ក្រសួង​​ផ្ដល់​​សិទ្ធិ​​ដល់​​សាលា​​ឯកជន​​ក្នុង​​ការ​រៀប​ចំ​​វិញ្ញា​សា​​ប្រឡង​​បាក់​ឌុប​​ដោយ​ខ្លួន​ឯង​

ការមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨

​ក្រសួង​អប់រំ យុវជន និងកីឡា​ បាន​ធ្វើការ​សម្រេច​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រៀបចំ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយសា​ម៉ីសាលា​នី​មួយ​ៗ ប៉ុន្តែ​ត្រូវ​គោរព​តាម​គោលការណ៍​របស់ក្រ​សួង។

យោង​តាម​សេចក្តី​ណែនាំ​របស់ក្រ​សួង​អប់រំ យុវជន​ និងកីឡា ចេញ​កាលពី​ថ្ងៃទី១៤ ខែកក្កដា ការ​តាក់តែង​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​របស់​សាលា​ឯកជន​ទាំងនោះ​ត្រូវ​ធ្វើឡើង​ស្របតាម​កម្មវិធី​សិក្សា តាម​ស្ដ​ង់​ដារ​វិញ្ញាសា​ចាស់ ត្រូវ​រាប់​វិញ្ញាសា​ទៅតាម​ចំនួន​បេក្ខជន​ក្នុង​បន្ទប់​ប្រឡង​ទាំងអស់ និង​កំណត់​វិញ្ញាសា​ទៅតាម​ចំនួន​បន្ទប់​ក្នុងករណី​វិញ្ញាសា​ចម្លង​ដាក់លើ​ក្ដារខៀន។

ប្រភព​ដដែល​បន្ថែម​ថា ​បន្ទាប់ពី​ដំណើ​ការ​សរសេរ​នី​មួយ​ៗ គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​វិញ្ញាសា​យ៉ាង​មាន​សុវត្ថិភាព ហើយ​ត្រូវ​ផ្ញើ​ដោយ​ផ្ទាល់​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា​ ដើម្បី​ពិនិត្យ។ ចំពោះ​សាលា​នៅ​តាម​ខេត្ត​អាច​បញ្ជូន​មក​ក្រសួង​នៅពេល​ចប់​វិញ្ញាសាសរសេរ។ 

តាម​សេចក្ដីណែនាំ​ដដែល​នេះ គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​ដាក់​សំ​ណើរួម​ជាមួយ​បញ្ជីរាយនាម​ឈ្មោះ​សិស្ស​ដែល​ត្រូវ​ប្រឡង​ទៅ​ខាង​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បី​ស្នើសុំ​សិទ្ធិ​រៀបចំ​ការ​ប្រឡង​ដោយខ្លួនឯង​តាម​ស្ថាប័នឯកជន​នី​មួយ​ៗឱ្យ​បាន​មុន​ដំណាច់ខែ​កក្កដា ឆ្នាំ២០២០។ 

ក្រសួង​បាន​បញ្ជាក់​ទៅ​គ្រឹះស្ថានសិក្សា​ឯកជន​ថា គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​ដែល​បាន​ស្នើសុំ​សិទ្ធិ​ការ​ប្រឡង​ដោយខ្លួនឯង ត្រូវ​មានការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្រឹះស្ថានសិក្សា​ឯកជន​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​ការ​ប្រឡង បើ​ពុំ​ដូច្នោះ​ទេ​ ត្រូវ​រង់ចាំ​ការ​ប្រឡង​ជា​សាធារណៈ។

ការរៀបចំ​គណៈមេប្រយោគនិង​គណៈ​កម្មា​ការ ​ត្រូវ​បាន​កំណត់​តាម​ការរៀបចំ​របស់​គ្រឹះស្ថានសិក្សា​ឯក​ជនរៀងៗ​ខ្លួន ហើយ​ដើម្បី​ធានា​នូវ​គុណភាព​នៃ​ការ​ប្រឡង ក្រសួងនិង​មន្ទីរ​នឹង​ចុះទៅ​ផ្ទាល់​ដល់​គ្រឹះស្ថានសិក្សា​ឯកជនតាម​ការចាំបាច់​ក្នុង​ដំណើរការ​នៃ​ការ​ប្រឡង ដោយ​យោង​តាម​សេចក្ដីណែនាំ​របស់ក្រ​សួង​អប់រំ យុវជន និងកីឡា។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុ​វាចា បាន​បញ្ជាក់​ប្រាប់​វី​អូ​ឌីតា​មតេ​លេ​ក្រាម ​(Telegram​) ថា ស​ម័យ​ប្រលង​បាក់ឌុប​នៅ​តាម​គ្រឹះស្ថានសិក្សា​ឯកជន​សម្រាប់​ឆ្នាំ​សិក្សា២០១៩​-២០២០ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៧​-២៨ ខែសីហា ឆ្នាំ២០២០ខាង​មុខ។

អ្នកទទួល​ភ្ញៀវ​របស់​សាលា​អន្ដរ​ជាតិ​ផា​រ៉ា​ហ្គន រ៉ា​នី ឡា​ហ្វី បាន​ប្រាប់​វី​អូ​ឌី​ថា​ សាលា​របស់​គាត់​មាន​ក្រុម​គ្រូបង្រៀន​ទទួលបន្ទុក​រៀបចំ​វិញ្ញាសា​រួចហើយ។ 

រ៉ា​នី ឡា​ហ្វី ប្រាប់​ថា៖ «ដោយសារ​ខាង​សាលា​ហ្នឹងគាត់​ឱ្យ​ខាង​គ្រូ​ៗគាត់​អ្នក​រៀបចំ។ ចឹង​ហើយ​ពេល​ដែល​គាត់​រៀបចំ​អី​ហើយ​ គាត់​ត្រូវការ​ឱ្យ​ក្រសួង​ពិនិត្យ។ ចឹង​ទៅ​ ពេល​ក្រសួង​ពិនិត្យ​គាត់​ថា​អូខេ​ត្រឹមត្រូវ​បាន​ហើយ​ គឺ​គាត់​ជា​អ្នក Approve​ [យល់ព្រម​] ឱ្យ​សាលា​ថា ​អាច​ទទួល​យក​បាន​ចឹង​ហ្អាស។ ចឹង​ក៏​គេ​យល់ព្រម​ទៅ​បង»។

ទោះ​យ៉ាងណាក៏ដោយ លោក រស់ សុ​វាចា បាន​ប្រាប់​វី​អូ​ឌី​ថា​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ ក្រសួង​អប់រំ យុវជន និងកីឡា​ នឹង​ជំរាប​សាធារណ​ជន​នៅពេល​ក្រោយ​អំពី​សម័យ​ប្រឡង​ជាក់លាក់និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ