ប៉ាគីស្ថាន​​នឹង​​បញ្ជូន​​ដំរី​​ដែល​​អះអាង​​ថា​​មាន​​ជំងឺ​ផ្លូវ​ចិត្ត​​មក​​កម្ពុជា​​

ដំរីឈ្មោះ កា​វ៉ាន់​ (Kaavan​) នៅក្នុងសួនសត្វវ​អ៊ី​ស្លា​មា​បាដ ​(Islamabad Zoo​) កាលពីអំឡុងខែឧសភា ឆ្នាំ២០២០។ (Friends of Islamabad Zoo)

តំណាង​អង្គការ​ការពារ​សត្វព្រៃ​មួយ​បាន​បញ្ជាក់​ថា ​តុលាការ​ប៉ាគីស្ថាន​បានសម្រេច​បញ្ជូន​ដំរី​ដែល​មាន​សម្ពាធ​ផ្លូវចិត្ត​មក​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា​វិញ។ 

តំណាង​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា ​(Cambodia Wildlife Sanctuary​) លោក ផេដ្រូ វីល​ឡា ​(Pedro Villa​) បាន​ប្រាប់​វី​អូ​ឌី​ថា ​កាលពី​ថ្ងៃទី១៨ ខែកក្កដា តុលាការក្រុង​អ៊ី​ស្លា​មា​បាដ នៃ​ប្រទេស​ប៉ាគីស្ថាន បានសម្រេច​បញ្ជូន​ដំរី​ឈ្មោះ​កា​វ៉ាន់​ (Kaavan​) មកកាន់​ប្រទេស​កម្ពុជា។ តាម​មន្រ្តី​អង្គការ​មួយ​នេះ កា​វ៉ាន់​អាច​នឹង​មកដល់​កម្ពុជា​នៅ​អំឡុង​ខែកញ្ញា​ខាងមុខ។ 

លោក ផេដ្រូ វីល​ឡា ​(Pedro Villa​) បាន​ប្រាប់​វី​អូ​ឌី​ឱ្យ​ដឹង​ថា ​ប្រទេស​ប៉ាគីស្ថាន​បានសម្រេច​ចិត្ត​បញ្ជូន​កា​វ៉ាន់​មក​ប្រទេស​កម្ពុជានៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​មាន​ទំហំដី​សរុប​ចំនួន៤៣៦១ហិក​តា ស្ថិតនៅ​ចន្លោះ​ស្រុក​ត្រពាំងប្រាសាទនិង​ស្រុក​អន្លង់វែង។

លោក​បាន​ប្រាប់​បន្ថែម​ថា៖ «ហេតុផល​ដែល​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ការថែទាំ​ដំរី​មួយ​នេះ ដោយហេតុថា ​អង្គការ​របស់​ពួក​យើង​សម្បូរទៅ​ដោយ​អ្នកជំនាញ​ផ្នែក​ថែទាំ​ដំរី​ពី​ទូទាំង​ពិភពលោក ​ដូចជា អ្នកស្រី Saengduean Lek Chailert ដែល​ជា​ស្ថាបនិក នៃ​គម្រោង​ជួយសង្គ្រោះ​សត្វ​ដំរី​ ដែល​បាន​ជួយសង្គ្រោះ​ដំរី​ប្រមាណ​ជា ១០០ក្បាល​មក​ហើយ ​ហើយ​ម្យ៉ាងវិញទៀត[ដែនជម្រកសត្វព្រៃ]​របស់​យើង​មានផ្ទៃ​ដី​ប្រមាណ​ជា២៥០០០អា ដែល​មាន​កន្លែង​ជាច្រើន​សម្រាប់​ដំរី​កា​វ៉ាន់ ​[Kaavan​] ហើយ​ម្យ៉ាងវិញទៀត​អង្គការ​របស់​ពួក​យើង​គឺជា​ផ្នែក​មួយ​នៃ​មូលនិធិ​សង្គ្រោះ​ដំរី»។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The News របស់​ប្រទេស​ប៉ាគីស្ថាន​ដែល​បាន​ចេញ​កាលពី​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បាន​ឱ្យ​ដឹង​ថា ​កា​វ៉ាន់​ត្រូវ​បាន​គេ​ដាក់ច្រវាក់​ក្នុង​ទីតាំង​ដែល​មាន​លក្ខណៈ​តូច​ចង្អៀត​ដែល​មាន​ទំហំ​ត្រឹមតែ៨២អា ​ស្ថិត​ក្នុង​សួនសត្វ​អ៊ី​ស្លា​មា​បាដ​(Islamabad Zoo​)។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ​មន្រ្តី​ជំនាញ​បាន​រក​ឃើញថា​ កា​វ៉ាន់​មាន​វិប​ត្តិ​ផ្តូវ​ចិត្ត​ធ្ងន់ធ្ងរ​ក្រោយពី​បាត់បង់​ដៃគូ​របស់​ខ្លួន​កាលពី​ឆ្នាំ២០១២។ កា​វ៉ាន់​ត្រូវ​បាន​ប្រទេស​ស្រីលង្កា​ផ្តល់​ជាអំណោយ​ដល់​ប្រទេស​ប៉ា​គីស្ថាន​កាលពី​ឆ្នាំ១៩៨៥ នៅពេល​ដែល​វា​មាន​អាយុ១ឆ្នាំ។ 

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​ តារាចម្រៀង​ជនជាតិ​អាមេរិក លោកស្រី Cherilyn Sarkisian ដែល​ត្រូវ​បាន​ស្គាល់​ក្នុង​ពិភព​សិល្បៈ​ថា Cher បាន​បង្កើត​យុទ្ធនា​ការអន​ឡាញ​អំពាវនាវ​ឱ្យ​ផ្តល់​សេរីភាព​ព្រមទាំង​ផ្តល់​ការ​ព្យាបាល​ដល់​ដំរី​នោះ។ ប្រទេស​ប៉ាគីស្ថានក៏បាន​ចាប់ផ្ដើម​ដាក់​កា​វ៉ាន់​ស្ថិត​ក្នុង​ការ​ដេញថ្លៃដោយ​គិតទៅ​លើ​លក្ខខណ្ឌ​ទីតាំង​ជម្រក​ល្អ​សម្រាប់​ដំរី​មួយ​ក្បាល​នេះ។

ប្រភព​ពី​សារព័ត៌មាន​ប៉ាគីស្ថាន​ដដែល​ឱ្យ​ដឹង​ថា ​ប្រជាជន​ទូទាំង​ពិភពលោក​ប្រមាណ​ជា៤សែន​នាក់​បានសម្រេច​ចិត្ត​ដាក់​ញត្តិ​ដោយ​ការ​ចុះហត្ថលេខា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ដែល​បង្កើត​ដោយ​តារាចម្រៀង​អាមេរិក​រូប​នេះ។ អ្នកចម្រៀងនិង​ជាសកម្ម​ជន​លើកកម្ពស់​សិទ្ធ​សត្វ ជនជាតិ​អាមេរិក​រូប​នេះ ​បាន​បង្ហាញ​ក្ដី​សាទរ​នៅពេល​បានដឹងថា ​កា​វ៉ាន់​ត្រូវ​បាន​ផ្តល់​សេរីភាព​ឡើងវិញ។ 

លោកស្រី​បាន​សរសេរ​នៅ​លើ Twitter ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃនេះ៖ «វា​ជា​រឿង​ដែល​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​សូម​អគុណ​ដល់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដែល​បាន​ដោះលែង​កា​វ៉ាន់​ឱ្យ​មាន​សេរីភាព»។ 

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The News កាលពី​ថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ​នេះ តុលាការ​ជាន់ខ្ពស់​របស់​ទីក្រុង​អ៊ី​ស្លា​មា​បា​ដ នៃ​ប្រទេស​ប៉ាគីស្ថាន សម្រេចចិត្ត​ផ្លាស់ប្ដូរ​ទីដែន​ជម្រក​របស់​សត្វ​ដំរី​កា​វ៉ាន់ ក្រោយពី​បាន​រក​ឃើញថា​ ដំរី​នេះ​ទទួលរង​នូវ​សម្ពាធ​ផ្លូវចិត្ត ម៉្យាងវិញទៀត​ជម្រក​របស់​សត្វ​ដំរី​មាន​លក្ខណៈ​តូច​ចង្អៀតនិង​ក្តៅ​ខ្លាំង​នៅ​រដូវ​ក្តៅ។ 

បើ​តាម​លោក ផេដ្រូ វីល​ឡា អ្នក​ដែល​ត្រូវ​ទៅ​ទទួល​ដំរី​នេះ​ពី​ប្រទេស​ប៉ាគីស្ថាន​ ប្រហែលជាអ្នកស្រី​ សែង​ឌឿន ឡែក ឆា​ឡើ​ត (Saengduean Lek Chailert​) ដែល​ជា​ស្ថាបនិក​នៃ​គម្រោង​ជួយសង្គ្រោះ​សត្វ​ដំរី ឬក៏​ស្វាមី​របស់​គាត់​ លោក ដា​រីក​ (Darrick​) ព្រមទាំង​ក្រុម​គ្រូពេទ្យ​ដែល​ថែរក្សា​ដំរី​មួយចំនួន​ទៀត​នៃ​អង្គការ​ដែនជម្រកសត្វព្រៃ​នៃ​កម្ពុជា។

លោ​ក ផេដ្រូ វីល​ឡា បាន​បន្ថែម​ថា៖ «ដំរី​កា​វ៉ាន់ពិតជា​មាន​នូវ​ជំងឺ​ផ្លូវ​អារម្មណ៍​ដូចជា​ដំរី​មួយចំនួន​ដែល​យើង​ធ្លាប់​បាន​ជួប​ពីមុន​មក អង្គការ​ដែនជម្រកសត្វព្រៃ​នៃ​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​ដំរី​មួយ​នេះ​មាន​សេរីភាព​ ហើយ​អាច​ឱ្យ​គាត់​បាន​ជួប​នូវ​ដំរី​បី​ក្បាល​ផ្សេងទៀតនៅក្នុង​ទីជម្រក​ព្រៃ​ស្បោង​ដ៏​ធំ​ដែល​ជា​ផ្ទះ​ថ្មី​របស់​គាត់»។

លោក​សង្ឃឹមថា​ កា​វ៉ាន់​នឹង​រីករាយ​ជាមួយនឹង​បរិយាកាស​នៅ​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ហើយ​លោក​ជឿជាក់​ថា ​ធម្មជាតិ​ទាំងនោះ​គឺជា​ឱសថ​ព្យាបាល​ដ៏​ល្អ​បំផុត។

តាម​លោ​ក ផេដ្រូ វីល​ឡា កា​វ៉ាន់​ដែល​ជា​ដំរី​ឈ្មោល​វ័យ៣៦ឆ្នាំនេះ​នឹង​ត្រូវ​រស់នៅ​ជាមួយ​ដំរី​ចំនួន៣ក្បាលផ្សេងទៀត​ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ដែន​ជម្រក​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ថាប័ន​ព័ត៌មាន​វី​អូ​ឌី​ក៏បាន​ធ្វើការ​ទាក់ទង​ទៅ​លោក នេត្រ ភក្រ្តា ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​បញ្ជូន​សត្វ​ដំរី​នេះ ប៉ុន្តែ​យើង​មិន​ទទួល​បានការ​ឆ្លើយតប​ពី​លោក​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃពុធ​នេះ។

វី​អូ​ឌី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្រា បានទេ​គិត​ត្រឹម​រសៀល​ថ្ងៃពុធ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ