អាជ្ញាធរ​​បំបែក​​ក្រុម​​គ្រួសារ​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ដែល​​ព្យាយាម​​ឈរ​​តវ៉ា​​នៅ​​របង​​តុលាការ​​

អាជ្ញាធរខណ្ឌ៧មករាចាប់អូសស្ត្រីជាភរិយានិងសាច់ញាតិរបស់អតីតមន្ត្រីបក្សប្រឆាំង ចេញពីមុខសាលាដំបូងនៅពេលក្រុមស្ត្រីទាំងនោះលើកបដាតវ៉ាទាមទារឱ្យដោះលែងសាច់ញាត់ដែលជាប់ឃុំ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ/ Screenshot)

អាជ្ញាធរ​ខណ្ឌ៧មករា បាន​បំបែក​ក្រុម​គ្រួសារ​អតីតមន្ត្រីនិង​សកម្មជន​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ឈរ​តវ៉ា​នៅ​ជាប់​របង​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេ​ចំនួន១៧នាក់ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នោះ​ឡើយ។

ភរិយា កូន​ៗ និង​សាច់ញាតិ​របស់​អតីតមន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល៥០នាក់បាន​​ប្រមូលផ្ដុំ​គ្នា​លើក​បដា និង​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​តុលាការ​ឱ្យ​ដោះលែង​ស្វាមី​របស់​ពួក​គេ​ចំនួន១៧នាក់ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។

ការ​តវ៉ា​ពួក​គេធ្វើឡើង​ស្រប​ពេល​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញនិង​សាលាឧទ្ធរណ៍បើកសវនាការសំណុំរឿង​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ពីរ​នាក់​នៅ​ថ្ងៃនេះ ប៉ុន្តែការ​ជួបជុំនិង​តវ៉ា​នេះត្រូវ​បាន​ក្រុម​សន្តិសុខ​ខណ្ឌ៧មករាចាប់និង​បំបែក​ពួក​គេ។

ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ក្រុម​សន្តិសុខ​ចាប់​បំបែក អ្នកស្រី ព្រំ ចន្ថា ដែល​ត្រូវជា​ភរិយា​លោក កាក់ កុម្ភា​រ សមាជិក​ជាប់ឆ្នោត​នៃ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ថា ស្វាមី​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី៣១ ខែឧសភា​ក្នុង​ឆ្នាំនេះ ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «រួមគំនិតក្បត់ និង​ញុះញង់»។

អ្នកស្រី​បន្ត​ថា ពួក​គាត់នឹង​នាំគ្នា​មក​តវ៉ា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ម្ដង​ហើយ​ម្ដងទៀត បើសិនជាតុលាការមិនដោះលែងស្វាមីនិងអ្នកជាប់ឃុំផ្សេងទៀត បើ​ទោះបីជា​រាល់ពេល​តវ៉ា​ម្ដង​ៗកន្លងមកត្រូវ​ទទួលរង​ការ​គំរាមកំហែង ចាប់​អូស និង​រុញច្រាន​ពី​សមត្ថកិច្ចនិង​ក្រុម​សន្តិសុខ​ខណ្ឌ៧មករា​ក៏ដោយ។

អ្នកស្រី ព្រំ ចន្ថា ប្រាប់​ថា៖ «ជា​បង​ជា​ប្អូននិង​ជា​ចៅ ត្រូវតែ​មក​ដើម្បី​ស្រែក​ទាមទារ​ឱ្យ​ដោះលែង​ពួក​គាត់។ ពួក​គាត់​អត់មាន​កំហុស​ទេ ខ្ញុំ​ស្រែក​ទាមទារ​រហូតដល់​ដោះលែង​ប្ដី​ខ្ញុំ អ្នក​ទាំងអស់គ្នា១៧រូប ដោយសារ​អី​គាត់​រង​អយុត្តិធម៌​ណាស់ គាត់​គ្មាន​កំហុស​ទេ សូម​ឱ្យ​ដោះលែង​ពួក​គាត់​ឥត​លក្ខខណ្ឌ លើកលែង​ការចោទប្រកាន់​ពួក​គាត់​ទាំងអស់»។

អ្នកស្រី នួន នឿន ដែល​អះអាង​ជា​សាច់ញាតិលោក លាស់ ឆេង​ឡាយ សមាជិក​ក្រុមប្រឹក្សា​ស្រុក​បវេល លើកឡើង​ថា ការ​ចាប់​ឃុំខ្លួននិង​ចោទប្រកាន់​លើ​អតីតមន្ត្រីនិង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ គឺជា​រឿង​អយុត្តិធម៌។

អ្នកស្រី នួន នឿន ប្រាប់​ថា៖ «ខ្ញុំ​យល់ថាគាត់​គ្មាន​កំហុស​ទេ ព្រោះ​គាត់​សប្បុរសជន​ចិត្តទូលាយ។ ពីមុន​គាត់​ជា​ប្រតិបត្តិ​ស្រុក​បវេល ពេល​គេ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ គាត់​ក៏​ឈប់ ហើយ​គាត់​ធ្វើចម្ការ ហើយ​គាត់​ចាំ​ជួយសង្គ្រោះ​អ្នក​ក្រីក្រ​ដែក​អត់​លុយ​ទៅពេទ្យ។ ចុះ​ហេតុអ្វី​បាន​ចោទប្រកាន់​គាត់​ថាក្បត់​អី​ទេ ខ្ញុំ​អត់​បានដឹង​គេ​ចោទ​អី​កាត់​ខ្លះ​ទេ ប៉ុន្តែខ្ញុំ​ដឹង​តែថាគាត់​អត់មាន​ទោស​ទេ ខ្ញុំ​ធានា​ដោយ​ជីវិត​ខ្ញុំ»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីអ​ភិបាល​ខណ្ឌ៧មករា លោក លឹម សុភា ពាក់ព័ន្ធ​នឹង​ការ​បំបែក​ក្រុម​ភរិយា កូន​ៗ និង​​សាច់ញាតិ​របស់​អតីតមន្ត្រី និង​សកម្ម​ជនបក្ស​សង្គ្រោះ​ជាតិ​នៅមុខ​តុលាការ​នា​ថ្ងៃនេះ​បានទេ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល។

បន្ទាប់ពី​ក្រុម​សន្តិសុខ​ខណ្ឌ៧មករាបំបែក​មិន​ឱ្យ​ជួបជុំ​នៅ​ជាប់​របង​តុលាការ ក្រុម​ស្ត្រី កូន​ៗ និង​សាច់ញាតិ​របស់​មន្ត្រី និង​សកម្មជន​អតីត​បក្ស​ប្រឆាំង បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ដោយ​ដើរ​ថ្មើរ​ជើងយក​ញត្តិ​ទៅដាក់​នៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ដើម្បី​សុំ​ឱ្យ​ស្ថានទូត​ជួយ​អន្តរាគមន៍​មក​រដ្ឋាភិបាល​កម្ពុជានិង​តុលាការ​ដោះលែង​ស្វាមី​របស់​ពួក​គេ។

ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់ពី​ចូល​ជួប​តំណាងស្ថានទូត​អង់គ្លេស អ្នកស្រី ព្រំ ចាន់​ដ្ឋា អះអាង​ថា តំណាង​ស្ថានទូត​បាន​ប្រាប់​ពួក​គាត់​ថានឹង​ជួយ​អន្តរាគមន៍​ចំពោះរឿងនេះ។

អ្នកស្រី ព្រំ ចាន់​ដ្ឋា ប្រាប់​ថា៖ «គាត់​ឆ្លើយតប​យ៉ាង​ល្អ​បំផុត គាត់​នឹងជួយ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ​ទាំងអស់គ្នា ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ។ គាត់​នឹង​ជួប​ប្រជុំ​ទូត​ដែល​ខ្ញុំ​ដាក់​ញត្តិ​ទាំងប៉ុន្មាន​ហ្នឹង»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ដែល​ឃ្លាំមើល​ករណីនេះ បាន​ចាត់ទុក​សកម្មភាព​របស់​ក្រុម​សន្តិសុខនិង​សមត្ថកិច្ច​របស់​ខណ្ឌ៧មករា ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «ខ្ញុំ​គិតថា គួរតែ​មានការ​សម្រួល​ជាង​ហ្នឹង បើ​មិន​ឱ្យ​គាត់​នៅ យើង​កុំ​ប្រើ​វិធានការ​បែប​ហិង្សា មើលទៅ​គាត់​អាច​មាន​រង​របួស ឃើញ​ចាប់​គ្រវាត់ វា​ជា​រូបភាព​អត់​ល្អ​ទេនៅពេល​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គមឬសារ​ព័ត៌មាន។ អ៊ីចឹង គួរតែ​មាន​វិធានការ​ល្អ​ជាង​នេះ បើសិនជា​រារាំង​ពួក​គាត់​មិន​ឱ្យទៅ​តវ៉ា​ដល់​មុខ​សាលាដំបូង​អ៊ីចឹង»។

មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជននិង​អ្នកគាំទ្រ​បក្ស​ប្រឆាំង លោក សំ សុ​គង់ ឱ្យ​ដឹង​ថា គិត​ចាប់តាំងពី​ខែមករា​ដើមឆ្នាំ​នេះ​មក សកម្មជននិង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ចំនួន១៤រូប​ហើយត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួននិង​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​រួមគំនិតក្បត់ឬការចោទប្រកាន់​ពី​បទ​ញុះញង់​ជាដើម។ រី​ឯស​កម្ម​ជន​បក្ស​ប្រឆាំង៣រូប​ទៀត ត្រូវ​បាន​ដាក់​ឃុំ​នៅមុន​ឆ្នាំ២០២០នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ