផែនការ​និយាយ​ថា រយៈពេល ២សប្ដាហ៍​កន្លងមក​នេះ ក្រសួង​រក​ឃើញ​ភាព​មិន​ប្រក្រតី​នានា ដូចជា គ្រួសារ​មួយចំនួន​ដែល​កាន់​បណ្ណ​សមធម៌​បាន​ហួស​សុពលភាព ហើយ​គ្រួសារ​ក្រីក្រ​មួយចំនួននៅ​ពុំ​ទាន់​មាន​បណ្ណ​សមធម៌​នៅឡើយ។

ក្រសួង​និយាយ​ទៀត​ថា គ្រួសារ​មួយចំនួនបាន​ចាប់ផ្ដើម​បំបែក​សមាជិក ឬបង្កើត​គ្រួសារ​ថ្មី ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌ ខណៈ​គ្រួសារ​មួយចំនួន​ទៀតមាន​ជីវភាព​ធូរ​ធារហើយ ប៉ុន្តែបែរជា​មាន​បណ្ណ​សមធម៌​ទទួល​ប្រាក់​ឧប​ត្ថ​ម្ភពី​រដ្ឋាភិបាល​ទៀត។

ក្រសួងផែនការ​ប្រាប់​ឱ្យ​មន្ត្រី​ដែល​ចុះ​ដល់​មូលដ្ឋាន ត្រូវ​កំណត់​អត្តសញ្ញា​ណកម្ម​គ្រួសារ​ក្រីក្រ និង​ប្រាប់ពី​របៀប​ស្នើសុំ​បណ្ណ​សមធម៌​ទៅ​គ្រួសារ​ដែល​កាន់​បណ្ណ​អស់​សុពលភាព ដើម្បី​ទទួលបាន​ប្រាក់​ឧប​ត្ថ​ម្ភពី​រដ្ឋាភិបាល​អំឡុង​ពេល​កូ​វីដ១៩។

ក្រសួងផែនការ​ក៏​ប្រាប់​ទៅ​មន្ត្រី​របស់​ខ្លួន​ឱ្យ​ដក​បណ្ណ​សមធម៌ ឬបណ្ណ​ក្រីក្រ​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​មកវិញ ដោយ​ថា ដើម្បី​បង្ហាញ​ពី​តម្លាភាព និង​បញ្ចៀស​ការ​តវ៉ា​នានា​ពី​ប្រជាពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ។

វី​អូ​ឌី​បាន​ទូរសព្ទ និង​ផ្ញើ​សំណួរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ទៅ​អ្នកនាំពាក្យ​ទាំង៣រូប​របស់ក្រ​សួង​ផែនការ រួមមាន លោក ណុប កន​ណា​វុឌ្ឍ លោក ស្រី ដា និង​លោក ជ័យ ណាត ប៉ុន្តែ គ្មាន​អ្នកទទួល​នោះ​ឡើយ។ រដ្ឋមន្ត្រី​ក្រសួងផែនការ លោក ឆាយ ថន ក៏​មិនបាន​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន​នៅក្នុង​បណ្ដាញ​តេឡេក្រាម​នោះ​ឡើយ​គិត​មកដល់ពេលនេះ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គិម​អេង ចាត់ទុក​ករណីនេះ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ។ លោក​បន្ត​ថា បើសិន​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ទេ លោក​ថា ថវិ​កាដែ​លចំណាយ​ទៅ​មិនបាន​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ ហើយ រដ្ឋាភិបាល​ត្រូវ​ខាត​ធនធាន​បន្ថែម​ទៀត។

លោក យ៉ង់ គិម​អេង ប្រាប់​ថា៖ «ពង្រីក​ការ​តាមដាន និង​ត្រួតពិនិត្យ​ហ្នឹង គឺ​ទៅ​មើល​ដោយ​ផ្ទាល់​នៅ​ឃុំ​សង្កាត់ ហើយ​ឱ្យ​មាន​អ្នក​ឯករាជ្យ​ទៅ​ចូលរួម ហើយ​ឱ្យ​មានការ​តាមដាន​ពីសង្គម​ស៊ីវិល ហើយ​ឱ្យ​មាន​ប្រព័ន្ធ​រាយការណ៍ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​គាត់​រាយការណ៍​ជូន​បាន​ថា តើ​អ្នកណា​ខ្លះ​ដែលគេ​មើលឃើញ​អត់​ក្រីក្រ ដើម្បី​ឱ្យ​មាន​តម្លា​ភាព​ក្នុង​ការ​ផ្ដល់​បណ្ណ​សមធម៌​និង​ការ​ឧប​ត្ថ​ម្ភរ​បស់​រដ្ឋាភិបាល​ក្នុងអំឡុងពេល​កូ​វីដ១៩»។

កាលពី​ថ្ងៃទី៣០ ខែមិថុនា​កន្លងមក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​អាជ្ញាធរ​មូលដ្ឋាន ប្រសិនបើ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ដំណើរការ​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ទៅដល់​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​មូលដ្ឋាន។

កាលពី​ថ្ងៃទី២២ ខែមិថុនា​កន្លងមក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​ចំណាយ​ប្រាក់ ២៥លាន​ដុល្លារ​ក្នុង​មួយ​ខែៗ​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​ប្រមាណ ៦០ម៉ឺន​គ្រួសារ បណ្ដាលមកពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ពលរដ្ឋ​ក្រីក្រ ឬងាយ​រងគ្រោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ