សកម្មជនការពារបរិស្ថាន អះអាងថា សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់ថ្ងៃម្សិលមិញនេះ បន្ទាប់ពីធ្វើដំណើរគេចចេញពីការគំរាមកំហែងរបស់ប្រធានសន្តិសុខក្រុមហ៊ុនមួយ ដែលពួកគេថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើក្នុងតំបន់ការពារ។
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានឱ្យដឹងថា សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ លោក សែន សទ្ធា អាយុ ៤៦ឆ្នាំ និងរូបលោក បានចុះទៅភូមិកាំភ្លុក ឃុំបឹងចារ ស្រុកសំបូរ ដើម្បីស៊ើបអង្កេតសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ស្ថិតក្នុងខេត្តក្រចេះ។
សកម្មជនការពារព្រៃឈើរូបនេះ អះអាងថា រូបលោក និងលោក សែន សទ្ធា បានទទួលរងការគំរាមកំហែងពីសន្តិសុខក្រុមហ៊ុន ស៊ីងបាយ អូថេក (Think Biotech) កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ហើយត្រូវបានបង្ខំឱ្យចាកចេញពីទីនោះ និងធ្វើដំណើរដោយម៉ូតូមួយគ្រឿងចាកចេញពីទីនោះ មុននឹងជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យលោក សែន សទ្ធា ស្លាប់បាត់បង់ជីវិត។
លោក ហេង ស្រស់ ប្រាប់ថា លោក សែន សទ្ធា ដែលជាស្វាមី និងជាឪពុកនៃកូនស្រីម្នាក់ និងកូនប្រុសម្នាក់កំពុងរស់នៅរៀនសូត្រនៅឯខេត្តស្ទឹងត្រែងនោះ បានស្លាប់អំឡុងពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ ខេត្តក្រចេះ។
លោក ហេង ស្រស់ និយាយថា៖ «ពួកយើងក៏ចាប់ផ្ដើមថតរូប ប្រហែលកន្លះម៉ោងក្រោយស្រាប់តែមានប្រធានសន្តិសុខក្រុមហ៊ុនមក ដើម្បីគំរាមកំហែងពួកយើងឱ្យចាកចេញពីតំបន់ហ្នឹងទៅកន្លែងណាផ្សេង។ គេមិនឱ្យនៅក្បែរក្រុមហ៊ុនគេ ហើយគេមិនឱ្យនៅចំផ្លូវដែលគេកំពុងដឹកឈើទេ»។
លោក ហេង ស្រស់ និយាយបន្តថា៖ «គេគំរាមកំហែងដែរ បើយើងមិនចេញទេ គឺគេមានសន្តិសុខរបស់គេច្រើន គេនឹងឡោមព័ទ្ធហើយគេធ្វើបាបយើងគ្រប់រូបភាព។ អ៊ីចឹង ខ្ញុំ និងគាត់ក៏សម្រេចចិត្តជិះម៉ូតូគេចខ្លួនពីគេទៅ ដើម្បីទៅរកកន្លែងសុវត្ថិភាពផ្សេងទៀត»។
បើតាមលោក ហេង ស្រស់ សពលោក សែន សទ្ធា ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ស្ថិតនៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រុមស្នូលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង បាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយនៅថ្ងៃនេះថា លោក សែន សទ្ធា បានចូលជាសមាជិក និងជាក្រុមស្នូលនៃបណ្ដាញសហគមន៍ព្រៃឡង់ ដើម្បីការពារព្រៃឡង់ និងធនធានធម្មជាតិចាប់តាំងពីឆ្នាំ២០០៥។ លោកតែងតែចុះស៊ើបអង្កេត និងរាយការណ៍អំពីបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ដូចជា ការទន្ទ្រានដីព្រៃខុសច្បាប់ ការកាប់ឈើនៅតំបន់ព្រៃឡង់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាហុក លោក ស៊ឹង សែនករុណា បានជំរុញទៅសមត្ថកិច្ចកម្ពុជា ឱ្យបើកការស៊ើបអង្កេតជុំវិញករណីគំរាមកំហែងនេះ។
លោក ស៊ឹង សែនករុណា ប្រាប់ថា៖ «ការគំរាមហ្នឹងហើយដែលធ្វើឱ្យពួកគាត់ចាកចេញពីទីតាំងពួកគាត់ចុះធ្វើការស្រាវជ្រាវបទល្មើសព្រៃឈើក្នុងតំបន់ហ្នឹង។ អ៊ីចឹង ខ្ញុំដើម្បីបំភ្លឺថា ការដែលពួកគាត់ចាកចេញពីមិនមានការគំរាមកំហែង ឬអត់ហ្នឹង សមត្ថកិច្ចគួរតែមានការបញ្ជាក់នៅក្នុងរឿងហ្នឹង ហើយបើមានការគំរាមកំហែងទៅលើពួកគាត់ គួរតែមានវិធានការទៅលើជនដែលគំរាមកំហែងលើពួកគាត់»។
នាយកក្រុមហ៊ុន ស៊ីង បាយអូថេក និងក្រុមហ៊ុន Angkor Plywood លោក លូ ជូចាង (Lu Chu Chang) បានប្រាប់វីអូឌីតាមអ៊ីម៉ែលថា លោកទទួលបានដំណឹងអំពីករណីនេះហើយនៅព្រឹកថ្ងៃសុក្រនេះ ហើយលោកក៏បានស្វែងរកព័ត៌មានបន្ថែមពីអាជ្ញាធរមូលដ្ឋានផងដែរ ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។
នគរបាលស្រុកសំបូរទទួលបន្ទុកផែនសន្តិសុខ លោក ស៊ុម ប៊ុនឈឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា លោកបានឱ្យអាជ្ញាធរមូលដ្ឋានចុះធ្វើរបាយការណ៍ចំពោះករណីនេះហើយ។ លោកបន្តថា ប្រសិនបើមានករណីគំរាមកំហែងមែន សមត្ថកិច្ចនគរបាលស្រុកនឹងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ។
លោក ស៊ុម ប៊ុនឈឿន ប្រាប់ថា៖ «ចាំមើលខាងរដ្ឋបាលប៉ុស្តិ៍គេចុះទៅស្រាវជ្រាវ បើសិនជាឃើញរឿងហ្នឹងមែនពិត ខ្ញុំឆ្លងយោបល់ទៅថ្នាក់លើនឹងអាចមានវិធានការ»៕