វិភាគ៖ យុវជន​​ចាប់​អារម្មណ៍​​រឿង​អាស្រូវ​​បុគ្គល​​ជាង​​បញ្ហា​​សង្គម​ជាតិ​​

បុរសម្នាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកតាមរយៈទូរស័ព្ទដៃ កាលពីពេលកន្លងទៅ

បញ្ហា​ធំៗ​ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល អ្នក​វិនិយោគ ក៏ដូចជា​អ្នកស្រាវជ្រាវ កំពុង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​នោះ ដូចជា ​បញ្ហា​សេដ្ឋកិច្ច អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ កងទ័ព​វៀតណាម​បោះតង់​រាប់​រយ​នៅ​ព្រំដែន និងបញ្ហា​យុត្តិធម៌​សង្គម​ជាដើម។

បើ​ពិនិត្យ​លើ​បញ្ហា​សេដ្ឋកិច្ច ដោយសារតែ​ឥទ្ធិពល​នៃ​មេរោគ​កូ​វីដ១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ការងារ​ស្ទើរគ្រប់​វិស័យ ហើយ​ក្រុម​ខ្លះ​ដូចជា​អ្នកធ្វើការ​នៅ​ផ្នែកសេវា​កម្សាន្ត ឬទេសចរណ៍ ប្រកាស​ថា​បាត់បង់​ចំណូល​ទាំងស្រុង មិន​មាន​ទាំង​អាហារ​បរិភោគ​ឱ្យ​បាន​គ្រប់គ្រាន់​ផង។ រដ្ឋាភិបាល​ក៏បាន​ចាប់ផ្តើម​កាត់បន្ថយ​ការ​ចំណាយ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និងអំពាវនាវ​សុំ​ជំនួយ​ពីសា​ធារ​ណជនដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​កូ​វីដ១៩។ 

ក្នុង​ស្ថានភាព​ដែល​សេដ្ឋកិច្ច​កំពុង​មាន​វិបត្តិ​នេះ ក្រុមអ្នកជំនួញបង្ហាញ​ការ​ព្រួយបារម្ភ​ថា នៅពេល​ដែល​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃទី១២ ខែសីហា​ខាងមុខនេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​ជំនួញ​នៅ​កម្ពុជា​មួយ​កម្រិត​ទៀត​បន្ថែម​លើផល​ប៉ះពាល់​ដែល​បង្ក​ដោយ​មេរោគ​កូ​វីដ១៩។ ករណីនេះ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​លាន​នាក់​កាន់តែ​មាន​ជីវភាព​លំបាក​ខ្លាំង​ជាង​មុន។

ចំពោះ​បញ្ហា​ព្រំដែន​ចាប់តាំងពី​ខែមីនា​ ឆ្នាំ២០២០មក កងទ័ពវៀតណាម​បានបោះតង់រាប់​រយ​នៅ​ក្បែរ​ព្រំដែន និង​ខ្លះទៀត​នៅ​តាម​តំបន់​ដែល​រដ្ឋាភិបាល​ទាំងពីរ​មិនទាន់​ឯកភាព​គ្នា។ រដ្ឋាភិបាល​កម្ពុជា​បាន​ទាមទារ​ឱ្យ​រុះរើ​តង់​ទាំងនោះ​ចេញ​វិញ ប៉ុន្តែ​ រហូតដល់​ថ្ងៃទី១៥ ខែកក្កដា វៀតណាម​មិនទាន់​កំណត់​ថ្ងៃ​រើ​តង់​ទាំងនោះ​នៅឡើយ ដោយ​លើក​ហេតុផល​ថា រង់ចាំ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វីដ១៩ធូរស្រាល​សិន។

ទាំងនេះ​គឺជា​បញ្ហា​ខ្លះ​ក្នុងចំណោម​បញ្ហា​ធំៗ​ជាច្រើន​ទៀតដែល​កំពុង​កើតមាន​នៅ​កម្ពុជា។ បញ្ហា​ទាំងនេះ​កម្រ​ឃើញ​ក្រុម​យុវជន​យក​ទៅ​ជជែកវែក​ញែកស្វែងយល់​មូលហេតុ​នៃ​បញ្ហា ឬផ្តល់​គំនិត​ក្នុង​ការ​ជួយ​ដោះស្រាយ​ណាស់។

នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​«សំឡេងខ្ញុំ អនាគតខ្ញុំ»របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ​(YRDP​) កញ្ញា ផល់ មករា ជា​យុវជន​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លើកឡើង​ថា យុវជន​សកម្ម​ត្រូវ​ស្វែងយល់​ពី​បញ្ហា​នៅក្នុង​សង្គម ហើយ​ចូលរួម​ស្វែងរក​ដំណោះស្រាយ ដែល​អាច​ធ្វើឡើង​តាម២រូបភាព ដោយ​ផ្ទាល់ និង​ដោយប្រយោល។ កញ្ញា រំឭក​ថា យុវជនត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​រួម ឬបញ្ហា​ជាតិ មិន​ត្រូវ​រង់ចាំ​ទាល់តែ​បញ្ហា​ប៉ះ​ដល់​ខ្លួនឯង​ទើប​ស្វះស្វែង​រក​ដំណោះស្រាយ​នោះ​ទេ។

កញ្ញា ផល់ មករា៖ «ខ្ញុំ​មើលឃើញ​ចំណុច​មួយចំនួន​ដែរ​ គឺ​ចំណុច​ទី១ ចាប់ពី​យុវជន​ខ្លួនឯង​សិន បានន័យ​ថា ចាប់ផ្តើម​ឈឺចាប់​នូវ​អ្វី​ដែលបញ្ហា​សង្គម​កំពុង​កើតមានឡើង មិន​ចាំបាច់​ដល់​ថាបញ្ហា​ហ្នឹង​កើតឡើងលើខ្លួនឯង គ្រួសារ ឬសាច់ញាតិ​ទេ»។ 

បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ទូទៅ មិន​មានការ​សិក្សា​ណា​ជាក់លាក់​បង្ហាញ​ពី​ក្រុម​យុវជន​ចាប់អារម្មណ៍​លើ​កិច្ចការ​សង្គមជាតិច្រើន​ឬតិច​ជាង​បញ្ហា​រឿងអាស្រូវ​បុគ្គល​ទេ ប៉ុន្តែ​ បើ​ពិនិត្យ​នៅ​លើ​ការចាប់អារម្មណ៍​អ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ឃើញថា ការចាប់អារម្មណ៍​រឿងអាស្រូវ​បុគ្គល​មាន​ចំនួន​ច្រើនជាង។

របាយការណ៍​របស់ statista ចេញផ្សាយ​កាលពី​ខែមិថុនា ​ឆ្នាំ២០២០ បង្ហាញថា ការប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ចាប់ពី​ឆ្នាំ២០១៧មក ហើយ​ចំនួន​អ្នកប្រើ​ប្រាស់​នៅ​កម្ពុជា​មាន​ចំនួន ៥៨ភាគរយ​ បើ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​សរុប។

ចំណែក​របាយការណ៍​របស់ NapoleonCat ចេញផ្សាយ​កាលពី​ខែកុម្ភៈ​ ឆ្នាំ២០២០ បង្ហាញថា បណ្តាញ​សង្គម​ដែល​មាន​អ្នកប្រើ​ប្រាស់​ច្រើនជាង​គេ​នៅ​កម្ពុជា​គឺ​ហ្វេសប៊ុក។ របាយការណ៍​បញ្ជាក់​ថា អ្នកប្រើ​ប្រាស់​នៅ​កម្ពុជា​មាន​ចំនួន​ជាង ១០លាន ​(១០ ១៥៣ ០០០​) ហើយ​អ្នកប្រើ​ប្រាស់​ទាំងនោះ​ភាគច្រើនមាន​អាយុ​ចន្លោះ​ពី២៥ ទៅ៣៤ឆ្នាំ។

ចំពោះ​ហ្វេសប៊ុកផេកដែលមានអ្នកចូលចិត្ត(Like)ច្រើនជាង​គេ​នៅ​កម្ពុជា គឺ​ហ្វេសប៊ុក​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ជិត ១៣លាន បន្ទាប់មក​ហ្វេសប៊ុក​សារព័ត៌មាន​វី​អូ​អេ មាន​ជាង ៧លាន និងហ្វេសប៊ុកសារព័ត៌មាន​អាស៊ី​សេរី​ មាន​អ្នកចូលចិត្ត​ជិត ៧លាន។

​ហ្វេសប៊ុក​លោកនាយក​រដ្ឋមន្ត្រី​ដែល​មាន​អ្នកចូលចិត្ត​ច្រើនជាង​គេ ទោះលោកបាន​បញ្ជា​ឱ្យ​មន្ត្រី​តាម​ក្រសួង​រៀបចំ​ក្រុមការងារ​តាមដាន​បញ្ហា​នានា​ដែល​បាន​លើកឡើង​លើ​ហ្វេសប៊ុក​របស់​លោក​ក៏ដោយ ក៏​រាល់ពេល​ដែល​លោក​ផ្សព្វផ្សាយ​ផ្ទាល់​មាន​ចំនួន​អ្នកមើល​តែ​ខ្ទង់ពាន់​ប៉ុណ្ណោះ។ ដូចគ្នា​ដែរ ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រចាំថ្ងៃ​របស់​វី​អូ​អេ និងអាស៊ី​សេរី ក៏​មាន​អ្នក​ចូល​មើលតែ​ខ្ទង់​រាប់ពាន់​ដែរ។

ប៉ុន្តែ​ ផ្ទុយទៅវិញ ចំពោះ​រឿង​ទំនាស់​ក្នុង​គ្រួសារ​តារា ឬរឿងអាស្រូវ​ផ្លូវភេទ​របស់​បុគ្គល​ណាមួយ​វិញ​ មាន​អ្នកមើល​ពី​រាប់​សែន​ទៅ​ខ្ទង់លាន។

កាលពី​អំឡុង​ឆ្នាំ២០១៨ រឿងរ៉ាវ​ចោទប្រកាន់​គ្នា​ថាមាន​ទំនាក់ទំនង​ផ្លូវភេទ​រវាង​ព្រះសង្ឃ​មួយ​អង្គ និង​នារី​ម្នាក់ ដែលគេ​ហៅថា រឿងរ៉ាវ​«ពោត​ស្ងោរ»នោះ​ មានការ​ផ្សព្វផ្សាយ​ផ្ទាល់ជាវ​គ្គជា​ភាគ ហើយ​រាល់​ការផ្សាយ​មាន​អ្នកមើល​ប្រមាណ៥ ទៅ៦សែន។ ពេលនោះ​ រហូត​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​ព្រមាន​ចាត់ការ​លើ​បុគ្គល​ជា​អ្នក​ផ្សព្វផ្សាយ ព្រោះថា នាំ​ឱ្យ​ច្របូកច្របល់​សង្គម ទើប​រឿងរ៉ាវ​នេះ​លែង​មានការ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក។

នៅក្នុង​អំឡុង​ឆ្នាំ២០១៨នោះ ក៏​មាន​ករណី​បរិហារ​គ្នារវាង​ក្រុម​តារា​ជា​ស្ត្រី​មួយ​ក្រុមនិយាយ​រឿង​ទំនាក់ទំនង​ផ្លូវភេទ​របស់​តារា​ជា​ស្ត្រី​ម្នាក់ទៀត ដែល​មាន​អ្នក​ចូល​មើល​ការផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​នោះ​ប្រមាណ ៨សែន។

ក្នុង​កម្ម​វិធី​របស់​បណ្តាញ​យុវជន​កម្ពុជា ​(CYN​) ស្តី​ពី «សុភនិច្ឆ័យ​ក្នុង​ការ​ប្រើប្រាស់​អ៊ីន​ធឺណិត» នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទ​រឿន រំឭក​ដល់អ្នកប្រើ​ប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ត្រូវ​គិត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ប្រើ​ឱ្យ​មានប្រយោជន៍ និង​កុំឱ្យ​ប៉ះពាល់​ដល់​អ្នកដទៃ។

លោក ប៉ា ចន្ទ​រឿន៖ «មុន​នឹង​ផ្ញើ​សារ មុន​នឹង​ផ្សព្វផ្សាយ​ ឬក៏​ចែករំលែកព័ត៌មាន​រូបភាព ឬក៏​វី​ដេ​អូ យើង​ត្រូវ​សួរ​ខ្លួន​យើង​សិន សួរ​ខ្លួន​យើង​ថា អ្វី​ដែល​ផ្សព្វផ្សាយ​ហ្នឹង​វា​ពិត​ទេ​? វា​មានប្រយោជន៍​ទេ​? វា​ចាំបាច់​ធ្វើ​ទេ​? វា​ជំរុញចិត្ត​ឱ្យ​មនុស្ស​ហ្នឹង​ផ្លាស់​ប្តូរ​ជាវិជ្ជមាន​ទេ​? ឬក៏​ការ​ធ្វើ​រប ស់​យើង​ហ្នឹង​វា​សប្បុ​រសដែ​រឬទេ​?»

រឿងអាស្រូវ​បុគ្គល​ពេលខ្លះ​ជា​រឿង​ពិត​ត្រូវ​បាន​បែកធ្លាយ​ចេញពី​គ្រួសារ​ ឬទំនាក់ទំនង​ណាមួយ ហើយ​ករណី​ខ្លះទៀត​ជា​រឿង​សម្តែង​ឡើងដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន ហើយ​ក្រុម​អ្នក​សម្តែង​ទទួល​បានផល​ប្រយោជន៍​ជា​លុយ ឬផល​ប្រយោជន៍​ផ្សេង​ៗទៀត។

អ្នកខ្លះ​គេ​ហៅ​តារា​ហ្វេសប៊ុក តារាទីក​តុក សម្តែង​ជា​ទាស់គ្នា ជេរប្រមាថ តាម​រករឿង​ទាមទារ​ឱ្យ​មានការ​បកស្រាយ ឬវែកញែក​លើ​រឿង​អ្វីមួយ​ជាដើម។ អ្នកខ្លះ​ទទួលទាន​គ្រឿងស្រវឹង សម្តែង​ជា​ការ​ខឹង​សម្បារ​ជេរប្រមាថបុគ្គល​ផ្សេង​ដោយ​ប្រើពាក្យ​អសុរោះ ​ឬអាសអា​ភាស បង្ហាញ​កាយវិការ​ខ្វះ​សីលធម៌​ជាដើម។

អ្នក​សម្តែង​ទាំងនេះក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុករាប់​ម៉ឺនរាប់​សែន​ដែរ បើ​ទោះជា​អ្នកខ្លះ​បង្ហាញ​គំនិត​គាំទ្រ ឬចូល​ទៅ​រិះគន់​ក៏ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ