អាជ្ញាធរ​​រារាំង​​ក្រុម​​ស្ត្រី​​ភរិយា​ និង​​សាច់​ញាតិ​​សកម្ម​ជន​​អតីត​​បក្ស​​ប្រឆាំង​​ឈរ​​លើក​​បដា​​តវ៉ា​​មុខ​​តុលាការ​ក្រុង​​ភ្នំពេញ​​

អាជ្ញាធរសមត្ថកិច្ចចុះរារាំងក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន នៅពេលស្ត្រីទាំងនោះ​ព្យាយាម​ប្រមូលផ្ដុំ​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុម​ស្ត្រីជា​ភរិយា និង​ក្រុម​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន បាន​ព្យាយាម​ប្រមូលផ្ដុំ​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​​តុលាការ​ឱ្យដោះលែង​ស្វាមី និង​សាច់ញាតិ​ពួក​គេ​មាន​សេរីភាព​វិញ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់។

ក្រុម​ស្ត្រី និង​ពលរដ្ឋ​មួយចំនួន​ទៀត​មាន​គ្នា​ប្រហែល​ជិត ២០នាក់​ ដែល​អះអាង​ថា ជា​ភរិយា និង​ជា​សាច់ញាតិ​របស់​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូលផ្ដុំ​គ្នា​លើក​បដា និង​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាច្រើនលើក​ហើយ ដើម្បី​ទាមទារ​ទៅ​តុលាការ​ឱ្យ​ដោះលែង​អតីត​សកម្មជន​បក្ស​ប្រឆាំង។

អ្នកស្រី អ៊ុ​ក ចន្ទី ដែល​ជា​ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្តស្វាយរៀង លោក យឹម សា​រ៉េ​ត បាន​ប្រាប់​វី​អូ​ឌី​ថា រាល់​លើកពេល​ដែល​ពួក​គាត់​មក​តវ៉ា តែង​រង​ការ​គំរាមកំហែង និង​រុញច្រាន​មិន​ឱ្យ​ស្រែក ឬលើក​បដា​ពីសំណាក់​សម​ត្ថិ​កច្ច និង​សន្តិសុខ​ខណ្ឌ៧មករា។

អ្នកស្រី អ៊ុ​ក ចន្ទី បានឱ្យ​ដឹង​ថា ស្វាមី​របស់​គាត់​ លោក យឹម សា​រ៉េ​ត ដែល​ជា​ជំទប់​ទី១នៃ​ឃុំ​ចន្ត្រី ស្ថិត​ក្នុង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ត្រូវ​សមត្ថកិច្ច​ចាប់​កាលពី​ថ្ងៃទី៧ ខែមីនា ក្រោម​ការចោទប្រកាន់​ពី​បទ​«រួមគំនិតក្បត់» ប៉ុន្តែ អ្នកស្រី​បដិសេធ​ថា ស្វាមី​គាត់​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ឡើយ។

អ្នកស្រី អ៊ុ​ក ចន្ទី ប្រាប់​ថា៖ «ថ្ងៃនេះ​គ្រាន់តែ​ពួក​ខ្ញុំ​លើក​បដា គឺ​សន្តិសុខ និង​ប៉ូលិ​សបាន​មក​រុញច្រាន ហើយ​ដណ្តើម​ហែក​បដា​របស់​ពួក​ខ្ញុំ​ចោល។ ខ្ញុំ​គិតថា អាជ្ញាធរ​ទាំងអស់​ហ្នឹង​កំពុង​បំពាន​លើ​ពួក​ខ្ញុំ​ស្រែ​ៗ ដែល​គ្រាន់តែ​ឈរ​លើក​បដា​ទាមទារ​ដោះលែង​ប្តី​ពួក​ខ្ញុំ។ ប្តី​ខ្ញុំ​មិន​មាន​កំហុស​ដូច​ចោទប្រកាន់​សោះ។ នេះ​វា​ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​ពួក​ខ្ញុំ»។

អ្នកស្រី សេង ចាន់​ថន ដែល​អះអាង​ថា ជា​ភរិយា​របស់​លោក ស៊ុន ធន់ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​របស់​អតីត​បក្ស​ប្រឆាំង និយាយ​ថា ស្វាមី​អ្នកស្រី​ត្រូវ​បាន​គេ​ចាប់ខ្លួន និង​ឃុំ​យ៉ាង​អយុត្តិធម៌។ អ្នកស្រី​បន្ថែម​ថា ពេល​អ្នកស្រី​មក​តវ៉ា​ទាមទារ​សុំ​ឱ្យ​ដោះស្រាយ ​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ៧មករា និង​សមត្ថកិច្ច​រុញច្រាន រួម​ទាំង​គំរាម​ចាប់ខ្លួន​ថែមទៀត។

អ្នកស្រី សេង ចាន់​ថន លើកឡើង​ថា ស្វាមី​របស់​គាត់គឺ​លោក ស៊ុន ធន់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃទី១ ខែមិថុនា ក្រោម​ការ​ចោទ​ថា រួមគំនិតក្បត់​ជាតិ និង​ញុះញង់​ឱ្យ​យោធិន​ពិការ​ស្អប់​រដ្ឋាភិបាល។

អ្នកស្រី សេង ចាន់​ថន ប្រាប់​ថា៖ «ការចោទប្រកាន់​នេះ ខ្ញុំ​យល់ឃើញ​ថា ព្រះរាជអាជ្ញា​ហ្នឹង​គាត់​ចេះតែ​ចោទប្រកាន់​ផ្តេសផ្តាស ការចោទប្រកាន់​នេះ​មិនមានភាព​ត្រឹមត្រូវ ព្រោះ​ប្តី​ខ្ញុំ​គាត់​អត់​បាន​ធ្វើ​ដូច​ការចោទប្រកាន់​របស់​តុលាការ​ទេ។ តុលាការ​ចេះតែ​ចោទ​ចេះតែ​ចាប់ ដើម្បី​គំរាមកំហែង​សកម្មជន​បក្ស​ប្រឆាំង​ភ័យ​ខ្លាចគ្រប់គ្នា»។

អភិបាលខណ្ឌ៧មករា លោក លឹម សុភា បាន​បដិសេធ​បកស្រាយ​ចំពោះការចោទប្រកាន់​នេះ ដោយ​ប្រាប់​ថា កំពុងរវល់​ប្រជុំ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ សុំ​មិន​ឆ្លើយ​ទេ​រឿង​ពលរដ្ឋ​តវ៉ា​មុខ​តុលាការ ប៉ុន្តែ លោក​ថា សំណុំរឿង​របស់​សកម្មជន គឺ​ចៅក្រម​ស៊ើបសួរ​កំពុងតែ​ចំណាត់ការ​តាម​នីតិវិធី។

អ្នកស្រី សេង ចាន់​ថន បានឱ្យ​ដឹង​ថា បន្ទាប់ពី​ក្រុម​សន្តិសុខ​ខណ្ឌ៧មករា​រារាំង​ការ​ជួបជុំ​របស់​ពួក​គាត់ ក្រុម​ស្ត្រី និងសាច់​ញាតិ​របស់​សកម្មជន​អតីត​បក្ស​ប្រឆាំង បាន​នាំគ្នា​ទៅ​ដាក់​ញត្តិ​នៅ​ឯស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ហើយ​អ្នកស្រី​ថា ញត្តិ​របស់​ក្រុម​អ្នកស្រីត្រូវ​បាន​ទទួលយក។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ដែល​ឃ្លាំមើល​ករណីនេះ បាន​ចាត់ទុក​សកម្ម​ភាពរបស់​ក្រុម​សន្តិសុខ និង​សមត្ថកិច្ច​របស់​ខណ្ឌ៧មករា ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​ការ​តវ៉ា​ដោយសន្តិវិធី​ដែល​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «អ្វី​ដែល​ជា​ការរារាំង​នោះ គឺ​សន្តិសុខ​តែងតែ​ចាប់​យក​នូវ​បដា​របស់​ពលរដ្ឋ​ ធ្វើ​ឱ្យ​ពួក​គាត់​ពិបាកធ្វើ​ការ​លើក​ជា​សារ​ហ្នឹង ដើម្បី​បង្ហាញ​អំពី​ការ​ទាមទារ​របស់​ពួក​គាត់។ អ៊ីចឹង​ហើយ​សកម្មភាព​ទាំងនេះ វា​ជាការរំលោភ​ទៅលើ​សិទ្ធិ​ ទៅលើ​ការ​សម្តែង​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​សម្តែង​មតិ​ ដើម្បី​ឱ្យ​សាធារណ​ជន​បានដឹង​អំពីអ្វី​ដែល​ជា​ការ​សំណូមពរ និង​ការ​ទាមទារ​របស់​ពួក​គាត់»។

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​គ្រួសារ​អតីត​គណបក្ស​ប្រឆាំង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អន្តរជាតិ ដោយ​ថា ការ​បន្ត​ឃុំខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​នោះ វា​មិនបាន​ចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ទេ ប៉ុន្តែ ផ្ទុយទៅវិញ វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង លោក សំ សុ​គង់ ឱ្យ​ដឹង​ថា គិត​ចាប់តាំងពី​ខែមករា​ដើមឆ្នាំ​នេះ​មក សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ចំនួន ១៤រូប​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​រួមគំនិតក្បត់ ឬការចោទប្រកាន់​ពី​បទ​ញុះញង់​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ