កម្ពុជា​ឋិត​ក្នុង​ចំណោម​អាស៊ាន​៤​ប្រទេស​ជួញ​ដូរ​គ្រឿង​ញៀន​ច្រើន​បំផុត​

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការសហប្រជាជាតិលើកឡើងក្នុងរបាយការណ៍មួយថា កម្ពុជាឋិតក្នុងចំណោមប្រទេសអាស៊ានចំនួន៤ ដែលរកឃើញករណីជួ​ញ​​ដូរថ្នាំញៀនខុសច្បាប់ច្រើនជាងគេបំផុតក្នុងតំបន់ ខណៈតម្លៃធ្លាក់ចុះកាន់តែទាប តែគុណភាពថ្នាំកា​ន់តែ​​ខ្ពស់​។

ក្នុងរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀនឱ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជា ឡា​វ មីយ៉ាន់ម៉ា និងថៃ ត្រូវបានរាយការណ៍ពីការចែកចាយថ្នាំញៀនច្រើនជា​ង​គេបំផុត​​ក្នុងតំបន់ ពីតំបន់ត្រីកោណមាសដែលប្រសព្វរវាងប្រទេសឡាវ មីយ៉ាន់ម៉ា និងថៃ។

តាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា លើកឡើងថា នៅឆ្នាំ២០១៩ ក្រុមឈ្មួញបានបញ្ចុះតម្លៃថ្នាំកាន់តែទាប ប៉ុន្តែ រក្សាកម្រិតថ្នាំនៅដដែល និងបង្កើនកាន់តែខ្ពស់ តាមរយៈការបន្ថយថ្លៃដើមផលិត ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។

របាយការណ៍ដែលមានកម្រាស់ជាង១០០ទំព័រនេះ បញ្ជាក់ថា តម្លៃមេតំហ្វេតាមីនប្រភេទគ្រាប់ និងគ្រីស្ទាល់ក្នុងប្រទេសទាំងនោះ​​​បា​នធ្លាក់ដល់កម្រិតទាបបំផុត ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បើទោះជាថ្នាំដែលរឹបអូសបានកើនឡើងដល់កំណត់ត្រាថ្មីជារៀ​ង​រាល់ឆ្នាំក្តី។

តាមការសិក្សាបញ្ជាក់ថា តម្លៃមេតំហ្វេតាមីនលក់រាយនៅកម្ពុជា ក្នុងមួយគ្រាប់បានចុះថ្លៃពីជាង៤ដុល្លារនៅឆ្នាំ២០១១ ម​ក​នៅ​ក្រោ​ម២ដុល្លារនៅឆ្នាំ២០១៩​ ខណៈនៅថៃ ចុះពីជាង៨ដុល្លារមកនៅ២ដុល្លារកន្លះ នៅមីយ៉ាន់ម៉ាចុះពី៥ដុល្លារមកនៅ​២ដុ​ល្លារ និងនៅឡាវចុះពី ២ដុល្លារកន្លះមកនៅ ដុល្លារកន្លះ គិតធៀបក្នុងរយៈពេលដូចគ្នា។

ប្រភពដដែល ក្រោមការធ្វើវិភាគថ្នាំទាំងប្រភេទគ្រាប់ និងគ្រីស្ទាល់ដែលរឹបអូសបាននៅឆ្នាំ២០១៩ ក្នុងប្រ​ទេសថៃ និងប្រទេសមួយចំនួនបានបង្ហាញថា កម្រិតជាតិញៀនត្រូវបានបង្កើនជាមធ្យមដល់៩៤.៩ភាគរយ ខណៈក្នុងរបា​យការណ៍ឆ្នាំ២០១១ មា​ន​​៩០ភាគរយ។ 

កាលពីខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា បញ្ហាគ្រឿងញៀននៅកម្ពុជាឈានដល់ចំណុចប្រកាសអាសន្នហើយ។ លោកជំរុញឱ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ ខណៈព​ន្ធនាគារស្ទើរគ្រប់កន្លែងចង្អៀតណែនដោយសារ ចំនួនអ្នកជាប់ឃុំដោយសារករណីគ្រឿងញៀនច្រើនពេក។​

ក្នុងរបាយការណ៍ដែលមានចំណងជើងថា “ថ្នាំញៀនសំយោគនៅអាស៊ីភាគអាគ្នេយ៍ និងអាស៊ីខាងកើត” បានទាញការសន្និ​ដ្ឋា​នដោយផ្អែកលើទិន្នន័យគុណភាព និងតម្លៃថ្នាំថា បរិមាណថ្នាំញៀ​នដែលរឹបអូសបាន ទំនងមិនប៉ះពាល់ដល់ទីផ្សារចែកចា​យ​ថ្នាំក្នុងតំបន់ ប៉ុន្តែ វាបង្ហាញពីការកើនឡើងនៃអ្នកប្រើប្រាស់។

តាមប្រភពដដែល នៅឆ្នាំ២០១៩ កម្ពុជារឹបអូសថ្នាំមេតំហ្វេតាមីនបាន៣៨៥គីឡូក្រាម និងថ្នាំសម្រើប (Ecst​a​sy) ជាង៣សែ​ន៨ម៉ឺនគ្រាប់ និងចាប់ខ្លួនអ្នកជួញដូរ និងប្រើប្រាស់ច្រើនជាងពីរដងធៀបនឹងឆ្នាំ២០១៤ ដែលអាជ្ញាធររឹបអូសបានចំនួន២៩គី​ឡូក្រាម​ និងជាង១ម៉ឺនគ្រាប់។

ការស្រាវជ្រាវដដែលបានប៉ាន់ប្រមាណថា ទីផ្សារថ្នាំញៀននឹងមិនរងផលប៉ះពាល់ពីវិធានការទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ១៩ក្នុងតំបន់នោះទេ ប៉ុន្តែ វាអាចនឹងពង្រីកកាន់តែធំក្នុងរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំខាងមុខ ដោយសារឈ្មួញគ្រឿងញៀនតែ​ង​តែឆក់ឱកាសនៅពេលមានវិបត្តិ។

តាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជានៅសប្តាហ៍មុន ក្នងរយៈពេល ៦ខែដើមឆ្នាំ២០២០ សមត្ថកិច្ចរឹបអូសគ្រឿងញៀនច​ម្រុះបានទម្ងន់ជាង៧​៥០គីឡូក្រាម កើនជិត៣០ភាគរយ ធៀបនឹងរយៈពេលដដែលនៅឆ្នាំ២០១៩ ហើយចាប់ខ្លួនឈ្មួញ និងអ្នកប្រើប្រា​ស់បានជាង ៨ពាន់នាក់ កើនឡើងជាង ២៦ភាគរយ ធៀបនឹងឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ