មន្ទីរសុខាភិបាលខេត្តកំពង់ចាមបានសម្រេចផាកពិន័យលើស្ត្រីសញ្ជាតិខ្មែរ-អាមេរិកជាទឹកប្រាក់ចំនួន១លានរៀល ក្រោយពីស្រ្តីរូបនោះបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក។
យោងតាមកិច្ចសន្យាធ្វើឡើងជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី២១ ខែកក្កដា ស្ត្រីសញ្ជាតិខ្មែរ-អាមេរិកឈ្មោះ លី វីរ៉ារូស បានយល់ព្រមបង់ពិន័យអន្តរការណ៍ចំនួន១លានរៀល និងសន្យាធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងក្រុងកំពង់ចាម។ ការពិន័យធ្វើឡើងដោយយោងទៅតាមអនុក្រឹត្យឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅតាមច្រកចេញចូលអន្តរជាតិ។
អ្នកស្រី លី វីរ៉ារូស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិកបានថ្លែងក្នុងកិច្ចសន្យាថា អ្នកស្រីនឹងយល់ព្រមអនុវត្តវិធានការសុខាភិបាលចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ដោយមិនធ្វើការគេចវេះពីបន្ទប់សណ្ឋាគារទៀតទេ។
បើតាមប្រភពដដែល កាលពីថ្ងៃទី១៧ ខែកក្កដា នៅម៉ោង៦និង៣០នាទីល្ងាច ស្ត្រីខាងលើបានរត់គេចពីមណ្ឌលចត្តាឡីស័កកម្រិត២ នៅសណ្ឋាគារ Anik Palace ភ្នំពេញ ហើយត្រូវបានមន្ទីរសុខាភិបាលតាមរកឃើញនៅខេត្តកំពង់ចាមនៅសណ្ឋាគារ ឈូកទិព្វ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា នេះជាករណីលើកដំបូងដែលមានមនុស្សរត់ចេញពីមណ្ឌលចត្តាឡីស័ក ខណៈពីមុនមានតែករណីគេចមិនឱ្យធ្វើតេស្តតែប៉ុណ្ណោះ។
ប្រភពពីក្រសួងសុខាភិបាលបានបង្ហាញថា ស្ត្រីសញ្ជាតិខ្មែរ-អាមេរិករូបនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ តាមជើងហោះហើរជាមួយនឹងមន្រ្តីស្ថានទូតសហរដ្ឋអាមេរិកដែលផ្ទុកជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន១៩៧ករណី ដែលក្នុងនោះជាសះស្បើយមានចំនួនសរុប១៤០នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥៧នាក់៕