ក្រសួង​អប់រំ​បញ្ជាក់​ថា​សាលា​ឯក​ជន​ចំនួន​២០​នឹង​បើក​ដំណើរ​ការ​នៅ​ខែ​សីហា​ខាង​មុខ​នេះ​

ក្រសួងអប់រំ យុវជន និងកីឡា (រូបថត៖ ហ៊ួត វុទ្ធី)

អ្នកនាំពាក្យក្រសួងអប់រំអះ​អាងថា ក្នុងខែសីហាខាងមុខនេះ គ្រឹះស្ថានសិក្សាឯកជនចំនួន២០នឹងបើកដំណើរការសាកល្បងក្នុងដំណាក់កាលទី១ បន្ទាប់ពីក្រសួងបានវាយតម្លៃថា គ្រឹះសា្ថនទាំងនោះមានស្តង់ដារផ្នែកសុវត្ថិភាពសុខភាពខ្ពស់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំថ្លែងប្រាប់វីអូឌីកាលពីសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា ការបើកដំណើរការសាកល្បងក្នុងដំណាក់កាលទី១ គឺក្រសួងអប់រំបានត្រួតពិនិត្យនិងវាយតម្លៃខ្ពស់ចំពោះគ្រឹះស្ថានឯកជនទាំង២០នេះរួចរាល់ហើយ។

លោក សុវាចា បន្តថា ការវាយតម្លៃទាំងនោះរួមមាន ការរៀបចំបរិស្ថាន គ្រឹះស្ថានអប់រំត្រូវបាញ់ថ្នាំសម្លាប់មេរោគ បំពាក់ឧបករណ៍ស្តង់ដារ គ្រូបង្រៀននិងសិស្សត្រូវធ្វើតេស្តរកមេរោគកូវីដមុនបើកដំណើរការសាលា។

លោកថ្លែងបន្តថា៖ «ប្រសិនបើគ្រឹះស្ថានសិក្សាណាធ្វេសប្រហែសនិងល្មើសពីអនុស្សរណៈយោគយល់គ្នា នោះក្រសួងនឹងធ្វើការព្រមាន ហើយអាចឈានទៅដល់ផ្អាកដំណើរការបណ្តោះអាសន្ន»។

ប្រភពដដែលបានបញ្ជាក់ថា ​ការបើកគ្រឹះស្ថានសិក្សាឯកជននេះមិនមែនបូករួមទាំងសាកលវិទ្យាល័យឯកជននោះទេ ពោលគឺគិតត្រឹមគ្រឹះស្ថានសិក្សាតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ មានប្រសាសន៍ថា ការបើកសាលារៀនស្តង់ដារខ្ពស់គឺជាការសម្រេចចិត្តពីអន្តរក្រសួងទាំងមូលក្នុងនោះមានក្រសួងសុខាភិបាល ក្រសួងអប់រំ អាជ្ញាធរដែនដី ព្រមទាំងក្រសួងផ្សេងទៀត។

លោក លី សុវណ្ណ ប្រាប់បន្តថា សាលាមិនអាចមានសិទ្ធសម្រេចបើកសាលារៀនខ្លួនឯងបាននោះទេ ហើយក្រសួងសុខាភិបាលបានត្រួតពិនិត្យស្ថានភាពទីតាំងយ៉ាងម៉ត់ចត់។

លោកថ្លែងថា៖ «ដោយសារការព្រួយបារម្ភ ទើបយើងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការបង្ការ ធ្វើយ៉ាងម៉េចធ្វើឱ្យបងប្អូនតាមស្ថាប័នទាំងអស់ត្រូវអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល កុំឱ្យមានឆ្លងតាមសហគមន៍»។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យមានវិស្សមកាលតូចនិងការឈប់សម្រាកមុនកាលកំណត់កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជារកឃើញករណីកូវីដ១៩ជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ