ក្រសួងពាណិជ្ជកម្មបានអះអាងថា តម្លៃលក់ប្រេងឥន្ធនៈនៅប្រទេសកម្ពុជានឹងធ្លាក់ចុះខ្ទង់ ៥ភាគរយចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែកក្កដា បើធៀបទៅនឹងតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ។
ក្រសួងពាណិជ្ជកម្មបានអះអាងបែបនេះនៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនចេញនៅថ្ងៃនេះ ដែលបង្ហាញអំពីតម្លៃលក់រាយនៃប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈនានានៅទូទាំងប្រទេស។
ក្រសួងប្រកាសថា ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ តម្លៃលក់ប្រេងឥន្ធនៈតាមស្ថានីយនានាក្នុងប្រទេសនឹងធ្លាក់ចុះមក ៣០០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង ២,៧៥០រៀលក្នុងមួយលីត្រចំពោះប្រេងម៉ាស៊ូត រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
បើតាមក្រសួង តម្លៃសាំងធម្មតាដែលត្រូវលក់តាមតម្លៃទីផ្សារអន្តរជាតិ មានតម្លៃដល់ទៅ ៣,១៦០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា ហើយតម្លៃប្រេងម៉ាស៊ូតនឹងត្រូវដាក់លក់ក្នុងតម្លៃ ២,៩៣៩រៀលក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែកក្កដានេះ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ចប្រជាជនក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់តម្លៃលក់រាយប្រេងឥន្ធនៈ។
នៅថ្ងៃទី០១ ខែឧសភាកន្លងទៅ តម្លៃសាំងធម្មតាក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះដល់ ២,២៥០រៀលក្នុងមួយលីត្រ ហើយប្រេងម៉ាស៊ូតធ្លាក់ដល់តម្លៃ ២,១៥០រៀល បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសឱ្យតម្លៃប្រេងសាំងក្នុងប្រទេសចុះ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងវិបត្តិសកល៕