អភិបាល​ខេត្ត​​កំពង់ស្ពឺ​​ថា​ គ្មាន​​នរណា​​ត្រូវ​​បាន​​ចាប់​ខ្លួន​​ក្រោយ​​ដី​​តំបន់​​ការពារ​​ជាង​៤​ពាន់​​ហិ​កតា​​ត្រូវ​​បាន​​ទន្រ្ទាន​​យក​

លោក វុី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ (Royal Government Spokesperson Unit)

​អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង អះអាង​ថា រដ្ឋបាល​ខេត្ត​នេះបា​នដ​កហូតដី​ទំហំ​ជាង ៤,០០០ហិ​កតា ដើម្បី​យក​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ក្រោយពី​រក​ឃើញថា ដី​នោះ​ត្រូវ​បាន​ជន​ខិលខូច​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ» នៅ​ថ្ងៃនេះ អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង លើកឡើង​ថា ចាប់ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២០ អាជ្ញាធរ​ខេត្ត​បាន​ដកហូត​ដី​ទំហំ ៤,៤៣៣ហិ​កតា​ពី​ជនខិលខូច​ដែល​បា​នកាប់ទន្ទា្រនដី​ព្រៃ​របស់​រដ្ឋ​យក​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

លោក​បន្ត​ថា ដីធ្លី​ដែល​ត្រូវ​បាន​អាជ្ញាធរ​ដកហូតមាននៅ​ស្រុក​ឱរ៉ាល់​ចំនួន ៦កន្លែង ដែល​មាន​ទំហំដី ២,៧៣២ហិ​កតា និង​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត «គីរី​រម្យ» ស្រុក​ភ្នំស្រួច​ មាន​ចំនួន ១,៧០១ហិ​កតា។

លោក សំណាង បាន​ប្រាប់​វី​អូ​ឌី​បន្ថែម​ថា បច្ចុប្បន្ន​នេះ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​រំលោភ​យក​ដីធ្លី​សាធារណៈ​របស់​រដ្ឋ​នៅឡើយ​ទេ ប៉ុន្តែ លោកថា អាជ្ញាធរ​កំពុង​ស្វែងរក​ជនខិលខូច ឬអ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

លោក វ៉ី សំណាង ថ្លែង​ថា៖ «ដូច​ខ្ញុំ​បាន​បញ្ជាក់​អ៊ីចឹង យើង​ខិតខំ​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ ប៉ុន្តែ រក​មិនទាន់​ឃើញ ហើយ​បើ​ឃើញ យើង​បញ្ជូន​ទៅ​តុលាការ​អនុវត្ត​ច្បាប់»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថា​វី ជំរុញ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​អ្នក​ដែ​លបានទន្ទា្រ​នដី​រដ្ឋ​ឱ្យ​មាន​តម្លាភាព។ 

លោក រ័ត្ន ថា​វី ប្រាប់​ថា៖ «ប្រជាពលរដ្ឋ​ធម្មតា គាត់​មិន​ហ៊ាន​ទេ ទៅ​ចាប់ ឬទៅ​ទន្ទ្រាន​យក​ដី​សាធារណៈ​របស់​រដ្ឋធ្វើជា​កម្មសិទ្ធិ​ហ្នឹង វា​មានតែ​អ្នកមាន​អំណាច​ទេដែលគាត់​ហ៊ាន​នោះ។ បើ​តាមច្បាប់ ​អ្នក​ទន្រ្ទាន​យក​ដី​សាធារណៈ​រដ្ឋ អ្នក​ដែល​ចាប់​យក​ ត្រូវ​ទទួលទោស​តាមច្បាប់ ដើម្បី​ព្រមាន​ទៅដល់​អ្នក​ផ្សេងទៀតកុំឱ្យ​ប្រព្រឹត្ត​អំពើ​ហ្នឹង»។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ជុំវិញ​ករណីនេះ ប៉ុន្តែ លោក​មិនបាន​ឆ្លើយតប​នោះ​ឡើយ​នៅ​ថ្ងៃនេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ