វៀតណាម​​ទទួល​​បាន​​ចំណាត់​ថ្នាក់​​លេខ​២​ខាង​​បច្ចេក​វិទ្យា​​នៅ​​អាស៊ី​​ប៉ាស៊ីហ្វិក​​

បុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុនផលិតកម្មវិធីទូរសព្ទ Lozi (កម្ម៉ង់អាហារអនឡាញ) នៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី០៧ ខែមេសា​ ឆ្នាំ២០១៦។ (REUTERS/Kham)

ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​សហរដ្ឋអាមេរិក​ឈ្មោះ Coursera ដែល​ផ្តោត​លើ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ បាន​ផ្តល់​ចំណាត់ថ្នាក់​សម្រាប់​ឆ្នាំ២០២០ឱ្យ​វៀតណាម​ជាប់លេខ២នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកនិង​លេខ២២នៅ​លើ​ភិ​ពលោ​ក។

ក្រុមហ៊ុន Coursera ជា​ក្រុមហ៊ុន​រៀបចំ​ប្រព័ន្ធ​កម្មវិធី​សិក្សា​មុខជំនាញ​បច្ចេកវិទ្យា​តាម​បណ្តាញ​អ៊ី​នធឺ​ណិតជាស​កល ដោយ​កំណត់​យក​ប្រទេស​ចំនួន៦០និង​ឧស្សាហកម្ម​ចំនួន១០។

តាម​ប្រភព​ពី​សារព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​ចុះផ្សាយ​នៅ​ថ្ងៃអង្គារ​សប្តាហ៍​នេះ​ឱ្យ​ដឹង​ថា របាយការណ៍​សន្ទស្សន៍​ជំនាញ​សកល (GSI​) របស់​ក្រុមហ៊ុន Coursera គឺ​ផ្អែកលើ​ជំនាញ​បច្ចេកវិទ្យា​សម្រាប់​ដោះស្រាយ​បញ្ហា​អាជីវកម្ម​ប្រចាំថ្ងៃ ការបង្កើត ថែទាំ និង​គ្រប់គ្រង​បច្ចេកវិទ្យា និង​ជំនាញ​រៀបចំ​ទិន្នន័យ​តាម​លក្ខណៈ​វិទ្យាសាស្រ្ត​សម្រាប់​ការ​អភិវឌ្ឍ​សេវាកម្មនិង​ផលិត​ផល​ផ្សេង​ៗ។

តាម​របាយការណ៍​ពី​កាសែត VnExplorer ក្រុមហ៊ុន Coursera លើកឡើង​ថា ជំនាញ​ទាំងនេះ​គឺ​សុទ្ធតែ​កំពុងពេញនិយម​បំផុត​ក្នុងចំណោម​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អន​ឡា​ញរ​បស់​ក្រុមហ៊ុន បើ​គិត​ពី​ចំនួន​អ្នក​ចុះឈ្មោះ​រៀននិង​សារសំខាន់​សម្រាប់​អនាគត​ការងារ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Coursera លោក Jeff Maggioncalda មានប្រសាសន៍​ថា របាយការណ៍ GSI ឆ្នាំ២០២០ បាន​ផ្តល់​ចំណាត់ថ្នាក់​ដោយ​ផ្អែកលើថា​តើ​ការអនុវត្ត​ជំនាញ​គន្លឹះ​ទាំងនោះ​ក្នុង​ផ្នែក​ឧស្សាហកម្មនិង​សេដ្ឋកិច្ច​បាន​ប្រសិទ្ធភាព​កម្រិត​ណា។ 

លោក​បន្ថែម​ថា ក្រុមហ៊ុន​បាន​វាយតម្លៃ​លើ​ទិន្នន័យ​លទ្ធផល​របស់​អ្នក​ដែល​បាន​ចុះឈ្មោះ​ក្នុងរយៈពេល១២ខែចុងក្រោយក្នុងចំណោម​សិស្ស​ដែល​បាន​ចុះឈ្មោះ​សរុប៦៥លាន​នាក់ នៅក្នុង​ប្រព័ន្ធ​កម្មវិធី​សិក្សា​តាម​អន​ឡា​ញរ​បស់​ក្រុមហ៊ុន។

របាយ​កា​រណ៍នេះបាន​ផ្តល់​ចំណាត់ថ្នាក់​ប្រកួតប្រជែង​លើ​ជំនាញ​បច្ចេកវិទ្យា​ដល់​វៀតណាម​នៅ​លំដាប់​លេខ២ក្នុង​ពិភពលោក ដោយ​នៅ​ពីក្រោយ​កម្រិត​ទំនើប​បំផុតនិង​នៅ​លើ​បច្ចេកវិទ្យា​កំពុង​លូតលាស់​លឿននិង​លូតលាស់​យឺត។

របាយការណ៍​ដដែល​ឱ្យ​ដឹង​បន្ថែម​ថា វៀតណាម​មាន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​វិស័យ​បច្ចេកវិទ្យា​ខ្លាំង​បំផុតលើ​ការបង្កើត​កម្មវិធី​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ឧបករណ៍​ចល័ត Android និង iOS។ 

ប្រភព​ដដែល​បន្ថែម​ថា វៀតណាម​មាន​សមត្ថភាព​ប្រកួតប្រជែង​កើនឡើង​ជាបន្តបន្ទាប់​លើ​ផ្នែក​បច្ចេកវិទ្យា​បណ្តាញ​កុំព្យូទ័រ បណ្តាញ​ឥត​ខ្សែ ការ​អភិវឌ្ឍ​កម្មវិធី​ដែល​ទាក់ទាញ​អ្នកប្រើ​ប្រាស់ កម្មវិធី​បកប្រែ​ភាសា​ម៉ាស៊ីន​កុំព្យូទ័រ និង​ប្រព័ន្ធ​រក្សាទុក​ទិន្នន័យ​គោល។

ក្នុងចំណោម​ប្រទេស​កំពូល​ទាំង៤នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ទទួល​បាន​ចំណាត់​ថ្នា​ក់​ខ្ពស់​ៗក្នុង​វិស័យ​បច្ចេកវិទ្យា វៀតណាម​បាន​យកឈ្នះ​ជប៉ុន​និង​អូស្ត្រាលីដើម្បី​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ២ ដោយតាម​ពីក្រោយ​ប្រទេស​នូវែ​លសេ​ឡង់ និង​ឈរ​នៅ​លំដាប់​លេខរៀង​ទី២២ក្នុង​សកលលោក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ