ក្រុម​​សិទ្ធិ​មនុស្ស​​ជំរុញ​​រដ្ឋា​ភិបាល​​ឱ្យ​​ដោះ​លែង​​អ្នក​ជាប់​ឃុំ​១​ម៉ឺន​​នាក់​​ជា​បន្ទាន់​​តាម​សន្យា​​ដើម្បី​​ធានា​​សិទ្ធិ​មនុស្ស​​

ជនជាប់ឃុំដែលវ័យចាស់ជរា មានជំងឺរ៉ាំរ៉ៃ ពិការ និងកូនតាមម្តាយ ក្នុងពិធីចែកអំណោយមួយនៅពន្ធនាគារខេត្តកំពង់ធំ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ (អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ)

ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ជាតិនិង​អន្តរជាតិ ជំរុញ​ទៅ​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាលឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ដោះលែង​អ្នកជាប់ឃុំ១ម៉ឺន​នាក់​តាម​ការសន្យា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ តប​តាម​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

អង្គការលើ​កលែងទោស​អន្តរជាតិ ​(Amnesty International ) និង​អង្គការ​លី​កាដូ និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ម្សិលមិញ​ថា កាលពី​ខែឧសភា រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌ បាន​ប្រកាស​អំពី​ការកែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

ក្រុម​សិទ្ធិមនុស្ស​ទាំងពីរ​នោះ និយាយ​ទៀត​ថា ក្នុង​ការប្រកាស​ដាច់ដោយឡែក​មួយ​កាលពី​ខែឧសភា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​សន្យា​ថា អ្នកជាប់ឃុំ​រហូតដល់១ម៉ឺន​នាក់ នឹង​ត្រូវ​ដោះលែង​នៅ​ទូទាំង​ប្រទេស ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺកូ​វីដ១៩ និង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា។

ប៉ុន្តែក្រុម​សិទ្ធិមនុស្សបាន​លើក​ឡើ​ងថា ទោះបីជា​មានការ​ប្រកាស​ក្នុង​ខែកក្កដា​ថា សំណុំរឿង​ជាង៣,៥០០ករណីត្រូវ​បាន​ជំនុំជម្រះ​រួចរាល់​ក្ដី ក៏​រដ្ឋាភិបាល​មិនបាន​បង្ហាញថា តើមាន​អ្នកជាប់ឃុំ​ប៉ុន្មាន​នាក់ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នេះ​ទេ។

បើ​តាម​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ចំនួន​នេះ​តិច​ជាង១០ភាគរយ​នៃ​សំណុំរឿង​មិនទាន់​ជំនុំជម្រះ​ទាំងអស់ ដែល​អាជ្ញាធរ​បាន​គ្រោង​នឹង​អនុវត្ត​ឱ្យ​បាន​ក្នុង​យុទ្ធនាការ៦ខែ។

សេចក្តី​ថ្លែងការណ៍​រួម​រៀបរាប់​ថា៖ «យើងខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា អាជ្ញាធរ​នឹងអាច​ចាត់វិធានការ​ជាបន្ទាន់ ដូចដែល​បាន​សន្យាក្នុង​ការអនុវត្ត​កំណែទម្រង់​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌និង​ពន្ធនាគារ»។

នាយករង​អង្គការ​លី​កាដូ លោក អំ សំអាត និយាយ​បន្ថែម​ថា ការជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ទិន្នន័យជាក់លាក់​ពាក់ព័ន្ធ​ទៅ​នឹង​យុទ្ធនាការ​នេះ ដើម្បី​ចង់​ដឹងពី​ដំណើរ​វិវត្ត​សិទ្ធិមនុស្ស​ក្នុង​ពន្ធនាគារ​ដូចដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើកឡើង។

លោក អំ សំអាត និយាយ​ថា៖ «យើង​ព្រួយបារម្ភ​ដូចដែល​អង្គការលើ​កលែងទោស​អន្តរជាតិ ដែលគេ​រក​ឃើញ​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​មួយទៀត អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេគឺ​ស្ត្រី​ដែល​មានផ្ទៃពោះ តែងតែមាន​កូន​តាម​ម្តាយនិង​អនីតិជន»។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ច្រានចោល​ការ​លើកឡើង​របស់​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នេះ។

លោក ខៀវ សុភ័គ ប្រាប់​ថា៖ «សូម​បដិសេធ​ថា សម្តេច​ក្រឡាហោម​លោក​មិនបាន​សន្យា​ដោះលែង​អ្នកទោស១ម៉ឺន​នាក់​នោះ​ទេ។ លោក​គ្រាន់តែ​លើកឡើង​ថា បើ​យើង​ធ្វើការងារ​ហ្នឹង​បានសម្រេច​ សំណុំរឿង​ដែល​កកស្ទះ​ជាង១ម៉ឺន​នាក់ អាច​ដោះស្រាយ​បាន​ទូលាយ​ពន្ធនាគារ»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ក៏បាន​ច្រានចោល​ដែរ ដោយ​ថា យុទ្ធនាការ​ដែល​ក្រសួង​បាន​ប្រកាស​ជា​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តុលាការ មិនមែន​សន្យា​ដោះលែង​អ្នកជាប់ឃុំ​ទេ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «ប៉ុន្តែជា​ទិដ្ឋភាព​បច្ចេកទេសនិង​ទិដ្ឋភាព​ច្បាប់ បើកាលណា​ដោះស្រាយ​សំណុំរឿង​បាន​លឿន ឈាន​ដល់​ចេញ​សាលក្រម​ស្ថាពរ​បាន​លឿន វា​អាច​ជួយ​សម្រួល​មួយ​ផ្នែក​ដល់​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ ក្រ​សួង​យុត្តិធម៌​នឹង​ប្រកាស​ឱ្យ​ដឹងពី​ចំនួន​ជាក់លាក់​អ្នកជាប់ឃុំ​ដែល​ត្រូវ​បាន​ដោះលែងតាម​យន្តការ​ពន្លឿន​នីតិវិធី​នេះ នៅពេល​បិទ​បញ្ចប់​យុទ្ធនាការដែល​មាន​រយៈពេល៦ខែ​ចាប់ពី​ថ្ងៃ​ប្រកាស​ធ្វើ​យុទ្ធនាការ​មក។

បើ​តាម​លី​កាដូនិយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ គ្រប់​ពន្ធនាគារ​ដែល​អង្គការ​នេះ​បាន​ឃ្លាំមើល កំពុង​ប្រឈម​នឹង​បញ្ហា​ចង្អៀត​ណែន​យ៉ាង​ខ្លាំង។

អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​កម្ពុជាបាន​កើនឡើង​ពី​ចំនួន២១,៩០០នាក់​នៅ​ចុងឆ្នាំ២០១៦ ដល់​ចំនួន៣៨,៩៩០នាក់ គិត​ត្រឹម​ខែមីនា ឆ្នាំ២០២០ ទោះបីជា​ពន្ធនាគារ​នៅ​កម្ពុជា​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា អាច​ផ្ទុក​មនុស្ស​បាន​ត្រឹមតែ២៦,៥៩៣នាក់ក៏ដោយ។

ការ​កើនឡើង​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការបាន​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​នៃ​ការ​ឃុំខ្លួន ដែល​ជិត៧៥ភាគរយ​នៃ​អ្នកជាប់ឃុំ​ទាំងនេះមិនទាន់​ទទួល​បានការ​ជំនុំជម្រះ​នៅឡើយ​ទេ។

យ៉ាងនេះ​ក្តី សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការលើ​កលែងទោស​អន្តរជាតិនិង​អង្គការ​លី​កាដូ បាន​ផ្តល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​ឱ្យ​អនុវត្ត​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ដែល​បាន​សន្យា​ដោយ​គ្មាន​ការ​ពន្យារពេល ផ្សព្វផ្សាយ​ដោយ​តម្លាភាព​អំពី​ដំណើរការ​នៃ​ការអនុវត្ត​កំណែទម្រង់ ផ្ដល់​អាទិភាព​ក្នុង​ការ​ដោះលែង​អ្នកជាប់ឃុំ​ដែល​ប្រឈម​នឹង​ហានិភ័យ​ ដូចជា មនុស្សចាស់ ស្ត្រី​មានផ្ទៃពោះ ស្រ្តី​ដែល​មានកូន​តូច អ្នកជាប់ឃុំ ដែល​ប្រជាពលរដ្ឋ​យល់ថា​ពួក​គាត់​ត្រូវ​បាន​ឃុំខ្លួន​ក្រោម​ហេតុផល​នយោបាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ