ការ​សិក្សា​​មួយ​​រក​​ឃើញ​ថា​ អំពើ​​ហិង្សា​​ក្នុង​​គ្រួសារ​​ធ្លាក់​ចុះ​៣២​ភាគ​រយ​​អំឡុង​​វិបត្តិ​​កូ​វីដ​១៩​​

បន្ទប់ផ្ទះជួលមួយកន្លែងដែលគេហៅថា ផ្ទះ ឡ ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ រូបភាព៖ ហ៊ី ឆាយ

របាយការណ៍​សិក្សា​មួយ​រក​ឃើញថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ធ្លាក់ចុះ​ដល់ទៅ៣២ភាគរយ អំឡុង​ពេល​វិបត្តិ​សុខភាព​សកល ដែល​បង្កឡើង​ដោយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​កើតឡើង​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ។

ការ​រក​ឃើញ​បែបនេះ ត្រូវ​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​នៃ​ការសិក្សា​អំពី​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ១៩លើ​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​ធ្វើឡើង​រួមគ្នា​ដោយ​អង្គការ​វេទិកា​អនាគតនិង​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ​កម្ពុជា តាមរយៈ​ការ​សម្ភាស​ពលរដ្ឋ​ជា​សំណាក​ចំនួន១,១៣៤នាក់​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប កំពង់ស្ពឺ កំពត និង​ស្វាយរៀង នៅចន្លោះ​ខែមករានិង​ខែមេសា ក្នុងឆ្នាំ​២០២០​នេះ។

លទ្ធផល​នៃ​ការសិក្សា​ដែល​បាន​មក​ពី​ការ​សម្ភាស​ពលរដ្ឋនិង​មេ​ភូ​មិ​នោះ បាន​រក​ឃើញថា អំពើ​ហិង្សា​ក្នុង​គ្រួសារបាន​ធ្លាក់ចុះ​នៅក្នុងចំណោម​គ្រួសារ​ដែល​បាន​ផ្ដល់​សម្ភាសន៍​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តកំពត ប៉ុន្តែបាន​កើនឡើង​នៅ​ខេត្តស្វាយរៀងនិង​ខេត្ត​កំពង់ស្ពឺ​ទៅវិញ។

លទ្ធផល​នៃ​ការសិក្សាបាន​បង្ហាញថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​រាជធានី​ភ្នំពេញបាន​ធ្លាក់ចុះ​ពី១៩ករណី​នៅ​ខែមករា មក​នៅ​ត្រឹម៦ករណី​នៅ​ខែមេសា ខណៈ​ខេត្តសៀមរាប​ធ្លាក់ចុះ​ពី១៤ករណី មក​នៅ​ត្រឹម៩ករណី ហើយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង​នៅ​ខេត្តកំពតបាន​ធ្លាក់ចុះ​ពី១១ករណី មក​នៅ៦ករណី​វិញ។

ប្រធាន​ផ្នែក​ក្រុមបច្ចេកទេស​នៃ​គម្រោង​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​អង្គរ​ស្រាវជ្រាវ​កម្ពុជា លោក អ៊ា​ន រ៉េ​ម៉េ​ក (Ian Ramage​) បាន​ប្រាប់​ថា របាយការណ៍​ស្រាវជ្រាវ​នេះមិន​អាច​បញ្ជាក់​បាន​ច្បាស់​លាស់​អំពី​មូលហេតុ​នៃ​ការ​ធ្លាក់ចុះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន និង​មូលហេតុ​នៃ​ការ​កើនឡើង​បញ្ហា​នេះ​នៅ​បណ្ដា​ខេត្ត​ដទៃទៀត​នោះ​ឡើយ។

អ្នកស្រាវជ្រាវ​រូប​នេះប្រាប់​ថា ការសិក្សា​នេះគ្រាន់តែ​ចង់​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​សម្រាប់​រដ្ឋាភិបាល​យក​ទៅ​ពិចារណានិង​ធ្វើ​កំណែទម្រង់ ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​រីកចម្រើន ហើយ​ការសិក្សា​នេះនឹង​ត្រូវ​តាមដាន​បន្ថែម​ទៀត​នៅ២ខែក្រោយ។

លោក អ៊ា​ន រ៉េ​ម៉េ​ក ប្រាប់​ថា៖ «ខ្ញុំ​សង្ឃឹមថា ព័ត៌មាន​នេះ​នឹង​ជួយ​ដល់​រដ្ឋាភិបាល​ក្នុងការ​ផ្តោត​គោលដៅ​គាំទ្រ​ពលរដ្ឋ​នៅ​វិស័យ​ណា​ដែល​ត្រូវការ​បំផុត​នោះ»។

ផ្ទុយពី​ខេត្តនិង​រាជធានី​ទាំង៣ខាងលើ​នេះ អ្នកឆ្លើយតប​បាន​រាយការណ៍​អំពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅក្នុង​ខេត្ត២ផ្សេងទៀត​ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​ចុះទៅ​សម្ភាស ក្នុង​នោះ​នៅ​ខេត្ត​កំពង់ស្ពឺកើនឡើង​ពី១៣ករណីទៅដល់១៦ករណី ហើយ​ខេត្តស្វាយរៀងកើនឡើង​ពី២ករណីមក៣ករណី​ក្នុងអំឡុងពេល​ដូចគ្នា​នេះ។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ទទួល​ផែន​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិង​ការពារ​អនី​តិ​ជន អ្នកស្រី ងិន សុ​គន្ធា បាន​ប្រាប់​ថា អ្នកស្រី​មិន​យល់​ពី​ការសិក្សា​នេះ​ទេ ប៉ុន្តែអ្នកស្រី​ប្រាប់​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅក្នុង​ខេត្ត​មួយ​នេះបាន​ថយ​ចុះ៣ករណី ពោល​គឺ​បាន​ធ្លាក់ចុះ​ពី​ចំនួន១០ករណី​នៅក្នុង​រយៈពេល៦ខែ​កាលពី​ឆ្នាំមុន មក​នៅ​ត្រឹម៧ករណី​ប៉ុណ្ណោះ​នៅ​ឆមាស​ទី១ឆ្នាំនេះ។

អ្នកស្រី ងិន សុ​គន្ធា ប្រាប់​ថា៖ «វា​ថយ​ចុះ៣ករណី ដោយសារ​មូលហេតុ​យើង​បិទ​ខារ៉ាអូខេ។ ណាមួយនៅ​ជំនាន់​កូ​វីដ១៩ យើង​ចុះ​ផ្សព្វផ្សាយ​កុំឱ្យ​ប្រជាពលរដ្ឋ​ជួបជុំគ្នា កាត់បន្ថយ​ការ​ផឹក​[ស្រា​] ហើយ​មិន​មាន​ពិធី​មង្គលការ អត់មាន​ការ​ជួបជុំគ្នាក្នុង​ភូមិ​នី​មួយ​ៗក៏​អត់​ដែរ។ និយាយរួម បទល្មើស​ព្រហ្មទណ្ឌ​[ផ្សេងទៀត​]ក៏​ថយ​ចុះ​ដែរ»។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ លោក អំ សំអាត មានប្រសាសន៍​ថា ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានអំពើ​ហិង្សា​ក្នុង​គ្រួសារ​បន្ត​កើតមាន លុះត្រាតែ​រដ្ឋាភិបាលនិង​ដៃគូ​ពាក់ព័ន្ធសហការ​ធ្វើ​កិច្ចការ​នេះ​រួមគ្នា អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ ទើប​ទទួល​បានផល​វិជ្ជមាន។

លោក អំ សំអាត ប្រាប់​ថា៖ «អំណាច​នៃ​បុរស​ត្រូវ​មានការ​កាត់បន្ថយ អប់រំ​ឱ្យ​មានការ​យល់ ហើយ​ជាពិសេស​គ្រឿងញៀន គ្រឿងស្រវឹង ត្រូវតែ​កាត់បន្ថយ​បញ្ហា​ទាំងអស់​ហ្នឹង ហើយ​បង្កើន​ការអប់រំផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​ឱ្យ​បាន​យល់ ព្រោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​អត់មាន​អ្វី​ចំណេញទេ ទីមួយ​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​គ្រួសារ​ទាំងមូល ហើយក៏​វា​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សង្គម​យើង​ដែរ បើសិនជា​អំពើ​ហិង្សា​កើតឡើង​ច្រើន»។

បើ​តាម​អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៅលើ​ស្ត្រី បាន​កើតឡើង៨៨ករណី​នៅ​តាម​បណ្ដា​ខេត្ត​-រាជធានី១៤ ដែល​អង្គការ​មួយ​នេះ​បាន​ទទួល​កាលពី​ឆ្នាំ២០១៩កន្លងមក​នេះ។ ចំណែក៦ខែ​ក្នុង​ឆ្នាំនេះ លី​កាដូ​បាន​ទទួលនិង​ផ្តល់​សេវា​បាន​ចំនួន៥០ករណី​ជូន​អ្នក​ដែល​រងគ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ