ក្រុម​​សង្គម​ស៊ីវិល​​​បន្ត​​​ការ​ពារ​​របាយ​ការណ៍​​​បំណុល​​​របស់​​កម្មករ​​កាត់​​ដេរ​ ​ក្រោយ​​មាន​​ប្រតិ​កម្ម​​ពី​​វិស័យ​​ហិរញ្ញ​វត្ថុ​

កម្មករ-កម្មការិនីធ្វើដំណើរតាមឡានទ្រុងរោងចក្រ ដើម្បីទៅបំពេញការងារប្រចាំថ្ងៃ ស្ថិតតាមបណ្ដោយផ្លូវមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (សូរ្យ ជ័យឧត្ដម)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ បាន​រក្សា​ជំហរ​របស់​ខ្លួន និង​ការពារ​​ខ្លឹមសារ​នៃ​របាយការណ៍​ស្ទង់​មតិ​មួយ​អំពី​ស្ថានភាព​បំណុល​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​នៅ​កម្ពុជា ដែល​ពួកគេ​ចាត់​ទុក​ថា ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អំឡុង​វិបត្តិ​សុខភាព​សកល។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ សមាគមធាងត្នោត មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងសម្ព័ន្ធសហជីពកម្ពុជា បាន​បញ្ជាក់​ជំហរ​របស់​ពួកគេ​បែប​នេះ​នៅ​ក្នុង​លិខិត​ចំហរ​រួម​មួយ​ចេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ដែល​ឆ្លើយ​តប​ទៅ​នឹង​​សេចក្ដី​ថ្លែងការណ៍​របស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។

ក្នុង​លិខិត​ចំហមួយចេញ​កាលពីថ្ងៃទី១៥ ខែកក្កដា សមាគម​មីក្រូ​ហិរញ្ញវត្ថុ និង​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ទាម​ទារ​ឱ្យ​កែប្រែខ្លឹមសារ​នៃ​របាយការណ៍ចំនួន៣ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កន្លង​មក​ ដែល​បាន​លើក​ឡើង​ពី​បំណុល​ដែល​ជំរុញ​ឱ្យ​មាន​ការ​រំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូចនៅកម្ពុជា។

នាយក​ស្ដីទី​នៃ​អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត នៅ​តែ​អះ​អាង​ថា របាយការណ៍​ស្ទង់​មតិ​នោះ បង្ហាញថា ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ពិតជាជាប់បំណុលធនាគារ និងរងការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូចនៅកម្ពុជាប្រាកដមែន។

ប៉ុន្តែ លោកថា របាយការណ៍នេះ គ្រាន់តែជាផ្នែកមួយ ដើម្បីទុកឱ្យសមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារកម្ពុជា ពិនិត្យ និងពិចារណាជួយសម្រួលដល់កូនបំណុលដែលកំពុងជួបបញ្ហាប្រឈមក្នុងកំឡុងវិបត្តកូវីដ១៩នេះ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះ។

លោក អំ សំអាត ប្រាប់ថា៖ «អ្វីដែលសំខាន់ ចេតនារបស់យើងតែមួយទេ គឺ​ធ្វើយ៉ាងណា​កុំឱ្យមានបញ្ហារំលោភសិទ្ធិមនុស្សកើតឡើងនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ព្រោះរឿងនេះក៏ដូចជាការជួយក្នុងមីក្រូហិរញ្ញវត្ថុដែរ បើសិនជាគាត់[មីក្រូហិរញ្ញវត្ថុ]ធ្វើទៅល្អ សេវារបស់គាត់ប្រកបដោយគុណភាព ដោយតម្លាភាព ហើយជាការជួយដល់ប្រជាពលរដ្ឋចំទិសដៅ។ យើងស្វាមគមន៍!»

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែល​សហជីព​របស់​អ្នកស្រី​ក៏​ចូល​រួម​ក្នុង​របាយការណ៍​ស្ទង់​មតិ​ដែរ​នោះ បាន​និយាយ​ថា ក្រុម​អង្គការ​ស៊ីវិល ជំរុញទៅ​ខាង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ ឱ្យធ្វើការស្រាវជ្រាវ​ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់ថា៖ «មើលទៅគាត់[មីក្រូហិរញ្ញវត្ថុ]មិនទាន់បានមើលរបាយការណ៍យើងឱ្យបានគ្រប់ជ្រុងជ្រោយទេ គាត់បែជាឆ្លើយតបត្រឡប់មកយើងវិញ ស្នើសុំឱ្យយើងកែប្រែ…ហើយយើងមិនបានទៅញុះញង់ភាគីណាទេ ​អ្វីដែលយើងសួរនេះ យើងសួរនាំបងប្អូនកម្មករ ហើយបងប្អូនកម្មករ គាត់និយាយខ្លួនគាត់មកវិញ ប៉ុន្តែគ្រាន់តែរបាយការណ៍នេះវាឆ្លុះបញ្ចាំងថាវាស្តែងចេញពីបងប្អូនកម្មករទូទាំងប្រទេស»

ក្នុងរបាយការណ៍របស់​ពួកគេ​ចេញ​កាលពី​ចុង​​ខែមិថុនា​កន្លង​មក ក្រុម​សង្គម​ស៊ីវិល​ទាំង​បួន​ស្ថាប័ន បាន​និយាយ​ថា ភាគច្រើន​នៅក្នុងចំណោម​កម្មករ​ជាង ១០០នាក់ ដែល​ទទួល​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ បាន​និយាយ​ថា ពួក​គេ​បាន​កាត់បន្ថយ​ការ​បរិភោគ​ ឬបាន​ខ្ចីប្រាក់​ពី​ប្រភព​ផ្សេងទៀត​ ដើម្បី​សងបំណុល​ចាស់។

របាយការណ៍​រក​ឃើញ​ទៀត​ថា ​ក្នុងចំណោម​កម្មករ​កម្មការិនី ១០៦នាក់ ​ដែល​ជាប់​កម្ចី​ខ្នាត​តូច​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កម្មករ​កម្មការិនី ១៦នាក់ ​បាន​លក់​ដីដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ខ្លួន ខណៈ​កម្មករ ៣២នាក់​ផ្សេងទៀត ​បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​លក់​ដី​នា​ពេល​អនាគត។

ជិត ៨០ភាគរយ​នៃ​កម្ចី​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ ត្រូវ​បាន​ដាក់​ប្លង់ដី​បញ្ចាំ នេះជា​ការអនុវត្ត​ទូទៅ​ខាង​ហិរញ្ញវត្ថុ ​ដែល​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា បាន​ធ្វើឱ្យ​កូនបំណុល​ប្រឈម​នឹង​ហា​និ​ភ័យ​បាត់បង់​ដីធ្លី និង​ជីវភាព​រស់នៅ​របស់​ពួក​គេ ព្រមទាំង​អាចប​ង្កើត​ឱ្យមានការ​រំលោភសិទ្ធិ​មនុស្ស​ផ្សេង​ៗ រួម​ទាំង​ការ​ជួញដូរ​មនុស្ស​ និង​ពលកម្ម​កុមារ​ផង​ដែរ។

បន្ថែមពីនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឱ្យគ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ​ ឈប់​តម្រូវឱ្យ​ពួក​គេ​យក​ប្លង់ដី​ដាក់បញ្ចាំ និង​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​តម្រូវឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​រាប់​លាន​ ដែល​ស្ថិត​ក្នុង​ដៃ​របស់​ម្ចាស់បំណុល​ប្រគល់​ទៅ​ម្ចាស់​ដើម​វិញ។

អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានច្រានចោលរបាយការណ៍របស់អង្គការ និងសហជីពទាំងនោះ ​ដោយថា អាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគ្រឹស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកបន្តថា បច្ចុប្បន្ន កម្ពុជា​ជួបវិបត្តិកូវីដ១៩ គឺសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានយកចិត្តទុក​ដាក់​ជួយសម្រួលឱ្យកូនបំណុលប្រមាណ ២២ម៉ឺន​នាក់ ​រៀបចំ​កម្ចី​ឡើងវិញ ដោយ​អ្នកខ្លះ​ស្នើសុំ​ផ្អាក​ការ​សងបំណុល​ពី​បី​ខែ​ទៅ​ប្រាំមួយ​ខែ។

ទោះជាយ៉ាងណា លោក កាំង តុងងី បញ្ជាក់ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា និងយកបញ្ហានេះជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជុំវិញរឿងនោះផងដែរ។

លោក កាំង តុងងី និយាយថា៖ «យើងកំពុងតែជជែកពិភាក្សាផ្ទៃក្នុងជាមួយសមាជិករបស់យើង ព្រោះយើងអត់ចង់ធ្វើអ្វីស្រេច​តែចិត្តទេ ថាតើជម្រើសអ្វីខ្លះដែលយើងគួរធ្វើបន្តទៅទៀត នៅពេលដែលគាត់នៅតែចេញរបាយការណ៍ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់វិស័យ Microfinance [មីក្រូ​ហិរញ្ញវត្ថុ]នៅស្រុកខ្មែរ ដោយឡែកជម្រើស​ផ្លូវច្បាប់ គឺជាជម្រើសចុងក្រោយដែលយើងត្រូវយក»

​របាយការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល បានបញ្ជាក់ថា ប្រជាជន​កម្ពុជា​ជាង ២.៦លាន​នាក់​ជាប់​កម្ចី​​ដែល​ផ្ដល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​នានា ដែល​មាន​ទំហំ​ជាង ១០ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់ឆ្នាំ​មុន ដោយ​កម្ចី​ខ្នាត​តូច​នៅ​កម្ពុជា​គិតជា​មធ្យម​មាន​ចំនួន​ទឹកប្រាក់ ៣,៨០៤ដុល្លារ ជា​ចំនួន​ច្រើនជាង​គេ​បំផុត​នៅក្នុង​ពិភពលោក។

កម្មករ​កាត់ដេរ​ជាប់​ប្រាក់កម្ចី ២០ភាគរយ​ក្នុងចំណោម​កម្ចី​មីក្រូហិរញ្ញវត្ថុ​នៅ​ទូទាំង​ប្រទេសគិត​មកដល់​ដំណាច់ឆ្នាំ​មុន នេះ​បើ​តាម​តំណាង​របស់​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ