សមត្ថ​កិច្ច​​បញ្ជូន​​ស្រ្តី​ជា​​ជន​សង្ស័យ​​ដែល​​ប្រើ​​ហិង្សា​​លើ​​ក្មេង​ស្រី​​អាយុ​៥​ឆ្នាំ​ទៅ​​តុលាការ​

ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ​២០២០ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះសួរសុខទុក្ខក្រុមគ្រួសារក្មេងស្រីរងគ្រោះ​ឈ្មោះ​ លាស់​ ម៉ូវីលីយ៉ា ដែលបានរងរបួសធ្ងន់លេីផ្ទៃមុខដោយសារស្រ្តីជនបង្កឈ្មោះ លីវ​ ប៊ុនធឿន យកកាំបិទវះមុខស្ថិតនៅភូមិតិក្ខប្បញ្ញោ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ (រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ)

​អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​អះអាង​ថា​ សមត្ថកិច្ច​បា​នប​ញ្ជូន​ស្ត្រីជា​ជនសង្ស័យ​ដែល​ប្រើប្រាស់​ហិង្សា​លើ​កុមារី​វ័យ៥ឆ្នាំ​ម្នាក់​ទៅ​តុលាការ​នៅ​ព្រឹកមិញ​នេះ។ 

អភិបាលខណ្ឌ​ពោធិ៍សែនជ័យ លោក ម៉ន វុទ្ធី ថ្លែងប្រាប់​វី​អូ​ឌីនៅ​ព្រឹក​ថ្ងៃទី១៧ ខែកក្កដា ថា សំណុំរឿង​នេះ​ត្រូវ​បាន​អធិការដ្ឋាន​ខណ្ឌ​កសាង​សំណុំរឿង​រួចរាល់​តាំងពី​យប់ម្សិល​មិញ​ម្ល៉េះ។ 

លោក ម៉ន វុទ្ធី បាន​បន្ត​ថា ​បទ​ចោទ​ដែល​អធិការដ្ឋាន​ខណ្ឌ​ដាក់បន្ទុក​លើ​ស្ត្រី​រូប​នោះ ​គឺ​ពាក់ព័ន្ធ​នឹង​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស។ 

អភិបាលខណ្ឌ​រូប​នេះ បាន​បញ្ជាក់​ថា ​កាលពី​រសៀល​ថ្ងៃទី១៦ ខែកក្កដាម្សិលមិញ​ ស្នងការ​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​បាន​ចុះ​ឃាត់ខ្លួន​ស្ត្រីជាជន​សង្ស័យ​ម្នាក់​ឈ្មោះ​ លីវ ប៊ុ​នធឿន អាយុ៤៣ឆ្នាំ យក​ទៅ​សាកសួរ ក្រោយពី​ស្រ្តីជាជនសង្ស័យ​ធ្វើសកម្មភាព​យក​កាំបិត​ប៉ុនប៉ង​អារក​សម្លាប់​ក្មេងស្រី​ម្នាក់ ព្រោះតែ​ខឹង​ក្មេងស្រី​រូប​នោះ​យក​ដុំ​ថ្ម​គប់​កូនប្រុស​គាត់ បែកក្បាល​កាលពី​ថ្ងៃទី១៤ ខែកក្កដា។ ក្មេងស្រី​រងគ្រោះ​បាន​រង​របួស​ផ្ទៃមុខ ច្រមុះ ក និង​ដៃ។

កាលពី​ថ្ងៃទី១៤ ខែកក្កដា កូនប្រុស​របស់​ស្រ្តី​ដែល​ជា​ជនសង្ស័យ​បាន​រើស​ដុំ​ថ្ម​គប់​ដាក់​ក្មេងស្រី​រងគ្រោះ ហើយក៏​ត្រូវ​ក្មេងស្រី​រងគ្រោះ​គប់​តបត​វិញ បណ្ដាលឱ្យត្រូវ​ក្បាល​រង​របួស​បែក​រយះ​ដេរ២ថ្នេរ ដោយពេល​នោះ​ម្ដាយ​ក្មេងស្រី​រូប​នោះក៏បាន​ជួយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ផង​ដែរ។

ប្រភព​ពី​អាជ្ញាធរ​ឱ្យ​ដឹង​ថា ហេតុការណ៍​អំពើ​ហិង្សា​លើ​ក្មេងស្រី​ដែល​បង្ក​ដោយ​ស្រ្តីជា​ជនសង្ស័យ​រូប​នេះ​ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ៣ និង១៥នាទី​រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅ​បុរី​ពិភព​ថ្មី​ឈូក​វ៉ា២ ក្នុង​ភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ី រិន បាន​ប្រាប់​ថា ​លោក​មិនទាន់​អាច​ឆ្លើយ​សំណួរ​ណាមួយ​ពី​អ្នកសារព័ត៌មាន​បានទេ​នៅពេល​នេះ ព្រោះ​លោក​មិនទាន់​ទទួល​បាន​សំណុំរឿង​នេះ​នៅឡើយ​។ 

អគ្គលេខាធិការ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ លោកស្រី ញ៉េក សុភាព មានប្រសាសន៍​ថា​ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​មិន​អាច​ទទួលយក​បានទេ​ចំពោះ​ការប្រើ​ប្រាស់​ហិង្សា​លើ​កុមារ​បែបនេះ។ 

លោកស្រី​ថ្លែង​ថា៖ «ក្នុងនាម​ជា​គណៈកម្មាធិការ ខ្ញុំ​នឹង​ធ្វើការ​សាកសួរ​សុខទុក្ខ និង​រៀបចំ​ស្វែងរក​មេធាវី​ដើម្បី​ការពារ​ក្តី។ ក្នុង​នោះ​យើងខ្ញុំ​នឹង​ធ្វើការ​ស្វែងរក​ជំនួយ​គាំពារ​សង្គ្រោះ​ធ្វើ​យ៉ាងម៉េច​ឱ្យអស់​លទ្ធភាព ក្នុង​ជំនួយ​បន្ទាន់​ដំបូង​គឺយើងខ្ញុំ​ត្រូវ​គិតគូរ​លើ​ផ្នែក​អារម្មណ៍​របស់​ក្មេងស្រី​រងគ្រោះ និង​គ្រួសារ​សិន»។ 

របាយការណ៍​ប្រចាំឆ្នាំ២០១៩របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ឱ្យ​ដឹង​ថា ​ករណី​ស្រ្តី និង​ក្មេងស្រី​ក្រីក្រ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​សរុប​មាន​ចំនួន១៦០ករណី (កើតឡើង​នៅ​ខេត្ត​ចំនួន១៤​) ក្នុង​នោះ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ៤៨ករណី អំពើ​រំលោភ​សេពសន្ថវៈ១១០ករណី និង​ប្រទូស​កេរ្តិ៍ខ្មាស២ករណី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ