មនុស្ស​​ជាង​៥០​នាក់​​នៅ​​ក្រុង​​ប៉ោយ​ប៉ែត​​ឆ្លង​​ជំងឺ​​គ្រុន​​ឈី​ក​

ក្រុមអាជ្ញាធរក្រុងប៉ោយប៉ែតនិងក្រុមគ្រូពេទ្យចុះពិនិត្យអ្នកជំងឺគ្រុនឈីក នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាក្រុងប៉ោយប៉ែត)

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​ដឹង​ថា​ យ៉ាងតិច​ណាស់​មាន​មនុស្ស៥៤នាក់​បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​កគិត​ត្រឹម​ព្រលប់​ថ្ងៃទី២២ ខែកក្កដា។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា ​អ្នកជំងឺ​ទាំងនោះ​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះនិង​តាម​មន្ទីរពេទ្យ​នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

អភិបាលក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល ថ្លែងប្រាប់​វី​អូ​ឌី​ថា កាលពី​ថ្ងៃទី១៩ ខែកក្កដា​មនុស្ស១១នាក់​ធ្លាក់ខ្លួន​ឈឺ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​ ជាហេតុ​ធ្វើ​ឱ្យ​អាជ្ញាធរ​សង្ស័យ​ខ្លាច​មាន​អ្នក​ឆ្លង​កូ​វីដ១៩ ទើប​ចាត់វិធានការ​រក​អ្នក​ឈឺ​ផ្សេងទៀត​នៅ​តាម​ផ្ទះ​សរុប៥៤នាក់​ដើម្បី​ធ្វើតេស្ត​រក​មេរោគ។ លោក​បន្ត​ថា លទ្ធផល​តេស្តឈាម​និង​សំណាក​រក​ឃើញថា​ អ្នក​ទាំងនោះ​មាន​ផ្ទុកមេរោគ​គ្រុន​ឈី​ក។

លោក គាត ហ៊ុល មានប្រសាសន៍​បន្ថែម​ថា៖ «អ្នក​ឈឺ​ទាំង​ជាង៥០នាក់​ហ្នឹង​ក្នុង​នោះ​ក៏​មាន​កម្លាំង​ប៉ូលិ​ស២នាក់​ដែរ។ ពួក​គាត់​មួយចំនួន​ហ្នឹង​ធូរស្រាល​គ្រាន់បើ​ហើយ។ ករណី​ផ្ទុះ​គ្រុន​ឈី​កធំ​បែបនេះ​យើង​មិនធ្លាប់​ជួប​ទេ ​លើក​នេះ​លើកដំបូង។ អាជ្ញាធរ​យើង​យកចិត្ត​ទុកដាក់​ណាស់ ទាំង​អាជ្ញាធរ​ខេត្ត​និង​ក្រសួងសុខាភិបាល»។

បើ​តាម​លោក គាត ហ៊ុល បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​និង​ផ្នែក​សុខាភិបាល​កំពុង​ចាត់វិធានការ​បាញ់ថ្នាំ​សម្លាប់​មូស និង​ចាត់វិធានការ​សម្អាត​អនាម័យ​ទូទាំង​ក្រុង ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ មានប្រសាសន៍​ថា ជំងឺ​គ្រុន​ឈី​កនេះ​មិន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​នោះ​ទេ ជំងឺ​នេះ​អាច​ជាសះស្បើយ​ដោយឯកឯងដោយ​គ្រាន់តែ​ផ្ដល់​ថ្នាំ​បំបាត់​គ្រុនក្ដៅ​ធម្មតា ប៉ុន្តែ​អ្នក​ដែល​សង្ស័យ​ថា​ខ្លួនកើតជំងឺ​នេះ ​ត្រូវ​ទៅ​មណ្ឌលសុខភាព​ឬមន្ទីរ​ពេទ្យ​ដើម្បី​ពិគ្រោះ​បន្ទាន់។ លោក​បន្ថែម​ថា ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈី​កនៅ​ប៉ោយប៉ែត​នេះ គឺជា​វដ្ដ​នៃ​ជំងឺ​ដែល​តែងតែ​កើតឡើង​ជា​រឿយ​ៗ។

លោក លី សូ​វ៉ាន់ ប្រាប់​ថា៖ «បាទ​! នៅ​ប៉ោយប៉ែត​នេះ​ ពួក​គាត់​កើត​គ្រុន​ឈី​ក។ អា​ជំងឺ​ហ្នឹង​ផ្ទុះ​បី​ឬបួន​ឆ្នាំ​ម្ដង​ វា​កើតមក​ពី​មូស​ជា​ភ្នាក់ងារ​ចម្លងជំងឺ គ្រាន់តែ​ថា​លើក​នេះ​កើតឡើង​ច្រើន។ ក្រសួងសុខាភិបាល​យកចិត្ត​ទុកដាក់​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​បញ្ហា​នេះ»។

តាម​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល ​ជំងឺ​គ្រុន​ឈី​ក (CHIK​) បណ្ដាលមកពី​វី​រុស​ ឈី​គុន​ហ្គុ​នយ៉ា (Chikungunya Virus = CHIKV​)។ ជំងឺ​នេះ​ឆ្លងតាម​រយៈ​មូសខាំ ជំងឺ​នេះ​គ្មាន​ថ្នាំ​ព្យាបាល​ជាក់លាក់​ទេ ប៉ុន្តែ​គ្រូពេទ្យ​អាច​ព្យាបាល​អ្នកជំងឺ​ដាក់ថ្នាំ​តាម​រោគសញ្ញា។

ខិត​បណ្ណ​របស់ក្រ​សួង​សុខាភិបាល​ដែល​ចេញផ្សាយ​កាលពី​ខែមិថុនា ឆ្នាំ២០១៦ បង្ហាញថា ជំងឺ​គ្រុន​ឈី​កកើតឡើង​ដោយសារ​មូស​ខ្លាខាំ ធ្វើឱ្យ​អ្នកជំងឺ​គ្រុនក្តៅ​ពី ៣៩ ទៅ ៤០អង្សា​សេ។ អ្នកជំងឺ​មានស្នាម​កន្ទួល​ក្រហម​លើ​ស្បែក អ្នកជំងឺ​អាច​ខ្សោះ​ជាតិទឹក​ដោយសារ​ក្អួត ឯសាច់ដុំ​ចុះ​ខ្សោយ ហើម​ប្រអប់ដៃ​ប្រអប់ជើង ឈឺសន្លាក់​ម្រាមដៃ​ម្រាមជើង ឈឺក្បាល​ខ្លាំង ឈឺចង្កេះ អស់កម្លាំង​ខ្លាំង​ជាដើម។ គ្រុន​ឈី​ក អាច​ឱ្យ​អ្នកជំងឺ​ឈឺ​រយៈពេល​ពី ៥ថ្ងៃ ទៅ ១សប្ដាហ៍ ហើយ​ជា​ធូរស្បើយ។

វិធី​បង្ការ​ជំងឺ​គ្រុន​ឈី​ក គឺ​ដូច​វិធី​បង្ការ​ជំងឺគ្រុនឈាម​ដែរ គឺ​លុប​ទឹក​ថ្លុក ​កប់​ចោល​ទឹកដក់​នៅក្នុង​សំបក​កង់​សំបក​កំប៉ុង ហើយ​ដុត​កម្ទេច​សំរាម​សើម កាប់​ស្លឹកឈើ​ស៊ុបទ្រុប​នៅ​ក្បែរ​ផ្ទះ​ឱ្យ​ស្រឡះ បោស​សំរាម​សម្អាត​ក្នុង​ផ្ទះ លាង​សម្អាត​ពាង ប៉ោត​ ធុង ថូផ្កា ហើយ​ត្រូវ​ដាក់ថ្នាំ​អា​ប៊ែ​ត និង​ចិញ្ចឹម​ត្រី៧ពណ៌​ឱ្យ​វា​ស៊ី​ដង្កូវទឹកកុំ​ឱ្យកើត​មូស។ ចំណែក​មនុស្ស​វិញ ទាំង​ចាស់ទាំង​ក្មេងត្រូវ​សម្រាក​ក្នុង​មុង ស្លៀកពាក់​ខោអាវ​ឱ្យ​ជិត និង​កុំ​ឱ្យកុមារ​ទៅលេង​នៅកន្លែង​ងងឹត​ ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ