រដ្ឋា​ភិបាល​​សម្រេច​​ផ្ដល់​​ការ​​ឈប់​សម្រាក​៥​ថ្ងៃ​​សង​​ឱ្យ​​ការ​​លើក​ពេល​​ឈប់​សម្រាក​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​

ពលរដ្ឋចាស់ក្មេងលេងល្បែងបោះអង្គញ់ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីពេលកន្លងទៅ។

រដ្ឋាភិបាល​បានសម្រេច​កំណត់​យក​ថ្ងៃឈប់​សម្រាក​ចំនួន ៥ថ្ងៃ​នៅ​ខែក្រោយ​នេះ ជា​ការ​ឈប់​សង​ថ្ងៃចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរដែល​ត្រូវ​បាន​ផ្អាក​កាលពី​ខែមេសា​កន្លងមក។

ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃម្សិលមិញ​នេះ ក្រសួងការងារបាន​បញ្ជាក់​ថា រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ទាំងអស់ឈប់សម្រាក​ដោយ​ទទួល​បាន​ប្រាក់ឈ្នួល​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែសីហា​ខាងមុខនេះ។

ក្រសួង​បញ្ជាក់​ថា រដ្ឋាភិបាល​កំណត់ពេល​ឈប់សម្រាក ៥ថ្ងៃ​នៅ​ខែក្រោយ​នេះ គឺជា​ការ​ឈប់សម្រាក​សង​ទៅដល់​កម្មករ​និយោជិត​ទាំងអស់ ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កាលពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៦ ខែមេសា​កន្លងមក​នេះ។

រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​ការរៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​កាលពី​ខែមេសា​កន្លងមក​នេះ ដោយ​មិន​អនុញ្ញាត​ឱ្យ​បុគ្គលិក​កម្មករ​និយោជិត​ឈប់សម្រាក​នោះ​ឡើយ ដោយសារតែ​ក្ដី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា។

រហូតមកដល់​ថ្ងៃនេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដល់ទៅ ១៦៦នាក់​ហើយ​គិត​ចាប់តាំងពី​ចុងខែ​មករា​ដើមឆ្នាំ​នេះ ក្នុង​នោះ​មាន​ស្ត្រី​ឆ្លង​វីរុស​នេះ​សរុប ៤០នាក់ ប៉ុន្តែ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា អ្នក​ឆ្លង​វីរុស​នេះ​សរុប​ដល់ទៅ ១៣៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ