អាល្លឺម៉ង់​​ផ្ដល់​​ថវិកា​​ជាង​១​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​ដើម្បី​​ជួយ​​កម្មវិធី​​ផ្ទេរ​​ប្រាក់​​ទៅ​​ជន​​ក្រី​ក្រ​​

ពលរដ្ឋមកពីសង្កាត់៣ក្នុងខណ្ឌដង្កោ ចូលរួមក្នុងពិធីចែកបណ្ណបញ្ជាក់អត្តសញ្ញាណក្រីក្រ ឬប័ណ្ណសមធម៌ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

រដ្ឋាភិបាល​អាល្លឺម៉ង់ ប្រកាស​ផ្តល់​ថវិកា​ចំនួន១លាន​អឺ​រ៉ូ​ (ប្រមាណ​ជាង១លាន​ដុល្លារ​) ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​ដល់​កម្មវិធី​ផ្ទេរ​ប្រាក់​សម្រាប់​ជន​ក្រីក្រ។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៤ ខែកក្កដា ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ឱ្យ​ដឹង​ថា ​ទឹកប្រាក់​ជាង១លាន​ដុល្លារ​នេះ គឺ​យក​មក​គាំទ្រ​ដល់​បច្ចេកទេស​នៃ​កម្មវិធី​ផ្ដល់​ប្រាក់​ដល់​ជន​ក្រីក្រ​នៅ​កម្ពុជា។ 

ក្នុង​សេចក្តី​ប្រកាស​នោះ​សរសេរ​ថា៖ «ប្រទេស​អាល្លឺម៉ង់ និង​ប្រទេស​អូស្រ្តាលី បាន​ធ្វើការ​ជាមួយ​ក្រសួងផែនការ​តាមរយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិ​ការ​អា​លឺ្ល​ម៉ង់ GIZ ក្នុងរយៈពេល​ជាង១០ឆ្នាំ ​ក្នុង​ការបង្កើត និង​ថែរក្សា​ប្រព័ន្ធ​សំរាប់​អត្តសញ្ញាណ​កម្ម​ប្រជាជន​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ។ ប្រព័ន្ធ​ទិន្នន័យ​អត្ដ​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​ទៀងទាត់។ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការគ្រប់គ្រង​ផ្ទេរ​សាច់ប្រាក់​សម្រាប់​ប្រជាជន​ក្រីក្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​ថ្មី​ៗនេះ»។ 

ឯកអគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ លោក Christian Berger បាន​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា ការ​គាំទ្រ​ដល់​ជន​ក្រីក្រ​គឺជា​ចំណាត់ការ​ដ៏​ត្រឹមត្រូវ​ដើម្បី​គាំពារ​ផល​ប៉ះពាល់​សេដ្ឋកិច្ច ហើយ​ប្រទេស​អាល្លឺ​ម៉ង់​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​ក្នុង​កិច្ចការ​នេះ។ 

គិត​មកដល់ពេលនេះ រដ្ឋាភិបាល​អាល្លឺម៉ង់ និង​អូ​ស្រា្តលី គាំទ្រ​លើ​កម្មវិធី​អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ID Poor​) មក​លើ​កម្ពុជា​ មាន​ទឹកប្រាក់​ចំនួន​សរុប​ប្រមាណ១៨លាន​ដុល្លារ​អាមេរិក។ 

បើ​តាម​ស្ថានទូត​អាល្លឺម៉ង់​នៅ​កម្ពុជា បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ចំនួន៥៦ម៉ឺន​គ្រួសារ ដែល​ស្មើនឹង​មនុស្ស​ជាង២,៣លាន​នាក់ មាន​សិទ្ធិ​ទទួល​បាន​សាច់ប្រាក់​សម្រាប់​ជន​ក្រីក្រ​នេះ។

កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល​បាន​ប្រកាស​ផ្ដល់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​ចំនួន​ប្រមាណ៦០ម៉ឺន​គ្រួសារ ក្នុងរង្វង់​ទឹកប្រាក់​ចំនួន២៥លាន​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ