បទ​​យក​ការណ៍​៖​ ការ​​បន្ត​​លួច​​កាប់​​ដើម​​ជ័រ​​ច្បោះ​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ដល់​​ជីវភាព​​ប្រជា​​សហ​គមន៍​​ព្រៃ​​ព្រះ​​រកា​រ​

លោក ស៊ុំ ស៊ូ ជាជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងតែបំពេញការងារប្រចាំថ្ងៃក្នុងព្រៃព្រះរការ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ទុយ អេងលី)

ក្នុង​សម្លៀកបំពាក់​ដែ​លប្រ​ឡាក់​ដោយ​ជ័រ​ច្បោះ ពាក់អាវ​យឺត​ពណ៌​ទឹកសមុទ្រ​ស្រាល​បន្តិច​ពីលើ​អាវដៃវែង​ពណ៌ក្រហម ស្លៀ​កខោ​ពណ៌ខ្មៅ ដោយមាន​ចង​កូន​ពូថៅ​តូច​មួយ​នៅ​ចង្កេះ លោក ស៊ុំ ស៊ូ កំពុង​ដើរ​បណ្តើរ​រែក​កាន​ជ័រទឹក​នៅ​ស្មា​ខាងឆ្វេង​បណ្តើរ ដោយដៃ​ខាងស្តាំ​មាន​កាន​សម្រាប់​ដួស​ជ័រទឹក និង​កាន់​ឧបករណ៍​ឈើ​រាង​ទ្រវែង​សម្រាប់​ដុត​យក​ជ័រទឹក។ 

លោក​បាន​ត្អូញត្អែរ​ដោយសារ​ការបាត់បង់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បន្ទាប់ពី​ដើម​ជ័រ​ច្បោះ​ដែល​ជាមុ​ខរ​បរ និង​ជា​ប្រភព​ចំណូល​ពី​ដូនតា​របស់​លោក ​ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​កាប់​បន្តិច​ម្ដងៗ។ 

ប្រជាជន​ជនជាតិ​ដើម​ភាគតិច​កួយ​ដែល​រស់នៅ​អាស្រ័យផល​ពី​ព្រៃ​ព្រះ​រកា​រ ឃុំ​មេរុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលរង​ផល​ប៉ះពាល់​ជីវភាព​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​ការ​លួច​កាប់​បំផ្លាញ​ដើម​ជ័រ​ច្បោះ​ឥតស្រាក​ស្រាន្ត​ពីសំណាក់​ឈ្មួញ​ទុច្ចរិត។

ដើមជ័រច្បោះរបស់លោក ស៊ុំ ស៊ូ ដែលនៅសេសសល់នៅក្នុងដែនអភិរក្ស និងជាដែនជម្រកសត្វព្រៃព្រះរការ។ (គៀត សុរិទ្ធធាវី)

មុខរបរ​ដង​ជ័រ​ច្បោះ​ដែល​ដូនតា​របស់​ពួក​គាត់​បាន​បន្សល់ទុក​ឱ្យ គឺជា​ប្រភព​ប្រាក់ចំណូល​ជាចម្បង​ក្នុងការ​ផ្គត់ផ្គង់​គ្រួសារ។

ទោះបីជា​ព្រៃ​ព្រះ​រកា​របា​នចាត់​ចូល​ជា​ដែន​អភិរក្ស និង​ជា​ដែនជម្រកសត្វព្រៃ​ហើយ​យ៉ាងណាក៏ដោយ ក៏​ព្រៃ​នេះ​នៅតែ​ប្រឈម​នឹង​ការ​វិនាសហិនហោច ដោយសារ​ការ​លួច​កាប់​បំផ្លាញ​ខុសច្បាប់​ពីសំណាក់​ឈ្មួញ​មួយចំនួន​ដដែល។

ដើមឈើ​ដែល​អាចយ​កជ័រ​បាន​មានតែ​ពីរ​ប្រភេទ​គឺ ដើមឈើ​ទាល និង​ឈើ​ត្រាច។ អ្នក​ដង​ជ័រ​ត្រូវ​ចំណាយពេល​ចុះ​ព្រៃ​ពី ២ ទៅ ៣ថ្ងៃ​ ដើម្បី​ចេញទៅ​ដង​ជ័រ​ច្បោះ​ម្ដង​ៗ។

លោក ស៊ុំ ស៊ូ អាយុ ៣២ឆ្នាំ មានកូន ៣នាក់​ក្នុង​បន្ទុក ក្នុង​នោះ ២នាក់​រៀន​ថ្នាក់​បឋម និងម្នាក់ទៀតនៅ​ថ្នាក់​មត្តេយ្យ។ លោក​ជា​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដែល​ប្រកបរបរ​រស់នៅ​ដោយ​ការ​ដង​យក​ជ័រ​ច្បោះ និង​ធ្វើស្រែ។ 

នៅក្នុង​អំឡុង​ឆ្នាំ២០០៥ គ្រួសារ​គាត់​មាន​ដើម​ជ័រ​ច្បោះ​ប្រហែលជា ៦០០ដើម ប៉ុន្តែ​មកដល់​ឆ្នាំ២០២០នេះ នៅសល់​ប្រហែលជា ២០០ដើម​តែប៉ុណ្ណោះ។ លោក​ថា ​ដើម​ជ័រ​ច្បោះ​របស់​លោក​ត្រូវ​បាន​គេ​លួច​កាប់​ស្ទើ​ររាល់ថ្ងៃ ដោយ​ដើម​ទាំងនោះ​ភាគច្រើន​មានមុខ​កាត់​ចាប់ពី ៧០ស.ម ទៅ ១០០ស.ម។ លោក​ប្រាប់​ថា ​លោក​ធ្លាប់​ជួប​អ្នក​កាប់​ដើម​ច្បោះ​លោក​ចុងក្រោយ​នៅ​អំឡុង​​ខែមេសា ឆ្នាំ២០២០ ខណៈ​ពេលនោះ​លោក​មិន​ហ៊ាន​ឃាត់​អ្នក​កាប់​នោះ​ឡើយ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន។

លោក ស៊ុំ ស៊ូ បាន​និយាយ​ថា៖ «មែនទែន! ​អ្នក​ខ្មែរ​ហ្នឹង​កាប់​…នែ៎! អ្នក​ខាង​កំពត។ ទាន់​ពេល​ខ្លះ​ៗ ប្រាប់​គេ​ថា អឺ​អ្នក​អើយ បង ឬក៏​ពូឯង​កុំ​កាប់​ដើម​ច្បោះ​ខ្ញុំ​មើល៎ បើ​កាប់​ ខ្ញុំ​បាន​អី​ដង។ […] គាត់​ថា​អឺយ ខ្ញុំ​កាប់​តែ​អា​ដើម​ណា​វា​អត់​ចេញ​ទឹក​ទេ​!» 

គោយន្តរបស់លោក ស៊ុំ ស៊ូ និងប្អូនប្រុសជីដូនមួយរបស់គាត់ ពេលចូលព្រៃព្រះរការដងយកជ័រច្បោះនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (អាន ខេម៉ា)

លោក​បាន​ប្រាប់ឱ្យដឹង​ទៀត​ថា​ ពេលខ្លះ​ជនល្មើស​កាប់​ដើម​ជ័រ​ច្បោះបាន​និយាយ​ថា ​នឹង​ផ្តល់​ប្រាក់​មួយចំនួន​ឱ្យលោក​ ដោយ​ចាប់ពី​តម្លៃ ៥ម៉ឺន ទៅ ៦ម៉ឺន​រៀល​ក្នុង​មួយ​ដើម តែ​ប្រសិនបើ​ដើម​ធំ​អាច​បាន​មួយ​ដើម ១០ម៉ឺន​រៀល ប៉ុន្តែ​ ពេលខ្លះ​លោក​មិនបាន​សូម្បីតែ​មួយ​រៀល​។

សព្វថ្ងៃ ​គ្រួសារ​លោក ស៊ុំ ស៊ូ កំពុង​ប្រឈម​នឹង​បញ្ហា​ប្រាក់ចំណូល​ ដោយសារតែ​ដើម​ជ័រ​ច្បោះ​របស់​លោក​ត្រូវ​បាន​បាត់បង់​កាន់តែ​ច្រើន​ទៅ ធ្វើឱ្យ​ការ​ប្រមូល​ជ័រ​ច្បោះ​ក៏​ធ្លាក់ចុះ​ទៅតាម​នោះ​ដែរ។ គាត់​បាន​ប្រាប់​ថា កាលពី ២ ទៅ ៣ឆ្នាំមុន​ គាត់​អាច​ដង​ជ័រ​ច្បោះ​ពី ៥ ទៅ ៦កានក្នុង​មួយ​លើ​កៗ ដោយ​អាច​លក់​បាន​ក្នុង​មួយ​កាន​ពី ៧ម៉ឺន​រៀល ទៅ ៨ម៉ឺន​រៀល។

លោក​បានឱ្យ​ដឹង​ទៀត​ថា ​ប្រាក់​ដែល​រកបាន​ពី​ការ​លក់​ជ័រ​ច្បោះ គាត់​ត្រូវ​ចែក​ទៅ​ឱ្យគ្រួសារ​បងប្រុស​គាត់​ដែល​មាន​ចំណែក​ដើម​ច្បោះ​ពាក់កណ្ដាល​ផង​ដែរ តែ​នៅពេល​នេះ​ លោក​មិន​អាច​ទទួល​បាន​ដូចមុន​នោះ​ទេ។ 

លោក ស៊ុំ ស៊ូ បាន​បន្ថែម​ទៀត​ថា៖ «មិនដឹង​វា​មក​ពី​អី​ទេ បើ​ជ័រ​លែង​សូវ​ចេញ​ដែរ បើ​គេ​កាប់​ដើមឈើ ដើម​ច្បោះ​អី​ទៀត​ណា ក៏​មិនកើត​ដែរ វា​អន់​តាម​នោះ គិតជា​កាន​ដង​បាន ៤កាន បើ​ថា​ខែភ្លៀង​ ចេះ​បានតែ ២កាន ៣កាន អស់ហើយ ៣កាន»។

លោក​បាន​លើកឡើង​ថា ​ការ​ថយ​ចុះ​នៃ​ចំណូល​ពី​ច្បោះ​ ​បាន​ធ្វើ​ឱ្យ​គ្រួ​សា​របស់​គាត់​គ្មាន​លទ្ធភាព​ទិញ​ម្ហូប​គ្រប់គ្រាន់​សម្រាប់​បរិភោគ ជាពិសេស​ពេល​ដែល​សមាជិក​ក្នុង​គ្រួសារ​ឈឺ​ម្ដង​ៗ តម្រូវឱ្យគាត់​ទៅ​ខ្ចី​លុយ​គេ​ដើម្បី​ព្យាបាល​ជំងឺ​សមាជិក​ក្នុង​គ្រួសារ​ទៀតផង។ 

លោក ស៊ុត សា​វន អាយុ ៣៥ឆ្នាំ សព្វថ្ងៃ​ជា​យុវជន​ស្ម័គ្រចិត្ត​បណ្តាញ​សហគមន៍​ព្រៃ​ព្រះ​រកា​រ លោក​បាន​បោះបង់​ការសិក្សា​នៅ​ថ្នាក់​ទី៩ ក្នុង​ឆ្នាំ២០០៧ ដើម្បី​ប្រកបរបរ​ដង​ជ័រ​ច្បោះ​ដែល​មាន​ជាង ៤០០ដើម សល់​ពី​ដូន​តា​របស់​លោក​មក។

ទោះជាយ៉ាងណា ​មុខរបរ​របស់​លោក​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ក្នុង​ឆ្នាំ២០១៦ នៅពេល​ដែល​ដើម​ជ័រ​ច្បោះ​ចុងក្រោយ​របស់​លោក​ត្រូវ​បាន​គេ​កាប់​យក​ទៅ​លក់។

បច្ចុប្បន្ន​ លោក​មានកូន​ពីរ​នាក់​ក្នុង​បន្ទុក​ ដោយ​កូនច្បង​អាយុ ៨ឆ្នាំ កំពុងតែ​រៀន​នៅ​ថ្នាក់​ទី២ ឯកូន​ប្អូន​អាយុ​ទើបតែ ៥ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​គឺជា​ស្រ្តី​មេផ្ទះ។ 

លោក ស៊ុត សា​វន បាន​លើកឡើង​ថា៖ «មុនដំបូង​ហ្នឹង ខ្ញុំ​អាច​រកបាន។ ដោយសារ​ជីវភាព​ខ្ញុំ​ខ្វះខាត​ដែរហ្នឹងណា អាច​រកបាន និង​អាច​ដោះស្រាយ​បាន​តិច​ៗ កាល​ហ្នុង​។ កាលពី​ខ្ញុំ​ដង​ឆ្នាំ២០០៧ហ្នឹង បាន១០កាន​ជាង ១២កាន កាល​ហ្នុង​បាន ៤ម៉ឺន ៥ម៉ឺន​ទេ ក្រោយមក​បាន​ឡើង​ទៀត។ [..] ឥលូវ ​ខ្ញុំ​ធ្វើស្រែ​តិចតួច ធ្វើការងារ​សំណង់ ធ្វើ​តែពីសតែពាសហ្នឹង​! គេ​ជួល​ធ្វើ​អី​ក៏​ទៅ​ដែរ​ សំណង់​អី​! ការងារ​សហគមន៍​ហ្នឹង! ខ្ញុំ​ធ្វើការ​សំណង់​តាម​ផ្ទះ​បាន​មួយថ្ងៃ ៣ម៉ឺន​រៀល។ ជួនកាល​គេ​ឱ្យ​ធ្វើ​ផ្ទះ តយ៉ាប តអី​ឱ្យគេ ជួន​កាល​ធ្វើការ​សំណង់​អី​ទៅ​!»។ 

លោក​បាន​បន្ទោស​ការបាត់បង់​ដើម​ជ័រ​ច្បោះ​របស់​លោក និង​ប្រជា​សហគមន៍​ផ្សេងទៀត​ទៅ​នឹង​ការទទួលខុសត្រូវ​របស់​អាជ្ញាធរ។ 

លោក ស៊ុត សា​វន បាន​និយាយ​ថា៖ «បើ​តាមយើង​វិភាគ​មើលទៅ គឺ​មាន​អ្នក​ផ្តល់​អញ្ចឹង ឱ្យរកស៊ី​អញ្ចឹង ​តែ​យើង​អត់មាន​ភស្តុតាង​ទេ យើង​ដឹង​តម្រុ​ញ គឺ​អា​ជ្ញាធរ​បើកដៃ​ឱ្យ តាមដែល​ខ្ញុំ​ដឹង​ គាត់​រកស៊ី​កាប់ កាប់​ហើយ​លក់​ចេញ អញ្ចឹងទៅ។ ទិញរាយ​ប៉ាយ ទី​នេះ​តិច ទីនោះតិច ឡាន​ធំ​អី ឡាន​តូច​អី​ គេ​មក​យក​ម្តង​តិច​ៗ។»

កាលពី​ឆ្នាំ២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ព្រៃ​ព្រះ​រកា​រជា​ដែនជម្រកសត្វព្រៃ​ដែល​មាន​ទំហំផ្ទៃ​ដី ៩០,៣៦១ហិ​កតា ដើម្បី​ធានា​ឱ្យមានការ​ថែទាំ​ទីជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន និង​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការពារ និង​អភិរក្ស​ជីវៈ​ចម្រុះ​ និង​ធនធាន​ជាតិ​ក្នុង​តំបន់។

កញ្ញា ងួន យ៉ែម​វតី ជា​យុវតី​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយនឹង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​អស់​រយៈពេល​ប្រមាណ​ជាង​មួយឆ្នាំ​មក​ហើយ​នោះ ថា​ការ​កាប់​ទន្រ្ទាន​ព្រៃ ការ​កាប់​ដើម​ជ័រ​ច្បោះ​របស់​ប្រជាជន​ជនជាតិដើមភាគតិច​កួយ ក៏ដូចជា​បរបាញ់​សត្វព្រៃ​ខុសច្បាប់ គឺ​កើតមាន​ជាច្រើន​ករណី ហើយ​នៅតែ​បន្ត​កើនឡើង​ជា​ញឹកញាប់ ទោះបីជា​ព្រៃ​ព្រះ​រកា​រត្រូវ​បាន​ដាក់​ចូល​ជា​ដែនជម្រកសត្វព្រៃ​តាមផ្លូវ​ច្បាប់​ហើយ​យ៉ាងណា​ក្តី។

កញ្ញា​រៀបរាប់​បន្ថែម​ថា ក្នុង​ពេល​ចុះ​ល្បាត​ព្រៃ​អំឡុង​​ខែមេសា​កន្លងទៅ ក្រុម​គាត់​បាន​ចូលព្រៃ ទៅ​បេះ​ផ្លែ​គុយ​ជាមួយ​អ្នកភូមិ​មួយ​យប់​ពីរ​ថ្ងៃ បាន​ជួបប្រទះ​ឃើញ​មានការ​កាប់​ឈើ​រហូតដល់​ទៅ ៥០ករណី ចំណែក​នៅ​ខែមិថុនា គាត់​បាន​ចូលព្រៃ​ម្តង​ទៀត​ជាមួយ​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច​កួយ​ ដោយ​ការ​ទៅ​ដង​ជ័រ​ច្បោះ ​បាន​ជួប​ការ​កាប់​ឈើ ២៥ករណី​ថ្មីទៀត។ 

កញ្ញា ងួន យ៉ែម​វតី បាន​និយាយ​ថា៖ «មាន​បទល្មើស​ព្រៃឈើ មានការ​បរបាញ់​សត្វ ដូចជា​មានតែ​ពីរ​ហ្នឹងឯង​! ហើយ​ក្រៅពី​ហ្នឹង បទល្មើស​ព្រៃឈើ​ ជួន​យើង​ជួប​ការ​ដឹក​ជញ្ជូន​ផ្ទាល់ ហើយ​បង​អត់​ដែល​មានបទពិសោធន៍​ជួប​ពេល​ដែល​គាត់​អារ​ឈើ​ហ្មង​ទេ ប៉ុន្តែ​នៅពេល​ដែល​គាត់​ដឹក​ចេញ អា​ហ្នឹង​ធ្លាប់»។ 

កញ្ញា ងួន យ៉ែម​វតី បាន​រៀបរាប់​ប្រាប់ឱ្យដឹង​ទៀត​ថា បន្ទាប់ពី​ព្រៃ​ព្រះ​រការ​ត្រូវ​បាន​ដាក់​ទៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ សកម្មភាព​របស់​សកម្មជន និង​អ្នក​អភិរក្ស​មួយចំនួន​ត្រូវ​រង​នូវ​ការ​រឹតត្បិត។

កញ្ញា ងួន យ៉ែម​វតី បាន​និយាយ​ដោយ​ការ​ដក​ដង្ហើម​វែង​ៗថា៖ «កន្លងមក ​គេ​ចោទប្រកាន់​ពួក​យើង​ថា​ យុវជន ឬសកម្មជនហ្នឹងជា​ក្រុម​ឧទ្ទាម ក្រុម​អត់ច្បាប់​ធ្វើការ​ធ្វើ​អញ្ចឹង គេ​អត់​អនុញ្ញាត​ឱ្យ។ គេ​ឱ្យតែ​អង្គការ​ណា​ចុះបញ្ជី​ត្រឹមត្រូវ។ ប៉ុន្តែ​ ជាក់ស្តែង ​ពួក​ខ្ញុំ​ជា​យុវជន​ស្ម័គ្រចិត្ត រាង​ពិបាក។ អ្វី​ជា​ការ​ព្រួយបារម្ភ​ខ្លាំង គឺ​មិន​មានការ​សហ​ការពី​អាជ្ញាធរ និង​ក្រសួង បើកទូលាយ​ឱ្យ​យើង​ចូលរួម»។ 

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹ​ក សោភ័ណ បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បា​រម្ភ​ទាក់​ទង​នឹង​បញ្ហាការ​កាប់​បំផ្លាញ​ដើម​ជ័រ​ច្បោះ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ដែល​មាន​ក្នុង​ព្រៃ​ព្រះ​រកា​រ ដោយ​ថា ​ការ​កាប់​បំផ្លាញ​ដែល​បន្ត​កើនឡើង​ជាច្រើន​ឆ្នាំ​មកនេះ បាន​បង្ក​ឱ្យមានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជា​សហគមន៍​ដែល​អាស្រ័យផល​នៅក្នុង​តំបន់​នោះ ហើយ​អ្នកខ្លះ​ទៀត​ត្រូវ​ទទួលរង​នូវ​ការ​គំរាម​គំ​ហែង​ពី​ជនល្មើស​ដែល​បាន​កាប់​បំផ្លាញ​ដើម​ជ័រ​ច្បោះ​របស់​ពួក​គាត់​ទៀតផង។

លោក ប៉ឹ​ក សោភ័ណ បាន​រៀបរាប់​ថា៖ «ការបាត់បង់​ដើម​ច្បោះ​របស់​គាត់​ ឃើញថា គេ​កាប់​យ៉ាង​គំហុក​នៅ​ឆ្នាំ២០១៤ និង២០១៥នេះឯង ឃើញថា ​ខ្លាំង​មែនទែន! ដែល​ធ្វើឱ្យ​ពួក​គាត់​បង្ខំចិត្ត ដោយ​អ្នកខ្លះ​លក់​ដើម​ច្បោះ​ទៅទាំង​ភ័យខ្លាច ទាំង​ការបាត់បង់​ទៅ​ទទេ​រៗ​ទៅ​ណា៎! ទោះ​ដើម​ច្បោះ​ខ្លះ​លក់​បាន​មួយ​ម៉ឺន​ក៏​យក ពីរ​ម៉ឺនក៏​ចេះ​តែយ​កណា! ដោយសារ​ឈ្មួញ​ហ្នឹង​មាន​អ្នកមាន​អំណាច​នៅ​ពីក្រោយ​ហ្នឹង គេ​ទៅ​គំរាម​គំ​ហែង​គា​ត់ចឹង​ទៅណា បើសិនជា​ដើម​ច្បោះ​ហ្នឹងលក់​ក្តី​មិន​លក់​ក្តី ក៏​វា​ត្រូវ​គេ​កាប់​ ចឹង​អ្នកខ្លះ​ខ្លាច​បាត់បង់​ទៅ​ទទេ​រៗ ក៏​បង្ខំចិត្ត​លក់​ទៅ អាហ្នឹង​ក្នុង​កំឡុង​ឆ្នាំ២០១៤ និង២០១៥ហ្នឹង​រហូត​មក»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ អំពាវនាវ​សូមឱ្យមានការ​យកចិត្ត​ទុក និង​មានការ​អន្តរាគមន៍​ពីសំណាក់​រាជរដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​ដោះស្រាយ និង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា​រ ក៏ដូចជា​ជួយ​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ និង​ផ្តល់​សិទ្ធិសេរីភាព​ដល់​បងប្អូន​ជនជាតិដើមភាគតិច​កួយ ​ក្នុង​ការ​អាស្រ័យផលតាម​បែប​ប្រពៃណី​របស់​ពួក​គាត់​ដូច​ពេល​មុន​ៗ។ 

លោក ប៉ឹ​ក សោភ័ណ បាន​បន្ថែម​ទៀត​ថា៖ «អត់​យូរ​ទេ​បាទ​! ខ្ញុំ​ឆ្លើយ​ឱ្យខ្លី​…ខ្ញុំថា​អត់​យូរ​ទេ។ ព្រៃ​ព្រះ​រកា​រនេះ​នឹង​បាត់បង់​ទៅ មិនមែន​បាត់បង់​ដោយសារ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​ជុំវិញ​ព្រៃ​ព្រះ​រកា​រទេ។ ហើយ​កំហុស​ធំ​បំផុត គឺ​មន្ត្រី​បរិស្ថាន មន្ត្រី​ដែន​ជម្រក ហើយនិង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នៅ​ជុំវិញ​ហ្នឹង​ទាំងអស់ គឺ​ចាប់​ពួក​គាត់​យក​ទៅ​ដាក់គុក អា​ហ្នឹងបាន​ត្រូវ។ ពីព្រោះ​ពួក​គាត់ គឺជា​អ្នកទទួល​ខុសត្រូវ​ធំជាង​ពលរដ្ឋ គាត់​មាន​ចំណែក​ចូលរួម​ក្នុង​ការល្បាត និង​ចូលរួម​ថែទាំ​ព្រៃ »។

កាលពី​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០កន្លងមក ​តំណាង​សហគមន៍​ចំនួន ៣ មក​ពី​ខេត្តព្រះវិហារ ដែល​រួមមាន​ ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និងស្រុក​ឆែប និង​សកម្មជន​ការពារ​ធនធាន​ធម្មជាតិប្រមាណ ២០នាក់ បាន​ដា​ក់ញ​ត្ដិ​ទៅ​ក្រសួងបរិស្ថាន ដើម្បី​ស្នើសុំ​ពង្រឹង និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែន​ជម្រ​កសត្វព្រៃ​ព្រះ​រកា​រ ខេត្តព្រះវិហារ។ 

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ សុ​ភក្រ្តា ទទួលស្គាល់​ពី​បញ្ហា​ដែល​មានការ​លួច​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃ​ព្រះ​រការ ដោយសារ​ពុំ​មាន​មន្ត្រី​អនុរក្ស​គ្រប់គ្រាន់​ដើម្បី​តាមដាន និង​ត្រួតពិនិត្យ។ ទោះជាយ៉ាងណា ​លោក​ជំរុញ​ដល់​ប្រជាជន​សហគមន៍​ធ្វើការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៅ​មូលដ្ឋាន ​ដើម្បី​ប្រមូល​ព័ត៌មាន ភស្តុតាង និង​ឃាត់ខ្លួន​ជនល្មើស។ 

លោក នេត្រ សុភ​ក្ក្រា មានប្រសាសន៍​ថា៖ «ហើយ​មន្ត្រី​របស់​យើង​ដែល​នៅ​ឈរជើង​ការពារ​នៅ​តំបន់​ការពារ​អភិរក្ស គឺ​យើង​ចុះ​ល្បាត ចុះ​ទប់ស្កាត់ ប៉ុន្តែ​យើង​នៅ​តែ​មានការ​ខ្វះចន្លោះចំពោះ​នៅកន្លែង​មួយចំនួន ពីព្រោះ​មន្រ្តី​របស់​យើង​នៅមានកម្រិត​នៅឡើយ ចឹង​ការចូលរួម​របស់​សហគមន៍ គឺជា​ការងារ​មួយ​ដែល​ចាំបាច់ ហើយឱ្យ​ស្រប​ទៅតាមច្បាប់​ ហើយ​មាន​ភាព​ស្មោះត្រង់»។ 

ទោះជាយ៉ាងណា ​សម្រាប់​សង្គម​ស៊ីវិល​ពុំ​មាន​សង្ឃឹម​ថា​ ភស្ភុ​តាង ឬសាក្សី​ដែល​សហគមន៍​ដាក់​ជូន​មន្ត្រី​ អាច​មាន​ប្រសិទ្ធភាព​នោះ​ទេ។ 

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹ​ក សោភ័ណ បាន​លើកឡើង​ថា៖ «ធម្មតា​គាត់​ជា​អ្នក​ជនជាតិ​ដើម​ភាគតិច​ គាត់​មិន​មាន​ភស្តុតាង​ច្បាស់លាស់​អី​ទេ​! ប៉ុន្តែ​ ពួក​គាត់​បាន​លើកឡើង​ថា​អ្នក​ដែល​កាប់​ច្បោះ​របស់​គាត់ គឺ​គាត់​ដឹង​ថា​មនុស្ស​ហ្នឹងគឺ​មាន​ខ្នង​នៅ​ពីក្រោយ ដែល​ជួល ដែល​ទិញ​ម៉ាស៊ីន​ដាក់ ក្នុង​ម៉ាស៊ីន​មួយ ក្នុង​មួយ​ខែ ម្ភៃសា​មសិប​ម៉ឺន​អីចឹង​ទៅ សម្រាប់​ឱ្យទៅ​មនុស្ស​ហ្នឹង គាត់​អត់មាន​ភស្តុតាង តែ​គាត់​មាន​សាក្សី​របស់​គាត់។ […] ខ្ញុំ​មិនដឹង​ថា ​អ្នក​នៅ​ពីក្រោយខ្នង ឬក៏​ជនល្មើស​ហ្នឹង​ធំ​ប៉ុណ្ណា​ទេ​? ប៉ុន្តែ​ ប្រសិនបើ​អ្នកបម្រើ​រដ្ឋ​យក​តួនាទី ឬក៏​កា​តព្វកិច្ច​ដែល​ជា​ការងារ ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​ មិន​គួរ​គិត​អំពីអំណាច តួនាទី របស់​ជន​ដែលគេ​ប្រព្រឹត្តខុសច្បាប់​ទេ​ ពីព្រោះ​យើង​អ្នក​គោរពច្បាប់ អ្នក​អនុវត្ត​ច្បាប់»៕

លោក ស៊ុំ ស៊ូ បាន​ធ្វើការ​ស្នើ​សុំ​ទៅ​អាជ្ញា​ធរ ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ និង​ការពារ​ដើម​ច្បោះ​ដែល​នៅ​សេសសល់​ប្រមាណ​ជាង ២០០ដើម​ដែល​កំពុងតែ​មាននៅ​ក្នុង​ព្រៃ​ដែន​អភិរក្ស និង​ជា​ដែនជម្រកសត្វព្រៃ​ព្រះ​រកា​រ។ 

លោក ស៊ុំ ស៊ូ បាន​លើកឡើង​ថា៖ «​ចង់​ឱ្យ​អាជ្ញា​ធរ​ជួយ​ដោះស្រាយ​ដើម​ជ័រ​ច្បោះ កុំឱ្យ​គេ​មក​កាប់។ ក្រៅពី​ច្បោះ ​ធ្វើស្រែ ធ្វើចម្ការ​អី​! បើ​អស់​ដើម​ជ័រ ដើម​ច្បោះ ក្រៅពី​ស្រែ​ចម្ការទៀត ថា​ចប់​ប៉ុណ្ណោះ​! ទៅ​ស៊ីឈ្នួល​គេ ក្រុមហ៊ុន​កំពុងតែ​ចូល​ហ្នឹង! អ្នកខ្លះ​គេ​ឈូស​ចេញ​ស្រូវ​អស់ ស្រែ​ណា៎! គេ​អត់​ឱ្យធ្វើ​ទេ»។


រាយការណ៍បន្ថែមដោយ៖ អាន ខេម៉ា (An Khema) និង គៀត សុរិទ្ធធាវី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ