អតីត​​អ្នក​បក​ប្រែ​​វីដេអូ​​ឯកសារ​​«ម្ដាយ​​ខ្ញុំ​​លក់​​ខ្ញុំ​»​សង្ឃឹម​ថា​ តុលាការ​​ថ្នាក់​ក្រោម​​ទម្លាក់​​ចោល​​បទ​ចោទ​ប្រកាន់​​

លោក រ៉ាត់ រត្នមុនី (ឆ្វេង) ចូលក្នុងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងវិដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ (ផ្ដល់ឱ្យ)

អតីត​អ្នកបកប្រែ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី លោក រ៉ាត់ រត្ន​មុនី និយាយ​ថា លោក​សង្ឃឹមថា តុលាការ​ថ្នាក់ក្រោម​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​រូបលោក ហើយ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​តុលាការ​កំពូល​បានសម្រេច​បង្គាប់​ទៅ​សាលាឧទ្ធរណ៍​ឱ្យ​ជំនុំជម្រះ​សំណុំរឿង​នេះ​ឡើងវិញ។

លោក រ៉ាត់ រត្ន​មុនី បាន​បង្ហាញ​ក្ដី​សង្ឃឹម​បែបនេះ បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល អ្នកស្រី គឹម សត្ថា​វី នៅ​ព្រឹក​ថ្ងៃនេះ បានសម្រេច​បដិសេធ​ការសម្រេច​ក្ដី​របស់​សាលាឧទ្ធរណ៍ ហើយ​បាន​បង្វិល​សំណុំរឿង​ចោទប្រកាន់​រូបលោក​ទៅ​សាលាឧទ្ធរណ៍​ឱ្យ​ជំនុំជម្រះ​ឡើងវិញ ដោយ​ថា ការសម្រេច​សេចក្ដី​កន្លងមក​មិនបាន​ត្រឹមត្រូវ​នោះ​ទេ។

លោកស្រី គឹម សត្ថា​វី ប្រកាស​ថា៖ «​តុលាការ​កំពូល​[ឱ្យ]ទៅ​សាលាឧទ្ធរណ៍​ជំនុំជម្រះ​សារជាថ្មី»។

សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បានសម្រេច​ផ្ដន្ទាទោស​លោក រ៉ាត់ រត្ន​មុនី ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល ២ឆ្នាំ និង​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ ក្រោម​ការចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​មានការ​រើសអើង»ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត​ឯកសារ​ចំណងជើង​ថា​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។ 

ប្រាប់​អ្នកសារព័ត៌មាន​នៅកន្លែង​រង់ចាំ​មុន​ពេល​មន្ត្រី​នាំទៅ​ពន្ធនាគារ​វិញ លោក រ៉ាត់ រត្ន​មុនី បង្ហាញ​ក្ដី​សង្ឃឹមថា សាលាឧទ្ធរណ៍​នឹង​ទម្លាក់​ចោលការ​ចោទប្រកាន់ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​បែបនេះ។

លោក រ៉ាត់ រត្ន​មុនី ប្រាប់​ថា៖ «បើសិនជា​តុលាការ​កំពូល​បង្វិល​ទៅ​សាលាឧទ្ធរណ៍​វិញ ខ្ញុំ​យល់ថា រឿងក្ដី​ខ្ញុំ​ តុលាការ​នឹង​ត្រូវ​ទម្លាក់​ចោល​បទ​ចោទ មានន័យថា តុលាការ​កំពូល​មើលឃើញ​ថា ការ​កាត់ក្ដី​ខ្ញុំ​នៅ​មាន​បញ្ហា អ៊ីចឹង​ហើយ​បាន​គាត់​សុំ​ឱ្យ​កាត់​ឡើងវិញ។ អ៊ីចឹង​ខ្ញុំ​មាន​ក្ដី​សង្ឃឹមថា ខ្ញុំ​គ្មាន​ទោស មិនបាន​ធ្វើអ្វី​ខុស​ទេ»។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ាត់ រត្ន​មុនី គឺ​លោក ឡោ ជុន​ធី ប្រាប់​ថា លោក​ចាត់ទុក​ការ​បង្វិល​សំណុំរឿង​នេះជា​រឿង​ល្អ​សម្រាប់​កូនក្ដី​លោក​ក្នុង​ការ​ជជែក​ដេញដោល​ជាមួយ​សាលាឧទ្ធរណ៍​ឡើងវិញ ប៉ុន្តែ លោក​ចង់ឱ្យ​តុលាការ​កំពូល​សម្រេច​ដោះលែង​កូនក្ដីលោក​ឱ្យ​មានសេរីភាព។ 

លោក ឡោ ជុន​ធី ប្រាប់​ថា៖ «ប្រសិនបើ​មាន​បញ្ហា​អីចំណុច​អី​ដែល​សាលាឧទ្ធរណ៍​គាត់​ថារក​មិនឃើញ​នៅ​ដដែល អ៊ីចឹង​គាត់​មាន​សិទ្ធិ​រក្សា​នូវ​សាល​ដី​កាដ​ដែល។ បើ​រក្សា​សាល​ដី​កាដ​ដែល មានន័យថា កូនក្ដី​របស់​យើង​នឹង​រង​ទោសទណ្ឌ​ដដែល រយៈពេល២ឆ្នាំ។ បើសិន​គាត់​ដដែល យើង​អាច​មាន​សិទ្ធិ​មួយទៀត​ប្ដឹង​សាទុក្ខ​លើក​ទី២ដែរ ដើម្បី​ជូន​ទៅ​តុលាការ​កំពូល​ពិនិត្យ​ពិចារណា​ទាំង​អង្គហេតុ និង​អង្គច្បាប់»។

មន្ត្រី​អង្កេតជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក យី សុខសាន្ត ដែល​តាមដាន​ការប្រកាស​សាលដីកា​នៅ​ថ្ងៃនេះ លោក រ៉ាត់ រត្ន​មុនី គួរ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព ជាជាង​សេចក្ដីសម្រេច​បង្វែរ​សំណុំរឿង​បែបនេះ ដែល​លោក​ថា នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍ និង​សិទ្ធិ​សេរីភាព​របស់​លោក។

មន្ត្រី​អង្កេតជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក យី សុខសាន្ត ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ជុំវិញរឿងក្ដីរបស់លោក រ៉ាត់ រត្នមុនី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក យី សុខសាន្ត ប្រាប់​ថា៖ «ខ្ញុំ​យល់ថា តុលាការ​សព្វថ្ងៃ គាត់​អត់​យល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ទេ។ បើសិនជាលោក រ៉ាត់ រត្ន​មុនី គាត់​នៅ​ក្រៅ​ឃុំ ទោះបី​បង្វិល​សំណុំរឿង​ ក៏​អត់​បញ្ហា​ដែរ ប៉ុន្តែ នេះ​គាត់​នៅក្នុង​ឃុំ ហើយ​អ្វី​ដែល​គាត់​ទទួលទោស ​បាន​លើស​​ពី ២ភាគ៣ទៅទៀត។ ដូច្នេះ តុលាការ​កំពូល​គួរតែ​លើកលែងទោស​ឱ្យ​គាត់ ឬមួយ​កាត់តម្រឹម​ឱ្យ​មាន​សេរីភាព វា​ត្រឹមត្រូវ​ជាង​គាត់​បង្វិល​ឱ្យ​ជម្រះក្ដី​សំណុំរឿង​នេះ​ឡើងវិញ»។

លោក រ៉ាត់ រត្ន​មុនី ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន​នៅ​ទីក្រុង​បាងកក​កាលពី​ខែធ្នូ ឆ្នាំ២០១៨។ នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ ២ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​មានការ​រើសអើង» តាម​ការចោទប្រកាន់​របស់​ដើម​បណ្តឹង​ចំនួន ៥នាក់ គឺ​លោក នាក់ សុទ្ធី នាយក​សាលា​ឥន្ទ្រ​ទេវី កញ្ញា គៀង ស្រី​ម៉េច កញ្ញា លឹម ស្រី​ទី អ្នកស្រី ទេព សា​លីម និង​អ្នកស្រី កែវ ម៉ាឡៃ ដែល​សុទ្ធតែ​ជា​តួសម្ដែង​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​រឿង​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ