រដ្ឋបាល​​ខេត្ត​កោះ​កុង​​ប្រកាស​​មិន​​ទទួល​ស្គាល់​​ការ​ទិញ​​លក់​​ដី​​ក្នុង​​តំបន់​ការ​ពារ​ធម្មជាតិ​

តំបន់ការពារធម្មជាតិមួយនៅក្នុងខេត្តកោះកុង។ (ហេង វិចិត្រ/ ១៩ ធ្នូ ២០១៩)

​រដ្ឋបាល​ខេត្តកោះកុង ប្រកាស​មិន​ទទួលស្គាល់​ការទិញ​លក់​ដី​ស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ ក្រោយ​អាជ្ញាធរ​រក​ឃើញថា តំបន់ការពារធម្មជាតិ និង​គម្រប​ព្រៃឈើ​ស្ថិត​ក្នុង​ស្រុក​មួយចំនួននៃ​ខេត្តកោះកុង ​កំពុង​ទិញ​លក់​យ៉ាង​អនាធិបតេយ្យ។

ក្នុង​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី១៤ ខែ​កក្កដា រដ្ឋបាល​ខេត្តកោះកុង​បាន​ឱ្យដឹង​ថា នៅ​តាម​បណ្តា​ភូមិ​ឃុំ​ជាពិសេស​ស្រុក​បុទុមសាគរ ស្រុក​កោះកុង ស្រុក​គិរីសាគរ ស្រុក​ថ្មបាំង និង​តំបន់​មួយចំនួន​ទៀត មានការ​ទិញ​លក់​ដីស្ថិត​ក្នុង​តំបន់ការពារធម្មជាតិ ដី​សហគមន៍ និង​គម្រប​ព្រៃឈើ​យ៉ាង​អនា​ធិប​តេយ្យ។

សេចក្តី​ជូនដំណឹង​ដដែលលើកឡើង​ថា ការទិញ​លក់​ដីធ្លី​ដោយ​មិន​មានការ​ចូលរួម​ចុះ​ពិនិត្យ និង​វាស់វែង​ត្រឹមត្រូវ​ពី​មន្ត្រី​អាជ្ញាធរពាក់ព័ន្ធ​របស់​ខេត្តកោះកុង ហើយ​គ្រាន់តែ​មានការ​ផ្តិត​មេដៃ​រវាង​អ្នកលក់ និង​អ្នកទិញ គឺជា​ទង្វើ​ខុសច្បាប់។

រដ្ឋបាល​ខេត្តកោះកុងបាន​ចា​ត់ទុក​សកម្មភាព​ទិញ​លក់​ដី​ទាំងនោះ​ជា​មោឃៈ និង​បដិសេធ​ចោល ហើយ​ថា អ្នក​ដែល​ទិញ​លក់​ដី​ដែល​ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ នឹង​ប្រឈម​ការ​ផ្តន្ទា​ទោស​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់។

រដ្ឋបាល​ខេត្តកោះកុង​បាន​អំពាវនាវ​ទៅដល់​សាធារណជន និង​ប្រជាពលរដ្ឋ បញ្ឈប់​ជាបន្ទាន់​រាល់​ការទិញ​លក់​ដីធ្លីស្ថិត​ក្នុង​តំបន់​ការពារ​ ដើម្បី​ចៀសវាង​ទង្វើ​ខុសច្បាប់ និង​ខាតបង់​ផលប្រយោជន៍។

កាលពី​ថ្ងៃទី៣ ខែ​កក្កដា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​កាត់​ឆ្វៀល​ដី​ចេញពី​តំបន់​ការពារ​ស្ថិតនៅ​ខេត្តកោះកុង ខេត្តព្រះវិហារ និង​បណ្តា​ខេ​ត្ត​ផ្សេង​ៗទៀត ដើម្បី​បែងចែក​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​អាស្រ័យផល​យូរឆ្នាំ ដើម្បី​ធ្វើជា​កម្មសិទ្ធិ។ ប៉ុន្តែ លោក ហ៊ុន សែន ក៏​ស្នើ​ទៅ​ពលរដ្ឋ​កុំ​ពង្រីក ឬរំលោភ​យក​ដី​នៅ​តំបន់​ការពារ​បន្ថែម​ទៀតផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ