ធនាគារ​​ពិភព​លោក​​ផ្តល់​​កម្ចី​១០០​លាន​​ដុល្លារ​​ដល់​​កម្ពុជា​​ដើម្បី​​កែ​​លម្អ​​ផ្លូវ​លំ​​នៅ​​ជន​បទ​​

ទិដ្ឋភាពផ្លូវមួយខ្សែដែលកំពុងតែជួសជុលក្នុងខេត្តតាកែវ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ធនាគារ​ពិភពលោក (World Bank​) នៅ​ទី១៧ ខែកក្កដា​នេះ បាន​អនុម័ត​ផ្តល់​ឥណទាន ១០០លាន​ដុល្លារ​សម្រាប់​ជួយ​គាំទ្រ​គម្រោង​កែ​លម្អ​បណ្តាញ​ផ្លូវ​គមនាគមន៍​នៅ​ប្រទេស​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគា​រពិភពលោក​ដែល​ចេញ​នៅ​ថ្ងៃនេះ បញ្ជាក់​ថា គម្រោង​នេះ​នឹង​ពង្រីក​លទ្ធភាព​សម្រាប់​សហគមន៍​ជនបទ​ឱ្យ​ទទួល​បាន​សេវា​ចាំបាច់​នានា ដូចជា ​មណ្ឌលសុខភាព ​មន្ទីរពេទ្យ​បង្អែក សាលារៀន និងទីផ្សារ​ តាមរយៈ​ការ​កែ​លម្អ​ផ្លូវ​ជនបទ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ទៅ​នឹង​កត្តា​ប្រែប្រួល​អាកាសធាតុ។

ធនាគារ​ពិភពលោក​កត់សម្គាល់​ថា ការ​កែ​លម្អ​ផ្លូវ​នេះ​នឹង​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការ​ដឹកជញ្ជូន ​និង​ហានិភ័យ​គ្រោះថ្នាក់​ដោយសារតែ​ផ្លូវ​ខូច ​និង​ជួយ​សម្រួល​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។ 

ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ថា៖ «កង្វះ​លទ្ធភាព​សម្រាប់​ទទួល​បាន​សេវា​មន្ទីរពេទ្យ សាលារៀន និង​សម្រាប់​ដឹកទំនិញ​ទៅកាន់​ទីផ្សារ ជាពិសេស​ក្នុង​រដូវវស្សា ​នៅតែ​ចោទ​ជា​បញ្ហា​ប្រឈម​ធំ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​តាម​តំបន់ជនបទ។ គម្រោង​ថ្មីនេះ​គឺជា​ការ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​របស់​កម្ពុជា។ វា​នឹងរួមចំណែក​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញទៀត​ផង។»

ប្រភព​ដដែល​បញ្ជាក់​ថា​ គម្រោង​នេះ​ត្រូវ​អនុវត្ត​ដោយក្រសួងសាធារណការ​ និង​ដឹកជញ្ជូន និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

ធនាគារ​ពិភពលោក​លើកឡើង​បន្ត​ថា ការ​ជ្រើសរើស​ផ្លូវ​សម្រាប់​ការ​វិនិយោគ​នៃ​គម្រោង​នេះ​ផ្តល់​អាទិភាព​ដល់​ផ្លូវ​ទាំងឡាយ​ណា​ដែល​តភ្ជាប់​ផ្ទះ​អ្នកស្រុក​ជាមួយ​មន្ទីរពេទ្យ សាលារៀន និង​ទីផ្សារ។ តំបន់​គោលដៅ​របស់​គម្រោង​នេះ​មាន ផ្លូវ​នៅក្នុង​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ​ ដែល​គ្រប​ដណ្តប់​លើ​ប្រជាជន​ជាង២លាន​នាក់ ក្នុង​នោះ៨០ភាគរយរស់នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល។

អភិបាលស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម លោក យី វណ្ណៈ មានប្រសាសន៍​ថា ផ្លូវលំ​ជនបទ​យ៉ាងតិច​ចំនួន៣ខ្សែ​ក្នុង​ឃុំ​ចំនួន៣ ក្នុង​ស្រុក​កោះសូទិន ត្រូវ​បាន​រង​ការខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់​កាលពី​ឆ្នាំ២០១៩។ លោក​ថា ​អាជ្ញាធរ​កំពុង​ជួសជុល​ និង​ស្តារ​ផ្លូវ​ទាំងនោះ។ លោក​បញ្ជាក់​ថា ជំនួយ​ស្ដារ​ប្រព័ន្ធ​គមនាគមន៍​មាន​សារសំខាន់​ណាស់ចំពោះ​ជីវភាព​របស់​ប្រជាពលរដ្ឋ។

លោក ​យី វណ្ណៈ មានប្រសាសន៍​ថា៖ «ស្រុក​កោះសូទិន​ខ្ញុំ​នេះ លិចទឹក​ធ្ងន់ជាង​គេ​ក្នុងចំណោម១០ក្រុង​ស្រុកក្នុង​ខេត្ត​កំពង់ចាម។ យើងខ្ញុំ​ចង់បាន​ជំនួយ​ពី​ថ្នាក់​ជាតិ ឬដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្តារ​ផ្លូវ​បេតុង​ឬកៅស៊ូដែល​មាន​កម្ពស់​ផុត​ពី​ទឹក ទើប​ឱ្យ​ពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ ពិសេស​ពេល​ខែ​វស្សា​ ដែល​អាច​ឱ្យ​អ្នកជំងឺ​អាចម​កពេទ្យ​ឬហៅ​ឡានពេទ្យ​អីហ្នឹង​ទាន់​ស្ថានភាព​ជំងឺ»។

ការសិក្សា​របស់​ធនាគារពិភពលោក​បង្ហាញថា ផ្លូវ​ជនបទ​នៅ​កម្ពុជាមាន​ជាង៧៥ភាគរយ​នៃ​បណ្តាញ​ផ្លូវ​សរុប​ទូទាំង​ប្រទេស ប៉ុន្តែ​មានតែ៥ភាគរយ​ប៉ុណ្ណោះ​ដែល​ជា​ផ្លូវ​ក្រាល​កៅស៊ូ។ ភ្លៀង​ខ្លាំង ​និង​ទឹក​ជំ​នន់​ធំៗ​បង្ក​ហានិភ័យ​ខូចខាត​កាន់តែ​ខ្លាំង​ដល់​ប្រព័ន្ធ​ផ្លូវ​នៅ​ជនបទ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីម​អេង មានប្រសាសន៍​ថា ភាគី​ម្ចាស់​កម្ចី ​(World Bank ) និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការអនុវត្ត​គម្រោង​ឱ្យ​បាន​ហ្មត់ចត់​ជាង​គម្រោ​ងមុន​ៗ ទើប​អាច​ធានា​គុណភាព​ផ្លូវ​ជាប់​បាន​យូរអង្វែង។

លោក យង់ គីម​អេង លើកឡើង​ថា៖ «គុណភាព​ផ្លូវលំ​ជនបទ​នេះ​ជា​ការ​ប្រឈម​មួយ​ដែរ កន្លងមក​ការ​ធ្វើរួច​ហ្នឹង​មិនសូវ​ជាប់​បាន​យូរ​ទេ។ ខ្ញុំ​ថា​សំខាន់​បំផុត​ចាំបាច់​ត្រូវ​រៀបចំ​យ៉ាងម៉េច ពិនិត្យ​គុណភាព​យ៉ាងម៉េច ស្ដ​ង់​ដារ​យ៉ាងម៉េច​? បើ​មិន​អ៊ីចឹង​ទេ យើង​នៅតែ​ចាយ​លុយ​ជា​តិ​ដដែល​ៗ នៅតែ​មាន​បញ្ហា​ចំពោះ​គុណភាព​ផ្លូវ។ ម្យ៉ាងទៀត​គួរតែ​មានការ​ចូលរួម​មតិយោបល់​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកឃ្លាំមើល ​និង​រស់នៅ​ទីតាំង​អនុ​វត្ត​ន៍គម្រោង»។

របាយការណ៍​របស់ក្រ​សួង​សេដ្ឋកិច្ច​បង្ហាញថា ​កម្ពុជា​បាន​ជំពាក់បំណុល​ធនាគារពិភពលោក​ចំនួន​ជាង១ពាន់៣រយ​លាន​ដុល្លារ​ ឬស្មើនឹង​ជាង១០​%នៃ​បំណុលសរុប​ដែល​កម្ពុជា​ជំពាក់​បរទេស។ គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៩ កម្ពុជា​ជំពាក់បំណុល​បរទេស​សរុប​ជាង១២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ