ឥណ្ឌូ​​នេ​ស៊ី​​ឃាត់​​ទូក​​នេសាទ​​វៀត​ណាម​​ខុស​ច្បាប់​​ចំនួន​២​គ្រឿង​​

មន្រ្តីឥណ្ឌូនេស៊ីម្នាក់មកពីក្រសួងដែនសមុទ្រនិងនេសាទបានឈរយាមនៅក្បែរទូកនេសាទវៀតណាមពីរគ្រឿងដែលបានរឹបអូសបាននៅតំបន់ Sungai Rengat, Kubu Raya, West Kalimantan។ (AFP)

​អាជ្ញា​ធរ​ឥណ្ឌូ​នេ​ស៊ី​បាន​ឃាត់​ទូក​នេសាទ​របស់​វៀតណាម​ចំនួន២គ្រឿង ដោយ​ចោទ​ថា បាន​ចូល​ទៅ​តំបន់​ព្រំដែន​សមុទ្រ​ដែល​មិនទាន់​ឯកភាព​គ្នា ហើយ​អ្នកធ្វើការ​លើ​ទូក​នោះ​វាយបក​លើ​អាជ្ញាធរ​ដើម្បី​រត់គេច​ពី​ការ​ចាប់ខ្លួន។

អាជ្ញាធរ​ដែនសមុទ្រ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ទូក​នេសាទ​វៀតណាម​អស់​រយៈពេល២ម៉ោងបន្ទាប់ពី​មានការ​សង្ស័យ​ថា ទូក​នេសាទ​ទាំង២នេះ បាន​ចូល​នេសាទ​ហួស​ព្រំដែន​ដែល​ពួក​គេ​អាច​នេសាទ​បាន។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថ​កិ​ច្ច​ឥណ្ឌូ​នេ​ស៊ីនិងអ្នកនេសាទ​វៀតណាម​នេះ កើតឡើង​​នៅ​ថ្ងៃពុធ ទី២២ ខែកក្កដា ដែល​ពេលនោះ​នាវិក​មួយចំនួន​បាន​លោត​ចូលក្នុង​ទឹក។

លោក Ma’ruf ដែល​ជា​មេបញ្ជាការ​នៃ​នាវា​ការពារ​ដែនសមុទ្រ​របស់​ឥណ្ឌូ​នេ​ស៊ី បាន​និយាយ​ថា៖ «មាន​មេក្រុម​ម្នាក់​មក​ពី​នាវា​មួយ​បាន​ព្យាយាម​វាយបក​មក​យើង​វិញ​ដោយ​កន្ត្រៃ ក៏ប៉ុន្តែ​ពួក​យើង​បាន​គ្រប់គ្រង​ស្ថាន​កា​រណ៍នេះ​បាន»។

លោក​បន្ត​ថា៖ «ពួក​យើង​ក៏បាន​ជួយ​នាវិក​មួយចំនួន​ដែល​ធ្លាក់​ចូលក្នុង​ទឹក​ផង​ដែរ»។

ប្រតិបត្តិ​ការ​បង្រ្កាប​នេះ សមត្ថ​កិ​ច្ច​ឥណ្ឌូ​នេ​ស៊ី​ឃាត់ខ្លួនអ្នកនេសាទ​វៀតណាម​ប្រមាណ១០នាក់។ ទោះ​យ៉ាងណា ករណីនេះ មិនទាន់​មាន​ប្រតិកម្ម​ឆ្លើយតប​ពី​រដ្ឋាភិបាល​វៀតណាម​នៅឡើយ​ទេ។

គួ​របញ្ញាក់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​គឺជា​ប្រទេស​មួយ​ដែល​សម្បូរ​ដោយ​ប្រជុំកោះ​ធំជាង​គេ​នៅ​លើ​ពិភពលោក ដែល​ការ​នេសាទ​ខុសច្បាប់​ទាំងឡាយ​នឹង​ធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​រាប់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ ដូចនេះ​នាវា​បរទេស​ណា​ដែល​ចូលក្នុង​ដែនទឹក​ខ្លួន ឥណ្ឌូ​នេ​ស៊ី​នឹង​ព្យាយាម​បញ្ឈប់។ 

ទីក្រុង​ចា​កាតា បាន​អះអាង​ថា ​តំបន់​ខាងត្បូង​បំផុត​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ខ្លួន។ គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ខែមីនា អាជ្ញាធរ​ដែន​សមុទ្រ​ឥណ្ឌូ​នេ​ស៊ី​រឹបអូស​បាន​ទូក​នេសាទ​ខុសច្បាប់​វៀតណាមចំនួន៥គ្រឿងនិង​ចាប់ខ្លួន​នាវិក​ចំនួន៧០នាក់​នៅក្នុង​នោះ។

ជម្លោះដែនសមុទ្រ​រវាង​ឥណ្ឌូ​នេ​ស៊ីនិង​វៀតណាម​កើតឡើង​ក្នុងអំឡុងឆ្នាំ១៩៧០ ដណ្តើម​គ្នា​កាន់កាប់​ដែនទឹក​ដែល​មាន​ទំហំ៣៧ ០០០គីឡូម៉ែត្រ​ការេ។

ប្រទេស​ទាំង២ចាប់ផ្តើម​ជជែកគ្នា​លើកដំបូង​ដើម្បី​បែងចែក​ដែនទឹក​នេះ​នៅ​ឆ្នាំ១៩៧២ ប៉ុន្តែ​មិន​មានការ​ឯកភាព​គ្នា​នោះ​ទេ។

ប្រទេស​ទាំង២ព្យាយាម​ចរចា​ស្វែងរក​ដំណោះស្រាយ​ជាបន្តបន្ទាប់ រហូតដល់​ឆ្នាំ២០០៧ ប្រទេស​ទាំង២បាន​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយកំណត់ព្រំដែនបណ្ណោះអាសន្ន ដើម្បី​បើកផ្លូវ​ចរចា​ឆ្ពោះទៅ​រក​ការ​ឯកភាព​គ្នា​ទាំងស្រុង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ