ក្រុម​​អ្នក​ការពារ​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​ស្នើ​​បណ្ដា​​ប្រទេស​​អភិ​វឌ្ឍន៍​​ជំរុញ​​កម្ពុជា​​កែ​​លម្អ​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​

ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ៣៣ស្ថាប័ន បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​បណ្ដា​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ឱ្យ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជាបញ្ឈប់​ការ​យាយី​លើ​មន្ត្រី​សិទ្ធិមនុស្សនិង​អ្នកនយោបាយ​បក្ស​ប្រឆាំង ដើម្បី​នាំមក​នូវ​ការគោរព​សិទ្ធិមនុស្សនិង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ បាន​អំពាវនាវ​បែបនេះ​នៅក្នុង​លិខិត​ចំហ​រួម​មួយ​កាលពី​ថ្ងៃម្សិលមិញ​នេះ ដែល​ត្រូវ​បាន​អំពាវនាវ​ទៅកាន់​រដ្ឋាភិបាល១២ប្រទេស ក្នុង​នោះ​មាន​អូស្ត្រាលី កាណាដា ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន នូវែលហ្សេឡង់ ស៊ុយអែត ហូ​ឡង់ កូរ៉េ​ខាងត្បូង រាជាណាចក្រ​អង់គ្លេស និង​សហរដ្ឋអាមេរិក។

ក្រុម​អង្គការ​អន្តរជាតិ​ទាំងនោះ បាន​ទាមទារ​ទៅ​បណ្ដា​ប្រទេស​ទាំងនេះឱ្យ​គាំទ្រ​សហភាព​អឺរ៉ុប ដែល​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ចាត់វិធានការ​រឹងមាំ​ដោយ​គ្មាន​ការ​ពន្យារពេល ដើម្បី​ដោះស្រាយ​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​មួយ​នេះ។

ស្ថាប័ន​ការពារ​សិទ្ធិមនុស្សបាន​ថ្លែង​ក្នុង​លិខិត​ចំហថា៖ «យើង​ជំរុញ​ទៅ​រដ្ឋាភិបាល​របស់​អ្នក​[ប្រទេស​ចំនួន១២​]ឱ្យ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​គោរព​តាម​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​គាំទ្រ​សហភាព​អឺរ៉ុប​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​នាំមក​នូវ​ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រជាជន​កម្ពុជា»។

លោក ហ្វីល រ៉ូប៊ឺ​តសុន (Phil Robertson​) នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch​) ដែល​គាំទ្រ​លិខិត​ចំហនេះ​ផង​ដែរ បាន​ប្រាប់​វី​អូ​ឌីតា​មអ៊ី​ម៉ែ​លនៅ​ថ្ងៃនេះ​ថា ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិចង់​ឃើញ​សាមគ្គីភាព​របស់​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ ដើម្បី​គាំទ្រ​ដល់​វិធានការ​ត្រឹមត្រូវ​របស់​សហភាព​អឺរ៉ុប ហើយ​លោក​ថា មានតែ​សម្ពាធ​ដ៏​ពិតប្រាកដ​តែមួយគត់ នឹង​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​កម្ពុជា។

លោក ហ្វីល រ៉ូប៊ឺ​តសុន ប្រាប់​ថា៖ «ប្រទេស​ជាច្រើន​គឺជា​អ្នកធានា​រ៉ាប់រង​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​សន្យា​បន្ត​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ដូច្នេះ វា​សំខាន់​ថា ពួក​គេ​បង្កើន​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប ទាមទារ​ឱ្យ​កម្ពុជា​រក្សា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្សនិង​សិទ្ធិ​ការងារ»។

ក្នុង​លិខិត​ចំហដដែល​នោះ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​អន្តរជាតិក៏បាន​ទាមទារ​ឱ្យ​ទម្លាក់​ចោល​ផង​ដែរ​នូវ​ការចោទប្រកាន់​ទៅលើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​តាំងពី​ខែកញ្ញា ​ឆ្នាំ២០១៧ ក្រោម​បទ​ចោទ​ថា «ក្បត់ជាតិ» ហើយ​ត្រូវ​ផ្ទេរ​ទៅ​ឃុំខ្លួន​ក្នុង​ផ្ទះ​ចាប់ពី​ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់​មានការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក​នេះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង អះអាង​ថា កម្ពុជា​ជារ​ដ្ឋ​ឯករាជ្យដែល​មាន​អធិបតេយ្យ​ពេញលេញ ហើយ​លោក​ថា ការអនុវត្ត​ច្បាប់​នា​ពេល​កន្លងមកត្រូវ​បាន​ធ្វើឡើង​ចំពោះ​បុគ្គល​ប្រព្រឹត្ត​ខុសច្បាប់​តែប៉ុណ្ណោះ។

លោក កុយ គួង ប្រាប់​ថា៖ «ខ្ញុំ​សូមជម្រាប​ថា កម្ពុជា​ជារ​ដ្ឋ​ឯករាជ្យ ហើយ​មាន​អធិបតេយ្យ​ភាព​ពេញលេញ ហើយ​មានច្បាប់​គ្រប់គ្រាន់​របស់​ខ្លួន​ទៀត។ ដូច្នេះហើយ ច្បាប់​ទាំងនេះ​អនុវត្ត​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស មានន័យថា រាល់​ការប្រព្រឹត្ត​ខុស​របស់​បុគ្គល​ ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់»។

នៅក្នុង​លិខិត​ចំហ​នោះ ក្រុម​អង្គការ​អន្តរជាតិ​ទាំងនោះ បាន​ទាមទារ​ទៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នានា ជំរុញ​កម្ពុជា​ឱ្យ​កែប្រែ​ស្ថានភាព​នៃ​ការ​ធ្លាក់ចុះ​ផ្នែក​សិទ្ធិមនុស្សនិង​លទ្ធិប្រជាធិបតេយ្យ ដូចជា បញ្ឈប់​ការ​យាយីនិង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់ សកម្មជន អ្នកការពារ​សិទ្ធិមនុស្ស អ្នកសារព័ត៌មាន មេដឹកនាំ​សហជីព និង​សមាជិក​នៃ​គណបក្ស​ប្រឆាំង។

ជាង​នេះ​ទៅទៀត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជាឱ្យ​កែ​លម្អ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​លោក​សំដៅ​ដល់​ភាព​អនុគ្រោះ​ខាង​ផ្នែក​ពាណិជ្ជកម្ម​ដែល​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា​នៅ​ក្រោម​កម្មវិធី​«អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ» ហៅ​កាត់​ថា EBA។

លោក អំ សំអាត ប្រាប់​ថា៖ «រដ្ឋាភិបាលនិង​សហគមន៍​អឺរ៉ុប គួរតែ​ធ្វើ​យ៉ាងណា​គួរតែ​មានការ​កែ​លម្អ​មួយចំនួន​ទៅ ដើម្បី​កុំឱ្យ​មានការ​ខាតបង់​ទៅលើ​បញ្ហា EBA នេះ។ បើសិនជា​លក្ខខណ្ឌ​ដែលគេ​ដាក់​មក យើង​គួរតែ​យក​មក​ពិចារណា​ថា អ្វី​ដែល​យើង​អាច​កែ​លម្អ​បាន យើង​គួរតែ​ធ្វើការ​កែ​លម្អ​ទៅ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ក៏បាន​រក្សា​ជំហរ​ដូចគ្នា​ទៅ​នឹង​លោក កុយ គួង ផង​ដែរ ហើយ​អះអាង​ថា អាជ្ញាធរ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុវត្ត​ច្បាប់​ទៅលើ​អ្នកប្រព្រឹត្តល្មើស​ច្បាប់​តែប៉ុណ្ណោះ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​នេះ រដ្ឋាភិបាល​មិនដែល​ធ្វើការ​យាយី​បង្ក្រាប​ទៅលើ​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស ឬអង្គការ​សង្គម​ស៊ីវិល​អ្វី​នោះ​ទេ។ រដ្ឋាភិបាល​ប្រកាន់​ជំហរនិង​វិធានការ​ច្បាប់ បានន័យ​ថា អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​កម្ពុជា​តែប៉ុណ្ណោះ»។

លោក ហ្វីល រ៉ូប៊ឺ​តសុន លើកឡើង​បន្ត​ថា ការ​តស៊ូ​មតិ​នឹង​ត្រូវ​ធ្វើឡើង​បន្ថែម​ទៀត ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​រដ្ឋាភិបាល​មួយ​នេះនៅតែ​បន្ត​មិន​អើពើ​នឹង​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​ការគោរព​សិទ្ធិមនុស្សនិង​សិទ្ធិ​ការងារ។

លោក ហ្វីល រ៉ូប៊ឺ​តសុន និយាយ​បន្ត​ថា៖ «យើង​នឹង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទ្វេ​ដង ដើម្បី​ទាមទារ​ឱ្យ​មាន​គណនេយ្យ​ភាព​ពី​កម្ពុជា​នៅ​ឯក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិនិង​វេទិកា​អន្តរជាតិ​ដទៃទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ