រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រើនរំឭកមន្ត្រីថា ឈប់លេងក្បួនទុកតំណែងមេប៉ុស្តិ៍ឱ្យសាច់ញ្ញាតិនៅក្នុងដំណើរការប្រឡងជ្រើសរើសមន្ត្រីនគរបាល ដោយលោកថា ទង្វើនោះប៉ះពាល់ដល់វិធានការពង្រឹងសន្តិសុខនៅមូលដ្ឋាន។
រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ ថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្រ្ត និងលើកទិសដៅការងារសម្រាប់រយៈពេល ៥ឆ្នាំខាងមុខរបស់បណ្ឌិតសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ។
លោក ស ខេង ថ្លែងថា៖ «ពីព្រោះជាបទសោធន៍ វាអ៊ីចេះ អ្នកខាងលើផ្ញើ ឧបមាក្របខណ្ឌកន្លែងហ្នឹងត្រូវបាន ៥នាក់ ផ្ញើ ១ ផ្ញើ២ ដល់គ្រប់កន្លែងផ្ញើមួយផ្ញើពីរថា ប៉ូលិសធ្វើការនៅកន្លែងហ្នឹង ដល់ពេលប្រឡងជាប់ហើយចូលក្របខណ្ឌប៉ូលិសពឹប សុំផ្ទេរដើម្បីដកបទពិសោធន៍មកអង្គភាពនេះ អង្គភាពនោះ។ ដល់អ៊ីចឹង អត់ប៉ូលីសធ្វើការ[នៅមូលដ្ឋាន]។ អានេះលេងក្បួនហ្នឹងអត់បានទេ។ ថ្ងៃក្រោយ យើងត្រូវពិនិត្យឱ្យបានហ្មត់ចត់។ បើថា សម្រាប់មនុស្សនៅឃុំណា យើងរើសមនុស្សនៅឃុំហ្នុង ដើម្បីឱ្យធ្វើប៉ូលិសនៅឃុំហ្នុង»។
លោក ស ខេង និយាយទៀតថា ការជ្រើសរើសនគរបាលចេញពីឃុំណាមួយ ឱ្យបម្រើការនៅប៉ុស្តិ៍នគរបាលឃុំនោះ នឹងជួយទប់ស្កាត់បទល្មើស និងសន្តិសុខបានល្អ ដោយថា បុគ្គលនោះដឹងច្បាស់ពីបញ្ហាក្នុងឃុំរបស់ពួកគេ។
លោក ស ខេង ថ្លែងបន្តថា៖ «អ៊ីចឹងបានខ្ញុំយកចិត្តទុកដាក់ឃុំ និងស្រុក អាពីរហ្នឹង បើថាពីរហ្នឹងខ្លាំង សន្តិសុខនៅភូមិឃុំហ្នឹងវាល្អហើយ។ បើមន្ត្រីយើងរីកចម្រើនពីខាងក្រោមមក វាល្អហើយ វាល្អណាស់ៗ ពីព្រោះ បើឃុំវាសុខសប្បាយ គ្មានចោរលួចចោរប្លន់អីទូទាំងប្រទេស គ្រប់តែឃុំហ្នឹង វាប្រទេសយើងវាសុខសប្បាយហើយ»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និយាយថា បញ្ហាវាបានកើតឡើងដូចដែលមេដឹកនាំបានលើកឡើង ប៉ុន្តែ ស្ថាប័នជំនាញ នឹងពិនិត្យឡើងវិញ ដើម្បីមានវិធានការ។
លោក ឆាយ គឹមខឿន ប្រាប់ថា៖ «ជាគោលការណ៍និងវិធានការយើងកំពុងតែពិចារណាពិនិត្យទៅមើលគោលការណ៍ចាស់ដែលបានដាក់ចេញថា មានការខ្វះខាតត្រង់ណាខ្លះ មានចន្លោះប្រហោងត្រង់ណាខ្លះ ដើម្បីយើងកែសម្រួលធ្វើបច្ចុប្បន្នភាពឡើងវិញហើយយើងនឹងជ្រើសរើសយកវិធានការថ្មីៗបន្ថែមទៀត ដើម្បីកាត់បន្ថយភាពអសកម្ម និងឈានទៅលុបបំបាត់ទាំងស្រុង។ តែត្រង់ថា ត្រូវធ្វើម៉េងអីម៉េច ចាំដល់ពេលចេញ បានជម្រាបជូន»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី និយាយថា លោកគាំទ្រសារលើកឡើងរបស់លោក ស ខេង នេះ ដោយថា ការដាក់មន្ត្រីជំនាញ និងមានបទពិសោធន៍ឱ្យកាន់តំណែងណាមួយ ជាប្រសិទ្ធភាពនៃការទប់ស្កាត់បញ្ហាអសកម្មក្នុងសង្គម។
ប៉ុន្តែ អ្នកឃ្លាំមើលពីតម្លាភាពសង្គមរូបនេះ បង្ហាញការយល់ឃើញថា ការលើកឡើងនេះ អាចនឹងមិនជោគជ័យទេ បើច្បាប់នៅតែមិនអាចចាត់វិធានការអ្នកមានខ្នងបង្អែក ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ រត់ការតំណែងបានទេនោះ។
លោក ប៉ិច ពិសី ប្រាប់ថា៖ «ជាទូទៅ យើង[ក្រសួងមហាផ្ទៃ]ហ៊ានធ្វើអ៊ីចឹងអត់? ព្រោះការប្រើប្រាស់ខ្សែស្រឡាយនៅស្រុកយើងវាមានទំហំទំធេងពេក រហូតដល់មន្ត្រីធំៗហ្នឹង មិនទាំងហ៊ានចាត់វិធានការទៅតាមច្បាប់ទៅលើអ្នកដែលប្រព្រឹត្តខុសហ្នឹងផងបាទ»។
អង្គការតម្លាភាពអន្តរជាតិកាលពីថ្ងៃទី២៣ ខែមករាដើមឆ្នាំនេះ បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ពុករលួយជាងគេនៅតំបន់អាស៊ាន។
របាយការណ៍បានសិក្សាលើ ១៨០ប្រទេសលើពិភពលោក ក្នុងចំណោម១៨០នោះ កម្ពុជាទទួលបានពិន្ទុ ២០ក្នុងចំណោម ១០០ពិន្ទុ ដែល ១០០ពិន្ទុ ជាប្រទេសគ្មានអំពើពុករលួយ៕