ក្រសួង​​អនុញ្ញាត​​ដំណើរ​ការ​​ឡើង​វិញ​​នូវ​​សកម្ម​ភាព​​ហាត់​ប្រាណ​​តាម​​ទី​ធ្លា​​សាធារណៈ​

ទិដ្ឋភាពនៅពីមុខច្រកចូលពហុកីឡដ្ឋានអូឡាំពិក កាលពីឆ្នាំ២០១៧។ (ហ៊ុន សិរីវឌ្ឍន៍)

​ក្រសួង​អប់រំ យុវជន និងកីឡា បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណនិង​លេង​កីឡា​នៅ​​តាម​ទីធ្លា​សាធារណៈ​ នៅ​ទូទាំង​ប្រទេសនិង​ក្នុង​បរិវេណ​កីឡដ្ឋាន​អូឡាំពិក។

ក្រសួង​អប់រំ យុវជន និងកីឡា បានសម្រេច​បែបនេះ​នៅក្នុង​សេចក្តី​ជូនដំណឹង​ដែល​ចេញ​នៅ​ថ្ងៃនេះ បន្ទាប់ពី​មានការ​អនុញ្ញាត​ពីសំណាក់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុង​សេចក្ដីជូនដំណឹង ក្រសួង​បញ្ជាក់​ថា ការសម្រេច​បែបនេះគឺ​ឈរ​លើ​មូលដ្ឋាន​ថា ការទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺកូ​វីដ១៩នៅ​ប្រទេស​កម្ពុជា​មាន​ភាពល្អ​ប្រសើរ និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ។

ក្រសួង​បញ្ជាក់​ថា សេចក្ដីសម្រេច​នេះ​សម្រាប់​តែ​សកម្មភាព​ហាត់ប្រាណនិង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅ​តាម​រាជធានី-ខេត្តនិង​ក្នុង​បរិវេណ​កីឡដ្ឋាន​អូឡាំពិក ប៉ុន្តែសកម្មភាព​ហាត់ប្រាណ​តាម​ក្លឹប​កីឡាដែល​ប្រើប្រាស់​សម្ភារ​រួមគ្នា មិន​ត្រូវ​បាន​អនុញ្ញាត​ឡើងវិញ​នៅឡើយ​ទេ។

ក្រសួង​អប់រំស្នើ​ឱ្យ​ទីកន្លែង​ហាត់ប្រាណ​ទាំងអស់ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាពរបស់ក្រ​សួង​សុខាភិបាលនិង​អង្គការសុខភាព​ពិភពលោក ដូចជា រក្សា​អនាម័យ​ជាប្រចាំ​ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ជែល​សម្លាប់​មេរោគ ពាក់​ម៉ាស់​និង​វាស់​កម្ដៅ រក្សា​គម្លាត​សុវត្ថិភាព ទីកន្លែង​ហាត់ប្រាណត្រូវ​បាញ់សម្លាប់​មេរោគ និង​ត្រូវ​ធានា​ថា កន្លែង​ហាត់ប្រាណមិនមែន​ជា​កន្លែង​ឆ្លង​ជំងឺ​កូ​វីដ១៩។

ក្រសួង​អប់រំ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​រាល់​សកម្មភាព​កីឡា​មានការ​ប្រមូលផ្ដុំ​នៅ​តាម​ទីធ្លា​សាធារណៈនិង​ឯកជន ចាប់តាំងពី​ថ្ងៃទី៧ ខែមេសា​កន្លងមក បន្ទាប់ពី​កម្ពុជា​រក​ឃើញ​មនុស្ស​កាន់តែ​ច្រើន​ឆ្លង​វីរុស​កូ​រ៉ូ​ណា។

គិត​ត្រឹម​ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០នេះ មនុស្ស​ចំនួន២២៦នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​កម្ពុជា និង១៤៧នាក់​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ