សេចក្ដី​​ព្រាង​​ច្បាប់​​ស្ដី​​ពី​​សិទ្ធិ​​ទទួល​​បាន​​ព័ត៌មាន​​នៅ​​មិន​​ទាន់​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ទី​ស្ដី​ការ​​គណៈ​រដ្ឋ​​មន្ត្រី​​នៅ​​ឡើយ​

ក្រុមអ្នកឃ្លាំមើល​ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ រង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកព័ត៌មានទាក់ទងនឹងរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ (ទុយ អេងលី)

ពេល​វេលា​ជាក់​លាក់​នៃ​ការ​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​ទៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី នៅ​តែ​មិន​ទាន់​ត្រូវ​បាន​កំណត់​ជាក់​លាក់​នៅ​ឡើយ​ទេ បើទោះបី​ជា​មន្ត្រី​ក្រសួង​ព័ត៌មាន​អះ​អាង​កាល​ពី​ខែ​មុន​ថា នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ទៅ​​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ខែ​នេះ​ក្ដី។

អនុ​រដ្ឋលេខាធិការ​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ បាន​ថ្លែង​ប្រាប់​វីអូឌី​កាល​ពី​ចុង​ខែ​មិថុនា​កន្លងម​ក​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​ត្រូវ​បាន​​ផ្ដួច​ផ្ដើម​​ព្រាង​ឡើង​អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ​នោះ នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ពិនិត្យ​នៅ​ក្នុង​ខែ​កក្កដា​នេះ។

ប៉ុន្តែ លោក មាស សុភ័ណ្ឌ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះនៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ពិនិត្យ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពាក់​កណ្ដាល​ខែ​នេះ ដោយ​លោក​ថា ក្រសួងកំពុង​រៀបចំឯកសារពាក់​ព័ន្ធ​ឱ្យ​ស្របតាមការណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី​។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​ឯកសារ​ពាក់​ព័ន្ធ​ទាំង​នោះ​មាន​អ្វី​ខ្លះ អ្នក​នាំ​ពាក្យ​រូប​នេះ​ពុំ​បាន​បក​ស្រាយ​លម្អិត​នោះ​ឡើយ ហើយ​ប្រាប់​ថា ក្រសួង​ប្ដេជ្ញា​ជំរុញ​សេចក្ដី​ព្រាង​ច្បាប់​នេះឱ្យ​ចេញ​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក មាស សុភ័ណ្ឌ ប្រាប់ថា៖ «ជាការប្តេជ្ញាចិត្តរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល គឺយើងចង់ពន្លឿនឱ្យសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនៅក្នុងអំឡុងឆ្នាំនេះតែម្តង[ឆ្នាំ២០២០] យើងកំពុងរៀបចំ ហើយយើងនឹងបញ្ជូនទៅក្នុងកំឡុងពេលដ៏ឆាប់ខាងមុខនេះហើយ»

អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈរដ្ឋ​មន្ត្រី លោក ឯក ថា ប្រាប់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះនៅ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈរដ្ឋ​មន្ត្រី​នោះ​ឡើយ​។ នៅ​ពេល​ត្រូវ​បាន​សាក​សួរ​បន្ថែម​អំពី​នីតិវិធី និង​ឯកសារ​ពាក់​ព័ន្ធ​ដែល​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​តម្រូវ​ទៅ​ក្រសួង​ព័ត៌មាន​ឱ្យ​បំពេញ​បន្ថែម​នោះ លោក ឯក ថា បដិសេធ​បក​ស្រាយ​ ហើយ​បាន​ប្រាប់​ឱ្យ​សាក​សួរ​ទៅ​ខាង​ក្រសួង​ព័ត៌មាន​វិញ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​(ខេមបូចា) លោក ណុប វី បាន​លើក​ឡើង​ថា ក្រសួងព័ត៌មានគួរតែពន្លឿនការ​បញ្ជូនសេចក្តីព្រាងច្បាប់នេះ​ទៅទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅរដ្ឋសភាអនុម័តច្បាប់នេះ ដោយ​លោក​ថា ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកសារព័ត៌មាន រួមទាំងប្រជាពលរដ្ឋផងដែរ។

លោក ណុប វី និយាយថា៖ «យើងមានសិទ្ធិទទួលបានព័ត៌មាន ក៏ប៉ុន្តែ នៅពេលដែលអត់មានច្បាប់ គឺសិទ្ធិរបស់យើងមិនត្រូវបានគោរព ឬក៏មិនត្រូវបានអនុវត្តឱ្យមានប្រសិទ្ធភាព។ នេះជាបញ្ហាមួយដែលកំពុងកើតមានឡើងមិនត្រឹមតែអ្នកសារព័ត៌មានទេ ក៏ប៉ុន្តែ ទៅលើប្រជាពលរដ្ឋទូទៅដែរ»

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ មាន ១០ជំពូក ៣៦មាត្រា ហើយ​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះបាន​ធ្វើឡើង​តាំងពី​ឆ្នាំ២០០៤ ពោល​គឺ​ជាង ១០ឆ្នាំ​មក​ហើយ។

ក្នុងជំនួបលើកទី៣​ជាមួយអ្នកសារព័ត៌មាន​កាលពីដើម​ឆ្នាំ​២០១៩​កន្លង​មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​គាំទ្រ និងធានាឱ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងនីតិកាលទី៦នេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ