អ្នក​​រួច​ផុត​​ពី​​ស្លាប់​​រំលឹក​​ពី​​ហេតុ​​កា​រណ៍​​ផ្ទុះ​​ហ្គាស​និង​​ប្រផ្នូល​​មុន​​ពេល​​កើត​ហេតុ​​

អ្នកស្រី លី សឿង ឈរមើលពីខាងមុខហាងបញ្ចូលហ្គាសក្រោយរងការបំផ្លាញដោយអគ្គិភ័យមួយ ដែលហេតុការណ៍ឆាបឆេះនោះកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

កាលពី​ថ្ងៃសៅរ៍​នៅ​ម៉ោង​ប្រហែល៤និង៣០នាទី​រសៀល កូនស្រី​អាយុ៨ឆ្នាំ​របស់​លោក ប្រាក់ ឡាំ​ហុង បាន​ដាស់​លោក​ពី​ដំណេក​ថ្ងៃ ខណៈ​សំឡេង​ផ្ទុះ​ធ្វើ​ឱ្យ​កក្រើក​ជាន់​ខាងក្រោម​នៃ​ហាង​បញ្ចូល​ហ្គា​សរ​បស់​ក្រុម​គ្រួសារ​លោក​នៅក្នុង​ខណ្ឌដូនពេញ។

លោក ប្រាក់ ឡាំ​ហុង អាយុ៧០ឆ្នាំ ភរិយា​និង​កូន​ពីរ​នាក់​ទៀត​របស់​លោក​បាន​ជាប់​នៅ​ជាន់​ខាងលើ ពីព្រោះ​កូនប្រុស​វ័យ២៧ឆ្នាំ​ដែល​កាន់​សោរ​ផ្ទះ​នោះ​កំពុងធ្វើការ​ងារ​នៅ​ជាន់​ខា​ងក្រោម។ ភរិយា​របស់​លោក​គឺ​អ្នកស្រី លី សឿង បាន​ជួយសង្គ្រោះ​លោក កូនប្រុស​និង​ខ្លួន​គាត់​ដោយ​យក​ដែក​មក​បុក​ទម្លុះ​ជញ្ជាំង ​ទើប​ពួក​គាត់​អាច​គេចខ្លួន​បាន។

ខណៈ​អង្គុយ​នៅ​ពីមុខ​គំនរ​បាក់បែក​កាលពី​ព្រឹក​ថ្ងៃច័ន្ទ លោក​បាន​ប្រាប់​វី​អូ​ឌី​ថា៖ «ខ្ញុំ​មានសំណាង​ដែល​ប្រពន្ធ​របស់ខ្ញុំ​បាន​ទម្លុះ​ជញ្ជាំង​និង​បាន​សង្គ្រោះ​យើង។ កុំអីយើង​អាច​នឹង​ជាប់​នៅ​ខាងក្នុង​[…]កូនប្រុស​ខ្ញុំ​ម្នាក់ទៀត​អត់មាន​កម្លាំង​ទម្លុះ​ជញ្ជាំង​ទេ។ យើង​បាន​រស់​ដោយសារ​ប្រពន្ធ​របស់ខ្ញុំ»។

ប៉ុន្តែ​នៅពេល​ដែល​កំពុង​ភ័យ​ស្លន់ស្លោ លោក ឡាំ​ហុង បាន​និយាយ​ថា លោក​មិន​អាច​បីកូន​ស្រី ឡាំ គីម​ឡាង ចេញពី​អណ្តាត​ភ្លើង​បានទេ។ អ្នកជិតខាង​ព្យាយាម​ចូល​ជួយ ប៉ុន្តែ​នាង​ស្លាប់​ចំ​ពេល​មានការ​ផ្ទុះ​ខ្លាំង។

បន្ទាប់ពី​រួចផុត​ពី​សេចក្តី​ស្លាប់​ដោយសារ​ការ​ផ្ទុះ​និង​អគ្គិភ័យ​ដែលគេ​មើលឃើញ​ពីអ​គារ​ផ្សេង​ៗទូទាំង​រាជធានី​ភ្នំពេញ​ និង​បណ្តាល​ឱ្យ​មនុស្ស៤នាក់​ស្លាប់​និង៥នាក់​ផ្សេងទៀត​រង​របួស​នោះ លោក ឡាំ​ហុង ​និង​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ហាង​បញ្ចូល​ហ្គា​សនៅ​ផ្លូវ​លេខ៦៣នេះ​ កំពុងតែ​ប្រឈម​នឹង​គំនរ​បាក់បែក បំណុល​និង​ខ្មោច​ដែល​ពួក​គាត់​និយាយ​ថា មិនទាន់​ទៅណា​ទេ ក្រោយពី​មាន​សោកនាដកម្ម​កាលពី​ថ្ងៃសៅរ៍​នេះ។

ក្រុមជួយសង្គ្រោះនិងអាជ្ញាធរយកធុងហ្គាសដែលមិនទាន់ផ្ទុះចេញពីទីតាំងកើតហេតុអគ្គិភ័យឆាបឆេះ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (ម៉ិច ដារ៉ា)

បើ​តាម​លោក ឡាំ​ហុង បានឱ្យ​ដឹង​ថា មាន​មនុស្ស​បួន​នាក់​ស្លាប់​នៅក្នុង​ភ្នក់ភ្លើង ​ក្នុង​នោះ​មាន កូនប្រុស​របស់​លោក​ឈ្មោះ ឡាំ សេង​ហាវ អាយុ២៧ឆ្នាំ ដែល​បើក​ហាង​បញ្ចូល​ហ្គា​សនៅ​ខាងក្រោម​ផ្ទះ​របស់​គ្រួសារ​នេះ បុគ្គលិក​ពីរ​នាក់​ឈ្មោះ ម៉ៅ ស៊ី​ណាត អាយុ២២ឆ្នាំ​និង ម៉ុន មករា អាយុ១៨ឆ្នាំ និង​កូនស្រី ឡាំ គីម​ឡាង អាយុ៨ឆ្នាំ។

សមាជិក​គ្រួសារ៥នាក់​ផ្សេងទៀត​បាន​រង​របួស​នៅក្នុង​អគ្គិភ័យ​នេះ​មាន​លោក ឡាំ​ហុង ភរិយា​របស់​លោក​ឈ្មោះ សឿង អាយុ៤៩ឆ្នាំ កូនប្រុស ឡាំ សេង​តាយ អាយុ១៩ឆ្នាំ កូនស្រី ឡាំ គី​មជូ អាយុ១៣ឆ្នាំ និង​ប្អូនស្រី​ឈ្មោះ ប្រាក់ សេង​គា អាយុ៣២ឆ្នាំ។

លោក ឡាំ​ហុង ដែល​ជា​ម្ចាស់ផ្ទះ​បាន​និយាយ​ថា លោក​មិន​ច្បាស់​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃសៅរ៍​នេះ​ទេ ដោយសារ​លោក​សម្រាន្ត​នៅ​ជាន់ទី១តាំងពី​ម៉ោង៣រសៀល។ ទោះបីជា​យ៉ាងណា លោក​បានឮ​កូន​របស់​លោក​ថា បុគ្គលិក​ម្នាក់​នៅ​ជាន់​ខាងក្រោម​បាន​ឈប់សម្រាក​ពី​ការ​ផ្សារ​ធុង​ហ្គាសទៅហូប​បបរ​នៅពេល​ដែល​មាន​អគ្គិភ័យ​ឆាប​ឆេះ​ឡើង ហើយ​រាលដាល​ទៅ​ធុង​ហ្គាស​ផ្សេងទៀត​នៅក្នុង​ហាង​នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃសៅរ៍ នគរបាល​ជាតិ​បានឱ្យ​ដឹង​ថា ផ្កាភ្លើង​ដែល​កើត​ចេញពី​ការ​ផ្សារ​ដែក​ត្រូវ​គេ​ជឿ​ថា​បាន​ធ្វើ​ឱ្យ​ហ្គាស​ឆាប​ឆេះ។ ធុង​ហ្គា​សរាប់​សិប​ត្រូវ​បាន​គេ​ជញ្ជូន​ចេញពី​កន្លែង​កើតហេតុ ខណៈ​ការងារ​សង្គ្រោះ​បាន​ប្រើ​ពេល​ប្រហែល​ពីរ​ម៉ោងដើម្បី​ពន្លត់​អគ្គិភ័យ​កាលពី​ថ្ងៃសៅរ៍។ 

ខ្លាច​ខ្មោច​

លោក ឡាំ​ហុង បាន​និយាយ​ថា កូនប្រុស​ឈ្មោះ សេង តាយ អាយុ១៩ឆ្នាំ​ បាន​ខ្ទាតចេញ​ពីអ​គារ​និង​ហួស​ទៅ​ម្ខាង​ផ្លូវ​ដោយសារ​កម្លាំង​ផ្ទុះ ហើយ​កំពុង​សម្រាក​ព្យាបាល​របួសធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត។

បុរស​ម្នាក់​ជា​អ្នកជិតខាង​អាយុ២៥ឆ្នាំ ដែលគេ​ហៅថា តាក់ បាន​និយាយ​ថា លោក​បាន​ព្យាយាម​ជួយ​ទាញ ឡាំ គីម​ឡាង ចេញពី​អណ្តាត​ភ្លើង ប៉ុន្តែ​នាង​ជាប់​នៅ​ខាងក្នុង​ផ្ទះ​ដែល​កំពុង​ឆេះ ហើយ​លោក​ពិបាក​ដកដង្ហើម​ដោយ​សា​រតែហ្គាស​ធ្លាយ​និង​ផ្សែង។

លោក តាក់ បាន​ប្រាប់​វី​អូ​ឌីកា​លពី​ថ្ងៃចន្ទ​ថា៖ «សំណាង​ណាស់​ដែល​យើង​បាន​ទម្លុះ​ចូលផ្ទះ​និង​ជញ្ជូន​ធុង​ហ្គា​សទាំ​ងអស់​ចេញ។ បើ​មិន​ដូច្នេះ​ទេ ផ្ទះ​ទាំងអស់​នៅ​ក្បែរ​ផ្ទះ​គាត់​និង​មនុស្ស​ផ្សេងទៀត​នៅ​ទីនេះ​នឹង​ត្រូវ​ឆេះ​ផង​ដែរ»។

ក្រុមពន្លត់អគ្គិភ័យនិងក្រុមជួយសង្គ្រោះរួមទាំងពលរដ្ឋផ្សេងទៀត ចោមរោមជុំវិញទីតាំងកើតហេតុ (ផ្ទុះធុងហ្គាស) ក្រោយពីអគ្គិភ័យស្ងប់ស្ងាត់ស្ថិតក្រោមការគ្រប់គ្រង យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (Matt Surrusco)

ហាង​លក់​សត្វ​ចិញ្ចឹម​នៅ​ក្បែរ​ហាង​បញ្ចូល​ហ្គា​សនេះ​ ក៏​ត្រូវ​បាន​បំផ្លាញ​ក្នុង​អគ្គិភ័យ​នេះ​ដែរ។ អ្នក ជិតខាង​បាន​និយាយ​ថា ពួក​គេ​មិនឃើញ​ម្ចាស់ហាង​សក់​សត្វ​ចិញ្ចឹម​នេះ​ទេចាប់តាំងពី​មាន​ករណី​ផ្ទុះ​ឆេះ​នេះ ដោយ​ប៉ាន់ប្រមាណ​ថា ពួក​គេ​ប្រហែល​រួចផុត​ពី​អណ្តាត​ភ្លើង​នេះ។

តាក់ បាន​និយាយ​ថា ​មាន​ឆ្កែ​មួយ​ក្បាល​នៅ​រស់រាន​មានជីវិត​ដោយសារ​វា​លាក់ខ្លួន​ក្នុង​បន្ទប់ទឹក។ ទ្រុង​បក្សីនិង​សត្វទន្សាយ​ដែល​ងាប់​ដោយសារ​អគ្គិភ័យ​នេះ​មិនទាន់​យកចេញ​ទៅណា​ទេ​កាលពី​ព្រឹក​ថ្ងៃចន្ទ។

ស្ត្រី​វ័យ២៥ឆ្នាំ​ម្នាក់​ដែល​លក់​សម្ភារសំណង់​នៅ​ក្បែរ​ហាង​លក់​សត្វ​ចិញ្ចឹម​និង​បាន​បដិសេធ​មិន​ប្រាក់​ឈ្មោះ​ បាន​និយាយ​ថា ហាង​របស់​នាង​ត្រូវ​បាន​សង្គ្រោះ​ដោយ​ផ្ទាំង​កម្រាលឥដ្ឋ​ដែល​បង្កើត​បាន​ជា​ខែល​ការពារ​អណ្តាត​ភ្លើង​ដែល​កើត​ចេញពី​ការ​ផ្ទុះ​ឆេះ​នេះ។

បុរស​វ័យ២៣ឆ្នាំ​ម្នាក់ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា គ្រួសារ​នោះ​ធ្លាប់​បាន​មក​មើល​នៅ​ហាង​លក់​បាយ​របស់​គាត់​ផង​ដែរ ដែល​មាន​ទីតាំងនៅ​ខាងក្រោយ​ផ្ទះ​លក់​សម្ភារ​សំណង់​ខាងលើ។ 

គាត់​បាន​ប្រាប់​វី​អូ​ឌី​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ទាំង​ដើរកាត់​នៅពេល​យប់​ផង ពីព្រោះ​ខ្ញុំ​ខ្លាច​ខ្មោច។ ពួក​គាត់​ធ្លាប់​ទិញ​ភេ​សជ្ជៈរបស់​ពួក​យើង​ជា​ញឹកញាប់។ ពួក​គាត់​គឺជា​មនុស្ស​រួសរាយ​រាក់ទាក់។ ពួក​យើង​មានការ​សោកស្ដាយ​សម្រាប់​ការបាត់បង់​ពួក​គាត់»។

ការខាតបង់​សរុប

​លោក នេត វ៉ាន់​ថា ប្រធាន​នាយកដ្ឋាន​បង្ការ​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ​ បានឱ្យ​ដឹង​ថា ការយល់​ដឹង​របស់​សាធារណជន​អំពី​វិធី​សា​ស្រ្ដក្នុង​ការ​បង្ការ​ការ​ឆាបឆេះនិង​ការ​ផ្ទុះនៅ​មានកម្រិត​នៅឡើយ។

លោក​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​ថា៖ «ដោយសារតែ​ការ​មិនសូវ​យល់ដឹង​របស់​ប្រជាជន ពួក​គេ​បាន​ធ្វើការ​ផ្សារ​ទៅ​លើ​ធុង​ហ្គាសរាង​ស៊ីឡាំង​ដែល​លេច​ធ្លាយ។ ពួក​យើង​បាន​កត់សម្គាល់​ថា កន្លែង​លក់​ហ្គា​សមួយ​ចំនួន​មាន​លេចចេញ​នូវ​ឧស្ម័ន​ហ្គា​សក្នុង​កំឡុង​ពេល​ដើរ​ល្បាត ហើយ​ពួក​គេ​បាន​ប្រើប្រាស់​ភ្លើង​ដើម្បី​ផ្សារ​វា​វិញ។ ការយល់​ដឹង​របស់​មនុស្ស​មួយចំនួន​គឺ​មានកម្រិត»។ 

លោក វ៉ាន់​ថា បានឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំនេះ​មាន​ករណី​អគ្គិភ័យ​ប្រមាណ​ជា៦០០ករណី​ទូទាំង​ប្រទេស ដែល​នេះ​គឺ​វា​ច្រើនជាង២០០ករណី​បើ​ធៀប​ជាមួយ​ឆ្នាំមុន​ក្នុង​ថេរវេលា​ដូចគ្នា។ 

លោក​បាន​កត់សម្គាល់​ថា អាជ្ញាធរ​តាម​តំបន់​ត្រូវការ​មាន​ទំនួល​ខុសត្រូវ​បន្ថែម​ចំពោះ​ការគ្រប់គ្រង​អាជីវកម្ម​ដែល​អាច​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្លាំង​ដោយ​ការ​ផ្ទុះឬការ​បំផ្លិច​បំផ្លាញ​ផ្សេង​ៗ ដូចជា​ហាង​បញ្ចូល​ហ្គាស​ជាដើម។ 

គាត់​និយាយ​ថា៖ «អាជ្ញាធរ​តាម​តំបន់​ក៏​មាន​ទំនួល​ខុសត្រូវ​ទៅលើ​វា​ដែរ ពីព្រោះ​អាជ្ញាធរ​តាម​តំបន់​អនុម័ត អនុញ្ញាតឬគ្រប់គ្រង​ប្រតិបត្តិ​ការ​អាជីវកម្ម។ ទី២ សាលាក្រុង​ក៏​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ផង​ដែរ ពីព្រោះ​មាន​អនុក្រឹត្យ​មួយ​ស្ដី​អំពី​ការ​ទុកដាក់ [កំ​ប៉ុង​ហ្គាស​] ដែល​ទាមទារ​ឱ្យ [ជំនួញ​] រក្សា​វា​ទុក​ឱ្យ​ឆ្ងាយ​ពី​តំបន់​ទីប្រជុំជន សាលារៀន មូលដ្ឋាន​កងទ័ព ហើយ​ជំនួញ​មួយ​នេះ​បាន​ដំណើរការ​នៅ​ទីប្រជុំជនដែល​វា​ជា​អំពើខុស​ច្បាប់»។

ផ្សែងដែលហៅទៅលើខ្មួលខ្មាញ់ដែលបង្កឡើងដោយហេតុការណ៍អគ្គិភ័យឆាបឆេះហាងបញ្ចូលហ្គាសមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (Matt Surrusco)

អ្នកនាំពាក្យ​សាលាក្រុង​ភ្នំពេញ ​លោក មេត មាស​ភក្ដី មិនបាន​មាន​មតិ​សម្រាប់​ថ្ងៃអង្គារ​បានទេ។ 

លោក ងី ប៊ុ​នលី ប្រធានមន្ទីរ​ថាមពល​រាជធានី​ភ្នំពេញ​ បាន​ថ្លែង​នៅ​ថ្ងៃអង្គារ​ថា អាជីវ​កម្ម​បញ្ចូល​ហ្គា​សគឺ​ជា​ដំណើរការ​ខុសច្បាប់​មួយ ហើយ​ម្ចាស់​អាជីវកម្ម​មិន​មាន​អា​ជ្ញា​ប​ណ្ណ​ឡើយ។ 

ដោយឡែក ឡាំ​ហុង​ បាន​អះអាង​ថា គ្រួសារ​របស់​លោក​មាន​អាជ្ញាបណ្ណ​សម្រាប់​អាជីវកម្ម​មួយ​នេះ ប៉ុន្តែ​មិនបាន​បញ្ជាក់​ថា​ អា​ជ្ញា​បណ្ណ​ដែល​ពួក​គេ​មាន​ជា​ប្រភេទ​អាជ្ញាបណ្ណ​អ្វី​ឡើយ។ 

អ្នកជិតខាង៣នាក់​បាន​អះអាង​ថា កូនប្រុស​របស់​លោក ឡាំ ហុង គឺ​លោក ឡាំ សេង​ហាវ ដែល​បាន​កាន់កាប់​នូវមុខ​របស់​នេះ ហើយ​ត្រូវ​ផ្ទុះ​ស្លាប់​នោះ គឺ​ត្រូវ​បាន​គេ​ប្រទះឃើញ​ថា ​កំពុង​រៀន​ផ្សារ​ធុង​ហ្គាស​ដោយខ្លួនឯង​ក្នុង​គោលបំណង​ចង់​សន្សំសំចៃ​លុយ ហើយ​អ្នកជិតខាង​ទាំងនោះ​បាន​សង្ស័យ​ថា ​វា​អាច​នឹង​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ។

តាក់ គឺជា​បុរស​ម្នាក់​ដែល​ព្យាយាម​ជួយ​ក្មេង​អាយុ៨ឆ្នាំ​ពី​ការ​ផ្ទុះ​នោះ​ បាន​និយាយ​ថា សេង ហាវ បាន​ចាប់ផ្ដើម​ព្យាយាម​ផ្សារដែក​នៅក្នុង​ហាង​របស់​គាត់​អស់​រយៈពេល៥ថ្ងៃ​មក​ហើយ​មុននឹង​មាន​អគ្គិភ័យ​នេះ​កើតឡើង ពោល​គឺ​ក្នុង​គោលបំណង​សន្សំ​លុយ​ដែល​ពួក​គេ​បាន​ចំណាយ​ទៅលើ​ជាង​ផ្សារដែក​ទាំងអស់​នោះ។ 

បុរស​វ័យ២៣ឆ្នាំ​ម្នាក់​ដែល​លក់​អាហារ​នៅ​ជិត​នោះ​ក៏បាន​ឱ្យ​ដឹង​ស្រដៀងគ្នា​នេះ​ផង​ដែរ គាត់​និយាយ​ថា ​ម្ចាស់ហាង​បាន​ព្យាយាម​កាត់បន្ថយ​តម្លៃ។

គាត់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា៖ «កូនប្រុស​របស់ ឡាំ ហុង បាន​ព្យាយាម​ផ្សារ​នូវ​ធុង​ហ្គា​សលេច​ធ្លាយ​ដោយខ្លួនឯង ទាំង​ដែល​គាត់​មិន​មាន​ជំនាញ​ច្បាស់លាស់​ជាមួយ​វា​ឡើយ។ ដូច​នេះ​ឧស្ម័ន​ហ្គា​សក៏​ចេញ​មក ហើយ​វា​ជាហេតុ​ដែល​នាំ​ឱ្យ​មានការ​ផ្ទុះ​នេះ​កើតឡើង។ គាត់​ចង់​សន្សំសំចៃ​លុយ តែ​វា​បែរ​ក្លាយទៅជា​ការខាតបង់​សរុបទៅ​វិញ»។

ប្រផ្នូល​អាក្រក់​

បន្ទាប់ពី​ការ​ផ្ទុះ​នេះ ឡាំ ហុង បាន​និយាយ​ថា​ លោក​បាន​ដើរ​ឆ្លងកាត់​ក្នុង​ការ​បំផ្លិច​បំផ្លាញ​នោះ ដើម្បី​ស្វែង​រក​កូន​ៗដែល​នៅសល់។ លោកឪពុក​ម្នាក់​នេះ​បាន​និយាយ​ថា គាត់​បាន​ទុក​ឆ្អឹង៥ខាំ​ដែល​គាត់​រក​ឃើញ ហើយ​បូជា​ឆ្អឹង​ដែល​នៅ​សេសសល់ រួច​បោះ​ចូល​ទៅ​ក្នុង​ទន្លេ។ 

បន្ទាប់ពី​បាន​បូជា​សព្វ​សមាជិក​គ្រួសារ​របស់​លោកនិង​កម្មករ​រួចហើយ ឡាំ ហុង ដែល​ជា​ម្ចាស់ផ្ទះ​បាន​និយាយ​ថា ឥលូវនេះ​លោក​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​បំណុល​របស់​គ្រួសារនិង​ការបាត់បង់​ទ្រព្យសម្បត្តិ។ 

គាត់​បាន​ប៉ាន់​ស្មានថា ​ក្នុងករណី​អគ្គិភ័យ​នេះ វា​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​លោក​ប្រមាណ​ជាជាង២០០ ០០០ដុល្លារ ហើយ​គាត់​បាន​កំពុង​មាន​គម្រោង​សម្របសម្រួល​ជាមួយ​ម្ចាស់ហាង​សត្វ​ចិញ្ចឹម​ដែល​ត្រូវ​ទទួលរង​ការខូចខាត​ក្នុង​ហេតុការណ៍​ផ្ទុះ​នេះ​ផង​ដែរ។ 

លោក​បាន​និយាយ​ថា៖ «ពួក​យើង​មិនបាន​ចង់ឱ្យ​រឿង​នេះ​កើតឡើង​ឡើយ ហើយ​ពួក​យើង​ក៏បាន​បាត់បង់​សមាជិក​គ្រួសារ​របស់​យើង​ដែរ កូន​របស់ខ្ញុំ​ពីរ​នាក់និង​កម្មករ​ពីរ​នាក់»។ 

រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទិសដៅទៅពន្លត់អគ្គិភ័យផ្ទុះធុងហ្គាសមួយកន្លែងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ (Matt Surrusco)

ឡាំ ហុង បាន​បន្ត​ថា ​គ្រួសារ​របស់​គាត់ទើប​តែ​ខ្ចី​លុយ៤០ ០០០ដុល្លារ​ពី​កន្លែង​ផ្ដល់​ប្រាក់កម្ចី​យក​មក​ផ្គត់ផ្គង់​ក្នុង​មុខ​ជំនួញ​របស់​គេ។ ប៉ុន្តែ​បច្ចុប្បន្ន​អាជីវកម្ម​នេះ​ត្រូវ​បញ្ឈប់ ហើយ​ពួក​គេ​គ្មាន​គម្រោង​សម្រាប់​បន្ត​អាជីវកម្ម​នេះ​ឡើយ។

គាត់​បន្ត​ទៀត​ថា៖ «អ្វី​ដែល​ពួក​ខ្ញុំ​ខំ​រក​មួយ​ជីវិត​មក​នេះ ​ត្រួ​វបាន​បំផ្លាញ​ដោយ​អគ្គិភ័យ​មួយ​នេះ។ បន្ថែម​ពីលើ​នេះ ពួក​យើង​ត្រូវ​ជំពាក់បំណុល​ធនាគារ​ក្នុង​ការ​ដំណើរការ​អាជីវកម្ម​មួយ​នេះ»។ 

កាលពី​មួយថ្ងៃ​ទៅ​ពីរ​ថ្ងៃមុន គាត់​ត្រូវ​បាន​ដាស់​ឱ្យ​ក្រោក​ដោយ​កូនស្រី​ដែល​ស្លាប់​នៅក្នុង​អគ្គិភ័យ​នោះ ឡាំ ហុង បាន​និយាយ​ថា ​គាត់​ត្រូវ​បាន​រំខាន​ដោយ​សុបិនអាក្រក់​អំឡុង​ពេលដេក​របស់​គាត់។ គាត់​ថ្លែង​ថា គាត់​យល់សប្តិ​ឃើញ​ផ្ទះ​របស់​គាត់​តាំងពី​ឆ្នាំ១៩៩១ដែល​គ្មានអ្វី​ទាំងអស់ ហើយ​សមាជិក​គ្រួសារ​ដែល​ជា​រឿយ​ៗនៅក្នុង​ផ្ទះ​នេះ​ត្រូវ​បាន​បាត់ខ្លួន។

យោង​តាម​សេចក្ដីសន្និដ្ឋាន ​គាត់​ជឿ​ថា ​សុបិន្ដ​នេះ​គឺជា​ប្រផ្នូល​អាក្រក់​មួយ ប៉ុន្តែ​នៅពេល​ដំបូង​ដែល​គាត់​ភ្ញាក់​ពី​ដំណេក គាត់​បាន​សង្កត់ធ្ងន់​ទៅលើ​ភាព​ពិត​ជាក់ស្ដែង​របស់​អាជីវកម្មនិង​បំណុល​បច្ចុប្បន្ន​របស់​គាត់​ជាង។ 

គាត់​ថ្លែង​ថា៖ «ខ្ញុំ​មិនបាន​យកចិត្ត​ទុកដាក់​ទៅលើ​រឿង​នេះ​ឡើយ ដោ​យ​សារ​តែ​ខ្ញុំ​គិតតែ​អំពី​ការ​ធ្វើអាជីវកម្ម»។ 

បកប្រែ​ពីអ​ត្ថ​បទ​ដើម​ជា​ភាសាអង់គ្លេស​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ