បារាំង​​ផ្តល់​​ជំនួយ​ជាង​១,៧​លាន​​ដុល្លារ​​មក​​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​ទេស​ចរណ៍​

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាកម្សាន្តនៅប្រាសាទបាយ័ន ក្នងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០។ (វីអូឌី)

រដ្ឋាភិបាល​បារាំង​អនុម័ត​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ចំនួន១,៥លាន​អឺ​រ៉ូ​ដែល​ស្មើ​ប្រមាណ១,៧លាន​ដុល្លារ ​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​កម្ពុជាក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ១៩។ 

ក្រសួងទេសចរណ៍​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នា​ថ្ងៃទី២៤ ខែ​កក្កដា​នេះ​ថា ​ជំនួយ​របស់​រដ្ឋាភិបាល​បារាំង​តាមរយៈ​ទី​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ ​(AFD​) គឺ​ធ្វើឡើង​ដោយ​ភាគី​បារាំង​មើលឃើញ​ពី​ផល​ប៉ះពាល់​ខ្លាំង​ទៅលើ​វិស័យ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​ការ​ផ្អាក​ជើងហោះហើរ​អន្តរជាតិក្នុង​បរិបទ​ជំងឺ​កូ​វីដ១៩។

ក្នុង​ជំនួប​កាលពី​ម្សិលមិញ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ការងារ​លើ​គម្រោង​ស្តារ​ឡើងវិញ​នូវវិស័យ​ទេសចរណ៍ ព្រមទាំង​ប្រើប្រាស់​គម្រោង​អភិវឌ្ឍន៍​ទាំង២៤គម្រោង​សម្រាប់​ពង្រឹង​ទេសចរណ៍​ឱ្យ​ដំណើរការ​ល្អ​ឡើងវិញ។ 

អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ លោក ណេប សា​មុត បាន​បញ្ជាក់​ថា ​គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​ត្រូវ​អនុវត្តដើម្បី​ពង្រឹង​អភិបាលកិច្ច ពង្រឹង​សមត្ថភាព រចនា​សម្ព័ន្ធ​វិស័យ​ឯកជន ពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ភាពជា​ដៃគូ​រដ្ឋនិង​ឯកជន និង​ជួយ​ផ្សព្វផ្សាយ​គម្រោង​ជួយ​អេកូ​ទេ​ចរណ៍ ម្ហូបអាហារ ទេសចរណ៍​ទីក្រុង​ជាដើម។ 

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២០នេះ ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ត្រឹម​ប្រមាណ១,១លាន​នាក់​ប៉ុណ្ណោះ​ គឺ​មានការ​ថយ​ចុះ​រហូតដល់​ទៅ៣៨,៥​%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ