វិភាគ៖ ការ​អប់រំ​​យុវជន​ និង​​កិច្ច​ការ​​សង្គម​ជាតិ​​

និស្សិតប្រមាណជិត១០០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច បានធ្វើទស្សនកិច្ចសិក្សា​ និងចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគេ ទៅដល់សិស្សានុសិស្ស ដែលសិក្សានៅវិទ្យាល័យ​ «ជាស៊ីមកំពង់ថ្ម» ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។ រូបភាព៖ ជន ចាន់រ៉ែន

ព្រឹត្តិ​កា​រណ៍​ធំៗ​ដែល​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​យក​ទៅចុះ​ផ្សាយ​នៅក្នុង​ខែកក្កដា ​រួមមាន ខួប៤ឆ្នាំ​ការ​សម្លាប់​លោក កែម ឡី ការ​ប៉ះ​គ្នា​រវាង​ស្ថាប័ន​ផ្តល់​កម្ចី​និង​ក្រុម​ការពារ​សិទ្ធិមនុស្ស​លើ​បញ្ហា​បំណុល​របស់​ពលរដ្ឋ កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​អាជ្ញាធរ​វៀតណាម​រារាំង​មិន​ឱ្យធ្វើ​ស្រែ និង​ករណី​កងទ័ព​វៀតណាម​មិនទាន់​រើ​តង់​ចេញពី​តំបន់​ព្រំដែន​ជាដើម។

ទោះជា​បញ្ហា​ទាំងនេះ​មានការ​ជជែក​ដេញ​ដោល ភាគី​ពាក់ព័ន្ធ​ប្រឹងប្រែង​ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ​មក​បង្ហាញ​ក៏ដោយ ប៉ុន្តែ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្រុម​ស្រទាប់​យុវជន​នោះ​ទេ។

និស្សិត​ច្បាប់ និង​ជាសកម្ម​ជន​មួយ​រូប​ក្នុង​កិច្ចការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ការពារ​បរិស្ថាន យុវជន​ ឃី ពិសី លើកឡើង​ថា យុវជន​បច្ចុប្បន្ន​ហាក់​ចាប់អារម្មណ៍​ខ្លាំង​លើ​សម្ភារ​ទំនើប ឬគេ​ហៅថា ប្រេនៗ។ យុវជន​ ពិសី​ សង្កេតឃើញ​ទៀត​ថា ក្នុង​ស្រទាប់​យុវជន​ចាប់អារម្មណ៍​សប្បាយរីករាយ​ជាមួយ​ការ​ប្រគំតន្ត្រី ឬព្រឹត្តិ​កា​រណ៍​សប្បាយ​ៗជាង​រឿងរ៉ាវ​បញ្ហា​រួម​ក្នុង​សង្គម។

និស្សិត​ច្បាប់ និង​ជាសកម្ម​ជន​មួយ​រូប​ក្នុង​កិច្ចការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ការពារ​បរិស្ថាន យុវជន​ ឃី ពិសី។ (ហ្វេសប៊ុក Khy Pisey)

យុវជន ​ឃី ពិសី៖ «ការ​ប្រគុំ​តន្ត្រី​ដែល​មាន​តា​រា​ល្បី​ៗចូលរួម​ហ្នឹង គឺថា មាន​យុវជន​ចូលរួម​ច្រើនណាស់ គឺ​ច្រើនជាង​វ័យ​ណាៗ​ទាំងអស់។ ប្រជ្រៀតគ្នា​ ដណ្តើម​គ្នា​ទៅ​គាំទ្រ​តារា​គាត់។ អ៊ីចឹ​ងយើង​ឆ្លុះបញ្ចាំង​ថា បើសិនជា​បញ្ហា​សង្គមជាតិ​មាន​យុវជន​ដណ្តើម​គ្នា​ដោះស្រាយ ដណ្តើម​គ្នា​ឈឺ​ឆ្អាល​អ៊ីចឹង យើង​អត់​ដឹង​ថាសប្បាយចិត្ត​ប៉ុណ្ណា​ទេ។»

ការ​ប្រគំ​តន្ត្រី​ធំៗ​របស់​ក្រុមហ៊ុន​លក់​ផលិតផល ​រួម​ទាំង​ក្រុមហ៊ុន​លក់​ស្រា​បៀរ​ជាច្រើន​ប្រភេទ​នោះ​ គឺ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ស្រទាប់​យុវជន។ ការ​ប្រគំតន្ត្រី​ទាំង​នៅក្នុង​ទីក្រុង តំបន់ជនបទ ឬនៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្តី គេ​តែងតែ​យក​ក្រុម​យុវជន​មក​ផ្សព្វផ្សាយជំរុញ​ឱ្យ​យុវជន​ដែល​ទស្សនា​សប្បាយរីករាយ ហើយ​គាំទ្រ​ផលិតផល​របស់​ពួក​គេ។

ក្រៅពី​ការចាប់អារម្មណ៍​ផលិ​តផលទំនើប​ៗ រួម​ទាំង​ស្រា​បៀរដែល​ផ្សព្វផ្សាយ​ដោយ​បើកចំហ​នោះ ក្រុម​យុវជន​ក៏​កំពុង​ផុងខ្លួន​ខ្លាំង​ទៅ​ក្នុង​ស្ថានភាព​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀនដែល​កំពុង​កើតមាន​គ្រប់​ភូមិ​ឃុំ មិនថាតំបន់​ដាច់ស្រយាល ឬទីប្រជុំជន​នោះ​ទេ។ ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ និង​ការ​ចង្អៀត​ណែន​នៅ​តាម​ពន្ធនាគារ ក៏​បណ្តាល​មក​ពី​មូលហេតុ​អ្នកប្រើ​ប្រាស់​គ្រឿងញៀន​ពី​ក្រុម​ស្រទាប់​យុវជន​មិន​ថយ​ចុះ​នេះ​ដែរ។

តើក​ត្តា​អ្វីខ្លះ​បាន​នាំ​ឱ្យ​យុវជន​ចាប់អារម្មណ៍​រឿង​មិនសូវ​មានប្រយោជន៍ ឬរឿង​ដែល​បំផ្លាញ​ខ្លួនឯង​ជាជាង​កិច្ចការ​ងារ​សង្គមជាតិ​នោះ​?

តាម​ការ​អះអាង​របស់​វាគ្មិន​លើកឡើង​ថា កត្តា​អប់រំ​ជា​បញ្ហា​ចម្បង​មាន​ឥទ្ធិពល​លើ​ការយល់​ដឹង និង​ការសម្រេច​ចិត្ត​ ឬការ​ធ្វើសកម្មភាព​របស់​ក្រុម​យុវជន។ ការអប់រំ​នៅពេល​នេះ សំដៅ​ទាំង​ក្នុង​គ្រួសារ សាលារៀន និង​សង្គម​ទាំងមូល។

នៅក្នុង​គ្រួសារ​មួយចំនួន​បណ្តុះ​ឱ្យ​កូន​ៗរៀន​ជំនាញ​ណា​ដែល​រកលុយ​បាន​ងាយស្រួល ធ្វើការងារ​តិច ឬមិន​សូវ​លំបាក​ តែ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់។ ឪពុក​ម្តាយ​មួយចំនួន​រហូត​ណែនាំ​ឱ្យ​កុំឱ្យ​និយាយ​ ឬធ្វើអ្វី​ដែល​ប៉ះពាល់​ដល់​គេ ហើយពាក្យ «គេ» ដែលពួក​គាត់​និយាយ​នេះ​សំដៅលើ​អ្នកមាន​ឥទ្ធិពល​ ឬមានអំណាច ​តែពួក​គាត់​មិន​ប្រាប់​កូន​ថា កុំឱ្យ​ធ្វើអ្វី​ដែល​ប៉ះពាល់​ដល់​ច្បាប់​នោះ​ទេ។

ផ្នត់គំនិត​របស់​ឪពុក​ម្តាយ ​ឬសាច់ញាតិ​ដែល​មានត​ជំនាន់បាន​រារាំង​យុវជន​មិន​ឱ្យឈឺឆ្អាល​រឿង​កិច្ចការ​សង្គម​នោះ​មាន​ដូចជា ងើយ​ស្កក​ឱន​ដាក់គ្រាប់​ ចូល​ស្ទឹង​តាម​បត់​ អារ​សាច់​ឱ្យ​ខ្លា​ដើម្បី​សេចក្តី​សុខ ចាញ់​ជា​ព្រះ​ឈ្នះ​ជា​មារ​ ឈឺឆ្អាល​រឿង​សង្គម​បើ​មិន​ស្លាប់ ជាប់គុក ឬរត់ចោលស្រុក​ជាដើម។ 

បច្ចុប្បន្ន​ យុវជន​មួយចំនួន​អាច​រួចផុត​ការ​ប្រឈម​ក្នុង​រឿង​សង្គម​នយោបាយ ប៉ុន្តែ​បែរជា​ទៅ​ប្រឈម​ជាមួយ​បញ្ហា​គ្រឿងស្រវឹង និង​គ្រឿងញៀន។ រដ្ឋាភិបាល​មិនបាន​ស្រាវជ្រាវ​ថា យុវជន​ប៉ុន្មាន​នាក់​រង​ផល​ប៉ះពាល់​ដោយសារ​គ្រឿងស្រវឹង​ទេ ប៉ុន្តែ​ របាយការណ៍​ក្រសួងមហាផ្ទៃ​បង្ហាញថា ក្នុងមួយឆ្នាំ​ៗសមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ប្រមាណ២ម៉ឺន​នាក់។

​ក្នុង​ឱកាស​ទទួល​ទឹកប្រាក់​ឧបត្ថម្ភ​ចំនួន២លាន​ដុល្លារពី​ក្រុម​ហ៊ុន​ ណា​ហ្គាវើលដ៍ ដើម្បី​ចូលរួម​លើកកម្ពស់ «ការ​អភិវឌ្ឍ​យុវជន និងកីឡា ក្នុង​ខេត្ត​កំពង់ស្ពឺ» រៀបចំ​ធ្វើឡើង​នៅ​ផ្សារ​ទំនើប ក្រោម​ដី​របស់​ណា​ហ្គា កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ​ឆ្នាំ២០១៩ លោក ហ៊ុន ម៉ា​នី លើកឡើង​ថា ការអភិវឌ្ឍ​នៅ​គ្រប់​ប្រទេស​ទាំងអស់​ត្រូវការ​ការចូលរួម​ពី​ក្រុម​យុវជន។ លោក​បន្ត​ថា ដើម្បី​ឱ្យ​យុវជន​ក្លាយជា​អ្នកដឹកនាំ​បន្តវេន​នៅក្នុង​សង្គម​ យុវជនត្រូវ​មានចំណេះ​ដឹង​ខ្ពស់។

លោក ហ៊ុន ម៉ា​នី៖ «ដើម្បី​ធានា​បានអ្នក​បន្ដ​វេនហ្នឹងអាច​ទទួលខុសត្រូវចំពោះ​ជោគវាសនា​របស់​ប្រទេសជាតិ ពួក​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណាឱ្យ​ពួក​គាត់​មាន​បញ្ញាញាណ​ក្នុង​ការ​ថ្លឹងថ្លែង»។

ចំណេះដឹង ​ឬបញ្ញា​ខ្ពស់​របស់​កូន​ៗគឺជា​ការ​យកចិត្ត​ទុកដាក់​របស់​ឪពុក​ម្តាយ ដែល​អ្នកខ្លះ​ទោះ​មិនសូវ​សម្បូរ​លុយ​ក៏​ខំប្រឹង​ប្រែង​បញ្ជូន​កូន​ទៅរៀន​នៅ​សាលា​ឯកជន​ដែល​ត្រូវ​បង់ថ្លៃ​សាលា​ពី​រាប់ពាន់​ទៅ​ម៉ឺន​ដុល្លារ​ក្នុងមួយឆ្នាំ។

ចំពោះ​ការអប់រំ​នៅ​សាលារៀន យុវជន ​ឃី ពិសី លើកឡើង​ថា កម្ម​វិធី​អប់រំ​ហាក់​មិន​ផ្តោត​ឱ្យ​ក្រុម​យុវជនយល់ដឹង​ពី​បញ្ហា​សង្គមជាតិ​នោះ​ទេ។

យុវជន ​ឃី ពិសី៖ «គ្រូបង្រៀន​ដែល​បណ្តុះ​មនុស្ស​ឱ្យ​ចេះ​គិត ឱ្យ​យល់ដឹង សួរ​ថា គាត់​មានមនសិការ​ប៉ុណ្ណា​ក្នុង​ការចែក​រំលែក​ចំណេះដឹង​ទៅ​យុវជន? ក្នុង​ការ​បណ្តុះ​ផ្នត់គំនិត​យុវជន​ឱ្យ​គាត់​ចេះ​គិតពិចារណា​កម្រិត​ណា​? ព្រោះ​យើង​ឃើញថា សាលារៀន​មួយចំនួន​បង្រៀន​សិស្ស​ឱ្យ​រួច​តែ​ពី​ម៉ោង​ទេ បានន័យ​ថា បង្រៀន​យក​តែ​ប្រាក់ខែ។»

សម្រាប់​យុវតី​នៅក្នុង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​សកម្ម​ក្នុង​ការចូលរួម​ការពារ​បរិស្ថាន និង​លើកស្ទួយ​យុត្តិធម៌​សង្គម ​យុវតី ឈឿន ដារ៉ា​វី លើកឡើង​ថា បញ្ហា​ប្រព័ន្ធ​អប់រំ​បច្ចុប្បន្ន​មិន​ត្រឹមតែ​មិន​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការ​សង្គម និងនយោបាយ​នោះ​ទេ តែ​ថែមទាំង​រារាំង​ទៅវិញ។

សម្រាប់​យុវតី​នៅក្នុង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​សកម្ម​ក្នុង​ការចូលរួម​ការពារ​បរិស្ថាន និង​លើកស្ទួយ​យុត្តិធម៌​សង្គម ​យុវតី ឈឿន ដារ៉ា​វី។ (ហ្វេសប៊ុក ឈឿន ដារ៉ាវី)

យុវ​តី ​ឈឿន ដារ៉ា​វី៖ «សាលា​ដាក់​វិធានការ​មិន​ឱ្យ​ជជែក​ទេ​រឿង​សង្គម​នៅក្នុង​សាលា​ទៅទៀត។ ចឹង​បាន​ថា ការអប់រំ​រាល់ថ្ងៃ​ហ្នឹងមិនបាន​អប់រំ​ឱ្យ​យុវជន​ហ្នឹងឱ្យ​ចាប់ផ្តើម​ឈឺឆ្អាល​រឿង​សង្គម​ទេ តែ​រារាំង​ទៅវិញ»។

រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន ​និងកីឡា លោក ហង់ ជួន​ណា​រ៉ុន ថ្លែងប្រាប់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ​កាលពី​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៩ ថា ច្បាប់​មិន​អនុញ្ញាត​ឱ្យ​មានការ​ជជែក​រឿង​នយោបាយ​នៅក្នុង​សាលារៀន​នោះ​ទេ ព្រោះ​សាលារៀន​ជា​ស្ថាប័ន​អព្យាក្រឹត។

យុវជន ​ឃី ពិសី ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្ក​បរិយាកាស និង​ជំរុញ​ឱ្យ​មានការ​ចូលរួម​ដោយ​ស្មើភាព​គ្នា​ក្នុង​ការគិត ជជែក និងចូលរួម​សកម្មភាព​នយោបាយ ចៀសវាង​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​ក្រុម​យុវជន។

យុវជន ​ឃី ពិសី៖ «វា​ទាល់តែ​មានការ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល កុំ​ហាមឃាត់​គ្នា។ បើ​គ្នា​ចូលរួម​ក្នុង​សកម្មភាព​សង្គម​នយោបាយ​ កុំ​ចាប់ចង​គ្នា កុំ​ធ្វើ​ទុ​ក្ខ​បុកម្នេញ​ផ្នែក​ផ្លូវច្បាប់​ដល់គ្នា។ ឃើញ​ជាក់ស្តែង​ហើយ មានតែ​ប៉ុន្មាន​នាក់​ទេ​ដែល​ហ៊ាន​និយាយ​រឿង​សង្គម ចឹ​ងនៅ​ពេល​ដែល​និយាយទៅ ស្រាប់តែ​ចាប់ចង​គ្នា ដាក់ច្រវាក់ សួរ​ថា តើ​យុវជន​ផ្សេងទៀត​គ្នា​ហ៊ាន​អត់​? គាត់​ហ៊ាន​ឈឺឆ្អាល​រឿង​សង្គមជាតិ​អត់​?»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ