ក្រសួងសុខាភិបាល ស្នើឱ្យសមត្ថកិច្ចស្វែងរកបុគ្គលដែលផ្សព្វផ្សាយថា កម្ពុជា កំពុងតែជួបបញ្ហាប្រឈមគ្រោះថ្នាក់ ដោយមានករណីឆ្លងរាលដាលមេរោគកូវីដ១៩នៅតាមសហគមន៍ជាទ្រង់ទ្រាយធំ។
កាលពីថ្ងៃទី១៨ ខែកក្តដា ម្សិលមិញ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានច្រានចោលនូវព័ត៌មានមួយបានបង្ហោះតាមYou Tubeក្រោមខ្លឹមសារថា កម្ពុជា ប្រឈមនឹងការចម្លងកូវីដ១៩ជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា អាជ្ញាធរ និងសមត្ថកិច្ច ត្រូវចាត់វិធានការ និងផ្តន្ទាទោសចំពោះអ្នកដែលបំផ្លើសព័ត៌មានតាមផ្លូវច្បាប់ជាធរមាន។
លោកស្រីថ្លែងថា៖ «ព័ត៌មានប្រឌិតនេះ ខ្ញុំសូមច្រានចោលទាំងស្រុង និងសូម ផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះរហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានការចម្លងចូលក្នុងសហគមន៍ ទ្រង់ទ្រាយធំណាមួយនោះទេ»។
គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន១៧១នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន១៣៦នាក់៕