ធនាគារជាតិកម្ពុជានៅថ្ងៃនេះបានចេញសេចក្តីបញ្ជាក់ពីទុនបម្រុងជាមាសរបស់កម្ពុជាដែលតម្កល់នៅធនាគារជាតិនិងអន្តរជាតិថាមានជាង៣៦តោន។
ការបញ្ជាក់របស់ធនាគារជាតិធ្វើឡើងក្រោយពីស្ថាបនិកមាតាធម្មជាតិ លោក អេឡិច ហ្គន់សាឡេស ដេវិតសុន បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា កម្ពុជាកំពុងបិទបាំងនិងមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងមាសចំនួន៣០តោនដែលជាទុនបម្រុងរបស់ជាតិ។ លោកបានស្នើឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញឯកសារបញ្ជាក់ និងព័ត៌មានជុំវិញបញ្ហាមាសទាំងនោះ។
ក្នុងសេចក្តីបញ្ជាក់ដែលចេញផ្សាយនៅថ្ងៃនេះ ធនាគារជាតិនៃកម្ពុជាអះអាងថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាមានទុនបម្រុងអន្តរជាតិជាមាសសរុបចំនួន៣៦,៥តោន ដែលមានតម្លៃស្មើនឹង១៩,៥ប៊ីលានដុល្លារ ត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្ន។
ប្រភពដដែលឱ្យដឹងថា ក្នុងចំណោមមាសទាំង៣៦,៥តោន មាសតម្កល់ក្នុងប្រទេសស្វីសមានចំនួន១២,៤តោនជាមាសកេរមរតកតាំងពីសម័យមុនសង្គ្រាម មាសចំនួន១៤,១តោនកំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និងចំនួន១០តោនត្រូវបានរក្សាក្នុងធនាគារជាតិកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា មួយរយៈចុងក្រោយនេះ មានជនមួយចំនួនតូចកំពុងវាយប្រហាររាជរដ្ឋាភិបាល ដោយថាកំពុងបន្លំយកមាសក្នុងស្ថានភាពជំងឺកូវីដ១៩។
លោក ហ៊ុន សែន បានសរសេរបន្តថា៖ «ប្រហែលមួយឆ្នាំមុន ខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន៣០តោន តែតាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។ នេះមិនមែនជាមារយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»។
ស្ថាបនិកមាតាធម្មជាតិ លោក អេឡិច ហ្គន់សាឡេស ដេវិតសុន ថ្លែងប្រាប់វីអូឌីនៅរសៀលថ្ងៃទី ២៣ ខែកក្កដានេះថា កម្ពុជាបានបញ្ជាទិញមាសពីប្រទេសសិង្ហបុរីជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប្រាប់មូលនិធិរូបិយបណ្ណអន្តរជាតិថា កម្ពុជាមានមាសតែ១២,៤តោនប៉ុណ្ណោះ។
លោកបន្តថា ការបង្ហោះសារលើបណ្តាញសង្គមកាលពីម្សិលមិញ គឺលោកមានគោលបំណងចង់ឱ្យរដ្ឋាភិបាលបើកចំហពីព័ត៌មានទាក់ទងនឹងមាសនោះ។
លោក អេឡិច ថ្លែងបន្តថា៖ «ខ្ញុំឃើញលោក ហ៊ុន សែន ឆ្លើយតបនូវសំណួររបស់ខ្ញុំ។ ខ្ញុំចាប់អារម្មណ៍អាចថាជារឿងល្អ ព្រោះគាត់ឆ្លើយតបនូវសំណួររបស់អ្នកខ្វល់ខ្វាយពីជាតិ។ ហើយក៏សូមស្វាគមន៍ឱ្យគាត់ធ្វើអញ្ចឹងតទៅមុនទៀត ឱ្យតែប្រជាជនខ្មែរ អង្គការសង្គមស៊ីវិលសួរទាក់ទងនឹងរឿងបរិស្ថានក្តី រឿងជាតិក្តី សេដ្ឋកិច្ច រឿងបំណុល ខ្ញុំលើកទឹកចិត្តឱ្យសម្តេច ហ៊ុន សែន ជាមួយគ្នាគាត់ ឆ្លើយតបគ្រប់ពេលទៅ»៕