រដ្ឋា​ភិបាល​​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​​ផល​​ប៉ះ​ពាល់​​កម្មករ​​ដោយ​សារ​​ជំងឺ​​កូ​វីដ​១៩​ក្រោយ​​របាយ​ការណ៍​​របស់​​សង្គម​​ស៊ីវិល​

កម្មករ-កម្មការិនី ដែលទើបត្រលប់មកពីស្រុកក្រោយចូលឆ្នាំខ្មែរ ធ្វើតេស្ត និងអនុវត្តវិធានការចត្តាឡីស័​ក នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​រស់នៅ និង​ផល​ប៉ះពាល់​របស់​កម្មករ​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

កាលពី​ថ្ងៃទី១៧ ខែ​កក្កដា​សប្ដាហ៍​មុន ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជូនដំណឹង​មួយ​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស និង​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង ​រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ថា អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្ប​បរមា នឹង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​ជីវភាពរស់នៅ និង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ១៩ ទៅលើ​កម្មករ​នៅ​ឆ្នាំ២០២០។

ក្រសួង​បញ្ជាក់​ទៀត​ថា ក្រុម​មន្ត្រី​របស់ក្រ​សួងនឹង​ចុះ​សង្កេត​សិក្សា​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃទី១៧ ខែ​កក្ត​ដា ដល់​ថ្ងៃទី៣១ ខែកក្កដា ដោយ​អះអាង​ថា នឹង​អនុវត្ត​ទៅលើ​គំរូ​សំណាក​កម្មករ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយចៃដន្យ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត។

ការប្រកាស​សិក្សា​ស្រាវជ្រាវ​របស់ក្រ​សួង​នេះ ធ្វើឡើង​ក្រោយពី​សង្គម​ស៊ីវិល​មួយ​ក្រុម​បាន​ចេញ​របាយការណ៍​ស្ទង់មតិ​មួយ​អំពី​ស្ថានភាព​បំណុល​ក្នុងចំណោម​កម្មករ​កាត់ដេរ​នៅ​កម្ពុជា ដែល​អង្គការ​ទាំងនោះ​ចាត់ទុកថា បាន​ជំរុញ​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​អំឡុង​វិបត្តិ​សុខភាព​សកល ប៉ុន្តែ របាយការណ៍​នេះត្រូវ​បាន​ច្រានចោល​ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ។

ក្នុង​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កាលពី​ចុងខែ​មិថុនា និយាយ​ថា ភាគច្រើន​នៅក្នុងចំណោម​កម្មករ​ជាង ១០០នាក់ដែល​ទទួល​កម្ចី​ខ្នាត​តូច​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​និយាយ​ថា ពួក​គេ​បាន​កាត់បន្ថយ​ការ​បរិភោគ ឬបាន​ខ្ចីប្រាក់​ពី​ប្រភព​ផ្សេងទៀត ដើម្បី​សងបំណុល​ចាស់។

របាយការណ៍​ដដែល​នេះ រក​ឃើញ​ទៀត​ថា ក្នុងចំណោម​កម្មករ​-កម្មការិនី ១០៦នាក់ ដែល​ជាប់​កម្ចី​ខ្នាត​តូច​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កម្មករ​-កម្មការិនី ១៦នាក់ បាន​លក់​ដី​ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ​របស់​ខ្លួន ខណៈ​កម្មករ ៣២នាក់​ផ្សេងទៀត បាន​និយាយ​ថា ពួក​គេ​មាន​គម្រោង​លក់​ដី​នា​ពេល​អនាគត។

ជិត ៨០ភាគរយ នៃ​កម្ចី​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ត្រូវ​បាន​ដាក់​ប្លង់ដី​បញ្ចាំ នេះ​ជា​ការអនុវត្ត​ទូទៅ​ខាង​ហិរញ្ញវត្ថុ ដែល​ក្រុម​សង្គម​ស៊ីវិល​អះអាង​ថា បាន​ធ្វើ​ឱ្យ​កូនបំណុល​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​ដីធ្លី និង​ជីវភាពរស់នៅ​របស់​ពួក​គេ ព្រមទាំង​អាចប​ង្កើត​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​ផ្សេង​ៗ រួម​ទាំង​ការ​ជួញដូរ​មនុស្ស និង​ពលកម្ម​កុមារ​ផង​ដែរ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចាត់ទុក​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ថា នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។

សមាគម​មួយ​នេះបាន​លើកឡើង​ថា បច្ចុប្បន្ន កម្ពុជា​ជួប​វិបត្តិ​កូ​វីដ១៩ គឺ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​យកចិត្ត​ទុកដាក់​ជួយ​សម្រួល​ឱ្យ​កូនបំណុល​ប្រមាណ ២២ម៉ឺន​នាក់ រៀបចំ​កម្ចី​ឡើងវិញ ដោយ​អ្នកខ្លះ​ស្នើសុំ​ផ្អាក​ការ​សងបំណុល​ពី​បី​ខែ​ទៅ​ប្រាំមួយ​ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ