សហ​គមន៍​បឹង​ឈូក​អេ​ថា​ អាជ្ញាធរ​គ្រោង​បណ្តេញ​ពួក​គេ​ចេញ​ដោយ​មិន​ទូទាត់​ប្រាក់​​សំណង​

អ្នកស្រី តូច ឡៃហ៊ាង ​និង ក្រុមគ្រួសារ ដែលប្រកប​របរ​លក់ដូរ នៅក្នុង​សហគមន៍​បឹងឈូក​អេ ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជុំវិញវិវាទដីធ្លី

ពលរដ្ឋ​នៅ​សហគមន៍​បឹងឈូក​អេ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ អះ​អាង​ថា ពលរដ្ឋ ២០​គ្រួសារ ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ ហើយ​​ផ្ទះ​សម្បែង​របស់​ពួកគេ​ប្រឈម​មុខ​នឹង​ការ​ឈូស​ឆាយ​ដោយ​​គ្មាន​សំណង។

អ្នកស្រី ទូច វណ្ណា អាយុ ៤៩​ឆ្នាំ បាន​ឱ្យ​ដឹង​ថា អ្នកស្រី​​រស់នៅ​លើ​​ដី​ទំហំ​ក្បាល ៥ម៉ែត្រ និង​បណ្ដោយ​ ១៨​​ម៉ែត្រ​ នៅ​​ក្នុង​សហគមន៍​បឹងឈូក​អេ ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ តាំង​ពី​ឆ្នាំ​១៩៩៥​មក​ម៉្លេះ។

អ្នកស្រី វណ្ណ ប្រាប់​​ថា ក្រុម​សន្តិសុខ​ខណ្ឌ​ឫស្សីកែវបាន​ប្រាប់​អ្នកស្រី​ផ្ទាល់​មាត់​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​មក​នេះ ឱ្យរុះរើ​ផ្ទះ​ចេញ​ពី​សហគមន៍​នោះ ហើយ​ថា របង​ផ្ទះ​​ពលរដ្ឋ ៣​គ្រួសារ​​ក្នុង​ចំណោម​ពលរដ្ឋ ១៦​គ្រួសារ​ដែល​មាន​ជីវភាព​ធូរ​ធារ​ ត្រូវ​បាន​ឈូស​ឆាយ​​កម្ទេច​ដោយ​គ្រឿង​ចក្រ​ ដែល​អម​ការពារ​ដោយ​​កម្លាំង​ចម្រុះ​មាន​ប៉េអឹម នគរបាល និង​សន្តិសុខ​ផង​ដែរ ដែល​បាន​ចុះ​ទៅ​នា​ពេល​នោះ មុន​នឹង​ពួកគេ​ដក​ថយ​ទៅ​វិញ​ ក្រោយ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទៅ​រាយការណ៍​អំពី​សកម្មភាព​នេះ។

អ្នកស្រី វណ្ណា បន្តថា នៅថ្ងៃទី១៦ ខែកក្កដានេះ ក្រុម​កងសន្តិសុខសង្កាត់ និងខណ្ឌ បានមកប្រាប់ប្រជាសហគមន៍ថា ឱ្យពួកគេរុះរើផ្ទះចេញ ប៉ុន្តែ មិនមានលិខិតលាយលក្ខណ៍​អក្សរអ្វីនោះទេ។

អ្នកស្រី ទូច វណ្ណា ប្រាប់ថា៖ «អភិវឌ្ឍន៍ ត្រូវប្រាប់ថា ត្រូវដកដីពីប្រជាពលរដ្ឋអភិវឌ្ឍន៍អ្វីមួយយកទៅសាងសង់អ្វីមួយ ត្រូវសាងសង់ ត្រូវធ្វើផ្លូវ ត្រូវធ្វើថ្នល់ សាងសង់អ្វីក៏ដោយ ត្រូវឱ្យប្រជាពលរដ្ឋបានដឹង ប៉ុន្តែ នេះអត់ដឹងទេ ដឹងតែឱ្យរុះរើ ឱ្យត្រៀមកាយត្រៀមចិត្ត។ អ៊ីចឹង ប្រជាពលរដ្ឋមានការភ័យខ្លាចតែម្តង រស់នៅក្នុងតំបន់ដែលត្រូវគេបណ្តេញចេញ​ វាពិបាកក្នុងអារម្មណ៍ វាខូចផ្លូវចិត្តច្រើន»

អ្នកស្រី តូច ឡៃហ៊ាង អាយុ ៣១​ឆ្នាំ ដែល​ប្រកប​របរ​លក់ដូរភេសជ្ជៈនៅ​លើ​ដី​ទំហំ ៧​ម៉ែត្រ​គុណនឹង១៨​ម៉ែត្រ​ នៅ​ក្នុង​សហគមន៍​ដែរ​នោះ និយាយថា ជីវភាព​គ្រួសារ​ និង​ការ​សិក្សា​រៀន​សូត្រ​របស់​កូនៗ ៣​នាក់​របស់​អ្នកស្រី នឹង​រង​ផល​ប៉ះ​ពាល់ ប្រសិន​បើ​អាជ្ញាធរ​បណ្ដេញ​ក្រុម​គ្រួសារ​អ្នកស្រី​ចេញ​ពី​ទីនោះ។

អ្នកស្រី តូច ឡៃហ៊ាង និយាយថា៖ «ខ្ញុំចង់ឱ្យមានសំណងដោះដូរឱ្យពួកខ្ញុំសិន បើចឹងឱ្យពួកខ្ញុំទៅរស់នៅឯណា។ បើខ្ញុំរស់នៅទីហ្នឹងយូរណាស់មកហើយ[តាំងពីឆ្នាំ១៩៩៥] គ្មានដីធ្លីនៅឯណាទៀតទេ មានតែនៅកន្លែងហ្នឹង ហើយកូនសិក្សា និយាយទៅ​រឿងកូនប៉ះពាល់ខ្លាំងបំផុត ដោយសារគាត់នៅរៀន។ បើដោះដូរឱ្យខ្ញុំសមរម្យ អភិវឌ្ឍន៍នៅនឹងកន្លែង ខ្ញុំព្រម បើដេញខ្ញុំទៅឆៅៗតែម្តង ខ្ញុំមិនព្រមទេ»

ប្រធានសហគមន៍បឹងឈូកអេ លោក តូច សំអ៊ន់ និង​ជា​ឪពុក​របស់​អ្នកស្រី ឡៃហ៊ាង ​ប្រាប់​ថា តំណាងសហគមន៍បានដាក់លិខិត​មួយទៅអភិបាលខណ្ឌឫស្សីកែវ​​កាលពីចុងខែមិថុនាកន្លង​មក​នេះ ហើយ​ដាក់​លិខិត​មួយ​ទៀត​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃទី១ ខែកក្កដា​នេះ ដើម្បីសុំអន្តរាគមន៍ដែរ ហើយអាជ្ញាធរបានទទួលលិខិតនោះដែរ​ ប៉ុន្តែ រហូតមកទល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។

បន្ថែមពីនេះ លោក សំអ៊ន់ បញ្ជាក់ថា នៅព្រឹកថ្ងៃនេះ អាជ្ញាធរបញ្ជាឱ្យសន្តិសុខនៅសង្កាត់ និងខណ្ឌឫស្សីកែវ ប្រាប់ប្រជាសហគមន៍ថា ឱ្យត្រៀមរុះរើផ្ទះចេញនៅថ្ងៃនេះ បើពុំដូច្នេះទេ សមត្ថកិច្ចនឹងចុះរុះរើនៅថ្ងៃនេះ។

ប្រធានសហគមន៍រូបនោះអះអាងថា ពួកគេមិនប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះទេ ប៉ុន្តែ លោកថា ប្រជាសហគមន៍ស្នើទៅអាជ្ញាធរអភិវឌ្ឍនៅនឹងកន្លែង ឬផ្តល់សំណងសមរម្យ មុនបណ្តេញពួកគេចេញពីតំបន់នោះ។

លោក តូច សំអ៊ន់ ប្រាប់ថា៖ «ទោះបីធ្វើផ្លូវក្តី ធ្វើអ្វីក៏ដោយតាមលក្ខណៈជាក់ស្តែង សល់ប៉ុន្មាន ខ្ញុំរស់នៅប៉ុណ្ណឹង ខ្ញុំមិនប្រកែក​នឹង​ការអភិវឌ្ឍរបស់រដ្ឋាភិបាលទេ ប៉ុន្តែ សុំអភិវឌ្ឍនៅនឹងកន្លែង សល់ប៉ុណ្ណាខ្ញុំនៅប៉ុណ្ណឹងទៅ»

ទោះជាយ៉ាងណា សកម្មភាព​ឈូស​ឆាយ​មិន​បាន​កើត​ឡើង​ដូច​ការ​អះ​អាង​របស់​ប្រជា​សហគមន៍​នោះ​ឡើយ​ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​វេលា​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​នេះ។

បើ​តាម​ប្រធាន​សហគមន៍ សកម្ម​ភាពចុះ​ឈូស​ឆាយ​របង​ផ្ទះ​ពលរដ្ឋ ត្រូវ​បាន​ដឹកនាំ​បញ្ជា​ដោយ​អភិបាល​រង​ខណ្ឌ​ឫស្សីកែវ។ នៅ​ពេល​ស្វែង​រក​ការ​បក​ស្រាយ​ជុំ​វិញ​គម្រោង​ឈូស​ឆាយ​នេះ លោក ប្រាជ្ញ សីហា សុំមិនធ្វើការបកស្រាយជុំវិញរឿងនេះតាមទូរសព្ទនោះទេ ដោយលោកថា​ បើអ្នកសារព័ត៌មានចង់សម្ភាស ឱ្យទៅជួបគាត់ផ្ទាល់វិញ​។

នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត (STT) លោក សឿង សារ៉ន បាន​ជំរុញ​ទៅ​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ឱ្យ​ជជែក​ជាមួយ​ប្រជា​សហគមន៍​ជុំ​វិញ​​វិវាទ​ដី​ធ្លី​នេះ ដើម្បី​ធានា​ដល់​សិទ្ធិ​ប្រជា​ពលរដ្ឋ។

លោក សឿង សារ៉ន ប្រាប់ថា៖ «ការបណ្តេញចេញ ឬក៏ការអភិវឌ្ឍដោយមិនបានចែករំលែកព័ត៌មានឱ្យបានគ្រប់គ្រាន់ដល់អ្នកពាក់ព័ន្ធ វាបង្កឱ្យមានភាពមិនច្បាស់លាស់សម្រាប់ពួកគាត់ ហើយសម្រាប់​ខ្ញុំគិតថា ​ទម្លាប់​បែបហ្នឹងគួរតែធ្វើការអភិវឌ្ឍឱ្យមានតម្លាភាព ធ្វើការបណ្តេញចេញប្រកបដោយសមធម៌ ឬការទទួលយកបាន​ទាំងភាគីទាំងអស់ទទួលយកបាន»

លោក តូច សំអ៊ន់ បានឱ្យដឹងទៀតថា ក្រៅពីលំនៅឋានដែលប្រឈមនឹងការឈូសឆាយផ្ទះចំនួន ២០គ្រួសារ (ក្នុងនោះមានសមាជិកសរុប ៧១នាក់) ក៏មាន ១៦គ្រួសារផ្សេងទៀត ដែលមានជីវភាពធូរធារ​ស្ថិតនៅក្បែរនោះ ក៏​ប្រឈមនឹងការឈូសឆាយដូចគ្នាផងដែរ។

ប្រធានសហគមន៍រូបនេះ អះអាងថា ចាប់​តាំង​ពី​ពួកគាត់​​រស់នៅឆ្នាំ១៩៩៥ រហូតមកដល់ឆ្នាំ១៩៩៩ នៅតំបន់នោះមិនទាន់មានការអភិវឌ្ឍនៅឡើយ គឺនៅតំបន់នោះជាបឹងតភ្ជាប់មកពីបឹងពោងពាយទល់នឹងបឹងតាមោក បឹងកប់ស្រូវសព្វថ្ងៃ ហើយនៅកន្លែងនោះមានទឹកលិចជាប្រចាំ មិនថារដូវប្រាំង និងរដូវវស្សានោះទេ។ ពលរដ្ឋរស់នៅទាំងគ្មានទឹកស្អាត ភ្លើងអគ្គិសនី គ្មានសេវាសាធារណៈជាដើម។

ប៉ុន្តែ ក្រោយមក ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ទើបរដ្ឋាភិបាលចាប់ផ្តើមធ្វើការអភិវឌ្ឍនៅតំបន់នោះឱ្យមានទឹកស្អាត ភ្លើងអគ្គិសនី និងសេវាសាធារណៈជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ អាជ្ញាធរបែរជាបណ្តេញពួកគេចេញពីតំបន់នោះ ដោយមិនផ្តល់សំណង និងមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ សមាគមធាងត្នោតបានចេញរបាយការណ៍ថា ក្នុងអំឡុងពេលនៃការផ្ទុះរាលដាលមេរោគកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញនៅតែមានការបណ្តេញចេញបន្តបន្ទាប់ដូចជាករណីនៅមាត់បឹងសំរោងនៅថ្ងៃទី២៤ ខែមេសា ករណីនៅបឹងតាមោក​នៅថ្ងៃទី១១ ខែមិថុនា និង​ករណីនៅបឹងឈូកអេនៅថ្ងៃទី២០ ខែមិថុនា ផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ