វិភាគ៖ កម្ពុជា​​ប្រទេស​​កសិកម្ម​​តែ​​ទិញ​​បន្លែ​​ត្រី​​សាច់​​ពី​​ប្រទេស​ជិត​ខាង​​

សកម្មភាពលក់ដូរបន្លែ ត្រីសាច់ នៅក្នុងផ្សារមួយកន្លែង ក្រុងភ្នំពេញ។ (ណាត សុភាព/ ២២ មករា ២០២០)

ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប្រកាស​ពី​វិធានការ​ពង្រឹង​វិស័យ​កសិកម្ម ស្រប​ពេល​ដែល​របាយការណ៍​ស្ថាប័ន​ពាក់ព័ន្ធ​បង្ហាញថា បច្ចុប្បន្ន​កម្ពុជា​ត្រូវ​ចំណាយ​ប្រមាណ១ពាន់​លាន​ដុល្លារ​ក្នុង១ឆ្នាំ​ទិញ​បន្លែ​ត្រី​សាច់​ពី​ប្រទេសជិតខាង​មក​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក។

មួយ​រយៈកាល​ចុងក្រោយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើដំណើរ​តាម​បណ្តា​ខេត្ត​ដើម្បីពិនិត្យ​ទីតាំង​ធ្វើ​កសិកម្ម។ ក្នុង​សុន្ទរកថារបស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទាំង​ពេល​លោក​ទៅ​ពិនិត្យ​កន្លែង​ធ្វើ​កសិកម្មនិង​ថ្លែង​សារ​នៅ​កន្លែង​ផ្សេង​ៗទៀត​មួយ​រយៈ​ចុងក្រោយ​នេះ លោក​តែង​បង្ហាញ​មោទកភាព​ដែល​ថាប្រទេស​ផ្សេង​ៗកំពុង​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយ​មេរោគ​កូ​វីដ១៩ ប៉ុន្តែ​ជា​ឱកាសល្អ​សម្រាប់​ពង្រឹង​កសិកម្ម​នៅ​កម្ពុជា។

ក្នុង​ឱកាស​ទៅ​ពិនិត្យ​ទីតាំង​ធ្វើស្រែ​ក្នុង​ស្រុក​ព្រៃ​កប្បា​ស ខេត្តតាកែវ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​មន្ត្រី​ផ្សេង​ៗទៀតដើរកាត់​វាលស្រែ កាត់​ភក់ កាត់ទឹក ពិនិត្យ​កន្លែង​ភ្ជួរ​រាស់ កន្លែង​ដាំដុះ និងកន្លែង​ប្រមូល​ផល​ស្រូវ។

ក្នុង​ឱកាស​នោះ លោក​ ហ៊ុន សែន ណែនាំ​មន្ត្រី​ឱ្យ​ប្រើ​ឱកាស​ដែល​ពិភពលោក​កំពុង​ជួប​បញ្ហា​កូ​វីដ១៩ មក​ពង្រឹង​វិស័យ​កសិកម្ម​ដើម្បី​នាំចេញ។

លោក ហ៊ុន សែន៖ «ប្រទេស​ផលិត​ស្បៀង​ជា​ប្រទេស​ត្រូវប៉ាន់​ គឺ​ឱកាស​វា​បាន​មកដល់។ យើង​ត្រូវ​ប្រែក្លាយ​វិបត្តិ​នេះ​ឱ្យទៅ​ជា​ឱកា​សសម្រាប់​កម្ពុជា ដើម្បី​ពង្រីក​ទីផ្សារ​នាំចេញ​នូវ​ប្រភេទ​ស្បៀង​ទាំងឡាយ មិនមែន​តែ​អង្ករ​ទេ។ យើង​នាំចេញ​ទាំង​ម្សៅមី ទាំង​ដំឡូងមី យើង​នាំចេញ​ទាំង​ស្វាយ នាំចេញ​ទាំង​ចេក នាំចេញ​ទាំង​អ្វី​ៗដែល​ជា​ប្រភេទ​ស្បៀង»។

លោក​លើកឡើង​ថា ចំពោះ​ពលរដ្ឋ​ដែល​បាត់បង់​ការងារ​ដោយសារតែ​កូ​វីដ១៩ អាច​ចាប់ផ្តើម​ជាមួយ​កសិកម្ម​វិញ។

លោក ហ៊ុន សែន៖ «ពលករ​យើង​ប្រមាណ១០ម៉ឺន​នាក់​វិល​មក​ពី​ថៃ​បាន​វិល​មក​ចូលរួម​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម។ កម្មករ​បាត់បង់​ការងារ​របស់​យើងក៏បាន​មកកាន់​ស្រុកកំណើត​ជា​មួ​យការឧប​ត្ថ​ម្ភ​ថវិ​កា​ខ្លះ​ៗ ៤០ដុល្លារ​ពី​រាជរដ្ឋាភិបាល​ ក៏បាន​ចូលរួម​ជាមួយ​ឪពុក​ម្តាយជា​កសិករ​នៅឡើយ។ អីចឹង​កម្លាំង​បំពេញបន្ថែម​ឱ្យ​វិស័យ​កសិកម្មដែល​បាត់បង់​ពី​វិស័យ​សេវា និង​ឧស្សាហកម្ម និង​ចំណាកស្រុក យើង​មានការ​ងារ​ធ្វើ​ក្នុង​វិស័យ​កសិកម្ម»។

កាលពី​ថ្ងៃទី១៤ ខែកក្កដា ក្នុង​ពិធី​សំណេះសំណាល​មួយ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម ក្នុង​ស្រុក​ពាមរក៍ ខេត្តព្រៃវែង លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា កសិកម្ម​នៅ​កម្ពុជា​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដោយ​កូ​វីដ១៩ទេ ថែមទាំង​មានឱកាស​ល្អ​សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម​ទៅវិញ។

ទោះជា​ប្រមុខ​រដ្ឋាភិបាល​លើកឡើង​ពី​ឱកាស​នៃ​ការ​ពង្រឹង​វិស័យ​កសិកម្ម​ក៏ដោយ ប៉ុន្តែ​ការទិញ​ផលិតផល​កសិកម្ម​មក​ផ្គត់ផ្គង់​តម្រូវការ​ហូបចុក​ក្នុង​ប្រទេស​មិន​ថយ​ចុះ​ទេ។

បច្ចុប្បន្ន​កម្ពុជា​ទិញ​បន្លែ​ត្រី​សាច់រាប់​រយ​តោន​ក្នុងមួយថ្ងៃ​ៗ ដើម្បី​យក​មក​ផ្គត់​ផ្តង់​តម្រូវការ​នៅក្នុង​ប្រទេស​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញនិង​នៅ​តាម​បណ្តា​ខេត្ត។ ការនាំចូល​រាប់ទាំង​ត្រី សាច់​មាន់ សាច់​ជ្រូក សាច់​ទា ចំណែក​បន្លែ​មាន​ទាំង​ត្រសក់ ស្ពៃ សាឡាត់ ខាត់ណា​ជាដើម។

កាលពី​ខែឧសភា ​ឆ្នាំ២០២០ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វ​កម្ពុជា លោក ស្រ៊ុ​ន ពៅ ប្រាប់​វី​អូ​ឌី​ថា ក្នុង១ឆ្នាំ កម្ពុជា​ចំណាយ​ប្រាក់​ជិត១ពាន់​លាន​ដុល្លារ សម្រាប់​ទិញ​ជ្រូក មាន់ ទា និង​បន្លែ ពី​ប្រទេសជិតខាង។ 

តើ​មូលហេតុ​អ្វី​បាន​ជា​កម្ពុជា​ប្រទេស​កសិកម្មនៅតែ​បន្ត​ទិញ​ផលិតផល​កសិកម្ម​ពី​ប្រទេសជិតខាង?

វិស័យ​កសិកម្ម​ជួប​បញ្ហា​មួយចំនួន​អូស​បន្លាយ​ច្រើន​ឆ្នាំ​មក​ហើយដែល​មិនទាន់​ដោះស្រាយ។ ចំពោះ​ស្រូវ​ កសិករ​ត្អូញត្អែរ​ជាបន្តបន្ទាប់​ទាក់ទង​ជាមួយ​តម្លៃ ដោយ​ថា ពេលខ្លះ​ថោក ហើយ​មិន​មាន​អ្នកទិញ​ទៀត។ កាលពី​ឆ្នាំ២០១៦ កសិករ​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ​ចាក់ស្រូវបិទផ្លូវ ដោយសារ​តម្លៃថោក​ពេក។

ចំពោះ​បញ្ហា​បន្លែ​ក៏​កសិករ​ត្អូញត្អែរ​ប្រហាក់​ប្រហែលគ្នា​ដែរ​ គឺ​ប្រែប្រួល​ឡើងចុះ​ឆាប់​ពេក​ ​បើ​ធ្លាក់ចុះ​ថ្លៃ​លឿន ​តែបើ​ឡើងថ្លៃ​វិញ​ប្រើ​ពេល​យូរ។

បញ្ហា​ដដែល​ៗនេះ​ធ្វើ​ឱ្យ​កសិករ​មួយចំនួន​សម្រេចចិត្ត​ទុក​ដី​ឱ្យ​នៅទំនេរ​ចោល និង​មួយចំនួន​ទៀតបាន​លក់​ដីស្រែ​ចម្ការ​ងាក​ទៅ​ចាប់​យកមុខ​របរ​ផ្សេងទៀត។ កសិករ​មួយចំនួន​ក្លាយទៅជា​កម្មករ​នៅក្នុង​ទីក្រុង ហើយ​កសិករ​មួយចំនួន​ទៀត​បាន​ក្លាយជា​ពលករ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស។ 

ពលរដ្ឋខ្មែរ​ដែល​ស្វែងរក​ការងារ​នៅ​ក្រៅប្រទេស​រួម​ទាំង​នៅ​ថៃ ជប៉ុនឬកូរ៉េ​ខាងត្បូង​ជាដើម ​គឺ​ទៅ​ធ្វើ​ក្នុង​វិស័យ​កសិកម្ម ដូចជា ដក​ដំឡូង បេះ​ផ្លែឈើឬចិញ្ចឹមសត្វ។ ចំណុច​នេះ​ធ្លាប់​មានការ​ចោទសួរ​ថា ហេតុអ្វីបានជា​កម្ពុជាមិន​ពង្រឹង​វិស័យ​កសិកម្ម​ខ្លួនឯង ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុកនិង​នាំចេញ​ ប្រសើរ​ជាង​ពលរដ្ឋ​ឆ្លង​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​ជួប​បញ្ហា​ប្រឈម​ច្រើន។

មូលហេតុ​ដែល​កសិករ​មួយចំនួន​បោះបង់​របរ​កសិកម្ម​ដោយ​លើក​ហេតុផល​ថា ការ​ធ្វើ​កសិកម្ម​ខាត អ្នកខ្លះ​ខ្ចីបុល​គេ​មក​ធ្វើ​ដើមទុន​ត្រូវ​ខាតបង់ លក់​សម្ភារ​ឬលក់​ដី​សង​គេ។ ការ​ធ្វើ​កសិកម្ម​បច្ចុប្បន្នមិនមែន​ប្រើ​កម្លាំង​គោក្របីភ្ជួរ​រាស់​ដូចមុន​ទៀត​ទេ គឺ​ប្រើ​គ្រឿងចក្រ ប្រើ​ថ្នាំនិង​ជីគីមី ទើប​ធ្វើ​ឱ្យ​កសិករ​ត្រូវការ​ចំណាយ​ច្រើន។

អ្នកជំនាញ​ផ្នែក​កសិកម្ម លោក យ៉ង សាំង​កុមារ លើកឡើង​ថា វិធាន​កា​រថ្មីៗ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម​នេះមិន​អាច​ទៅរួច​ទេ ព្រោះ​មិន​មានការ​រៀបចំ​ថវិកានិង​ធនធានមនុស្ស​ច្បាស់លាស់។

លោក ​យ៉ង សាំង​កុមារ៖ «វា​ទៅ​អត់​រួច​ទេ ព្រោះ​វិធានការ​វា​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​ថវិកា​ជាមួយ​ធនធានមនុស្ស។ តើ​ផែនការ​ជាក់លាក់​ហ្នឹង​មានអី​ខ្លះ ១ ២ ៣ ទៅ។ ហើយ​ថវិកា​ត្រូវ​មានការគាំទ្រ​ការងារ​ហ្នឹងហើយ​និង​ធនធានមនុស្ស។ ហើយ​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យនិង​វាយតម្លៃ​លើ​ការអនុវត្ត​វិធានការ​ហ្នឹង។ បើ​លើក​វិធានការ​ចោលដដែល​ហ្នឹង ដូចតែ​មុន​ហ្នឹង»។

លោក យ៉ង សាំង​កុមារ លើកឡើង​ទៀត​ថា នៅ​តាម​ភូមិ ឃុំ ស្រុក ស្ទើរតែ​មិន​មាន​អ្នកជំនាញ​កសិកម្ម​ជួយ​ដល់​កសិករពេល​ដំណាំ​ឬសត្វ​ចិញ្ចឹម​របស់​ពួក​គាត់​មាន​បញ្ហា​នោះ​ទេ។ ចំណុច​មួយទៀត​ លោក​ថា កសិករ​ក៏​ខ្វះ​ដើមទុន​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ប្រកបរបរ​កសិកម្ម​ដែរ។

ករណី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើង​ថា ពលករ​មក​ពីក្រៅ​ប្រទេសនិងពលរដ្ឋ​នៅក្នុង​ប្រទេស​បាត់បង់​ការងារ​ មិន​ចោទ​ជា​បញ្ហា​ ដោយ​ពួក​គេអាច​វិល​ទៅ​ធ្វើ​កសិកម្ម​ជាមួយ​ក្រុម​គ្រួសារ​វិញ​នោះ ហាក់​មិនទាន់​ដោះស្រាយ​បញ្ហា​ពួក​គាត់​បាន​នៅឡើយ​ទេ។

បញ្ហា​ត្រង់ថា អ្នកខ្លះ​មិន​មាន​ដីស្រែ​ឬដីចំការ​នោះ​ទេ ហើយ​បើ​អ្នកមាន​ដីស្រែ​ឬដីចំការ ក៏​មិន​អាច​ដាំដុះឬចិញ្ចឹមសត្វ ដើម្បី​យក​ផល​មក​ដោះស្រាយ​ការ​ចំណាយ​ក្នុង​ជីវភាពរស់នៅ​ឱ្យ​បាន​ទាន់ពេល​ដែរ។ 

ជាក់ស្តែង​អ្នក​ជំពាក់បំណុលរាប់​សែន​នាក់ក្នុងចំណោម២លាន៦សែន​នាក់ បាន​ស្នើ​ទៅ​ស្ថាប័ន​ដែល​ពួក​គេ​ខ្ចី​ដើម្បី​ផ្អាក​ការ​បង់​សង។ ​​ចំណែក​អ្នកធ្វើការ​ងារ​លើ​វិស័យ​សេវាកម្ម​កម្សាន្ត​រាប់​ម៉ឺន​នាក់​ដែល​អះអាង​ថា បាត់បង់​ចំណូល​ទាំងស្រុងនោះ បាន​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួង​ការ​ងារជាបន្តបន្ទាប់ ដើម្បី​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពួក​គេ ដោយ​អ្នកខ្លះ​ថា មិន​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះ​ទេ។

ចំពោះ​ថវិការដ្ឋ​សម្រាប់​ចំណាយ​ជួយ​ដល់​អ្នក​ក្រីក្រឬអ្នក​ប៉ះពាល់​ខ្លាំង​ដោយ​ឥទ្ធិពល​កូ​វីដ១៩ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា រដ្ឋ​គ្រោង​បង្កើន​ការ​ចំណាយ​ដល់​ជិត៣០លាន​ដុល្លារ​នៅក្នុង​ខែ​កក្កដា​នេះ​ ដោយ​រក​ឃើញ​អ្នក​ដែ​លត្រូវឧប​ត្ថ​ម្ភ​កើនឡើង។

បញ្ហា​ទាំងនេះបង្ហាញថា វិស័យ​កសិកម្ម​មិនទាន់​អាច​ស្រូប​យកកម្លាំង​កម្ម​ករដែល​បាត់បង់​ការងារ​ដោយសារ​ជំងឺកូ​វីដ១៩បាន​នៅឡើយ។

រដ្ឋាភិបាល​ក៏​មិន​បង្ហាញ​ផែនការ​ជាក់លាក់​ពី​ការ​បង្កើន​ការ​ចិញ្ចឹមសត្វនិងដាំដុះ​ដំណាំ ដើម្បី​កាត់បន្ថយ​ការទិញ​ផលិតផល​កសិកម្ម​ចូល រហូតដល់​មានការ​និយាយលេង​តគ្នា​ថា «ពលរដ្ឋ​កម្ពុជា​មិន​បារម្ភ​ខ្លាច​ស្លាប់​ដោយសារ​បន្លែ​ត្រី​សាច់​របស់​វៀតណាម​មាន​សារធាតុគីមី​ទេ គឺ​បារម្ភ​ខ្លាច​ស្លាប់​ដោយសារ​វៀតណាម​មិន​លក់​បន្លែ​ត្រី​សាច់​ឱ្យ​បរិភោគ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ