ចំនួន​​អ្នក​​ឆ្លង​​ជំងឺ​គ្រុន​ឈាម​​ថយ​​ចុះ​​ជិត​៩០​ភាគ​រយ​​ក្នុង​រយៈ​ពេល​៦​ខែ​​នៃ​​ឆ្នាំ​២០២០​​

ទិដ្ឋភាពនៅតាមដងផ្លូវមុខមន្ទីរពេទ្យគន្ធបុប្ផា។ រូបភាព៖ ហ៊ី ឆាយ

​ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា ​ក្នុងរយៈពេល៦ខែ​នៃ​ឆ្នាំ២០២០ ចំនួន​អ្នក​ផ្ទុក​ជំងឺគ្រុនឈាម​មានការ​ថយ​ចុះ​ជិត៩០ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន។ 

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ឆ្លង​ជម្ងឺ​គ្រុនឈាម​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ៣ ៣៣៩ករណី​ក្នុងរយៈពេល ប្រាំមួយ​ខែ ក្នុង​នោះ​មាន​ករណី​ស្លាប់​ចំនួន ៤ករណី ដោយ​បាន​ថយ​ចុះ​ប្រមាណ៨៨ភាគរយ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ (២៨ ២៨៥ករណី ក្នុង​នោះ​ស្លាប់ ៣២នាក់​)។ 

ក្រសួងសុខាភិបាល​បាន​ឱ្យដឹង​ថា៖ «ស្ថានភាព​ជម្ងឺ​គ្រុនឈាម​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​ធម្មតា​ ក្រោម​ការ​គ្រប់គ្រងយ៉ាង​ល្អ​របស់​កម្មវិធី​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុនឈាម​ទូទាំង​ប្រទេស ដែល​មានការ​ចូលរួម​អន្តរាគមន៍ និង​សហការ​ពេញលេញ​របស់​គ្រប់​ដៃគូ​ពាក់ព័ន្ធ និង​ប្រជាជន​ក្នុង​សហគមន៍»។ 

ជាមួយគ្នា​នេះ​ដែរ ក្រសួង​ក៏បាន​ធ្វើការ​ក្រើនរំឮក​ដល់​ប្រជាជន​ផង​ដែរ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​មួយ​នេះ​គឺជា​កាតព្វកិច្ច​របស់​បុគ្គល​ម្នា​ក់ៗ ពោល​គឺ​ប្រជាជន​ទាំងអស់​គួរតែ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ខ្លួន ដោយ​ចូលរួម​លុបបំបាត់​ភ្នាក់ងារ​ចម្លង​មូល​ខ្លា និង​ដង្កូវ​ទឹក រួសរាន់​ទៅ​ទទួលយក​ការ​ធ្វើតេស្ត​វិនិច្ឆ័យ និង​ព្យាបាល។ 

ជំងឺគ្រុនឈាម​នៅ​កម្ពុជា កាលពី​ឆ្នាំ២០១៩ ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ថា​ជា​ឆ្នាំ​ដែល​គ្រោះថ្នាក់​នៃ​ជំងឺ ​ដោយ​ថា ​អាច​កើតមាន​រហូតដល់៥ម៉ឺន​ករណី លើស៥ដង​នៃ​ឆ្នាំ២០១៨ ដោយសារ​ឆ្នាំ២០១៩ជា​ឆ្នាំ​នៃ​វដ្ដ​ជំងឺ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ