អ្នក​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​និង​​អ្នក​ច្បាប់​​ជំរុញ​​ចាត់​វិធាន​ការ​​ច្បាប់​​លើ​​នគរ​បាល​​ខេត្ត​ព្រៃ​វែង​​ដែល​​ប្រើ​​ហិង្សា​​លើ​​ជន​សង្ស័យ​​

ជនរងគ្រោះដែលត្រូវសមត្ថកិច្ចខេត្តព្រៃវែងប្រើអំពើហិង្សាក្នុងករណីចុះបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ (បណ្ដាញសង្គម)

អ្នកឃ្លាំមើល​សិទ្ធិមនុស្សនិង​អ្នកច្បាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ចំនួន៧នាក់ ដែល​បាន​ប្រើប្រាស់​ហិង្សា​ទៅលើ​ជនសង្ស័យ​បង្ក​ឱ្យ​មានរបួស ដើម្បី​កុំឱ្យ​មាន​ករណីនេះ​កើតឡើង​នៅពេល​ក្រោយ​ទៀត។

កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿ​ន បាន​ផ្អាក​ការងារ​នគរបាល៧នាក់​នៅ​ខេត្តព្រៃវែង ដែល​ទទួលបន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន បន្ទាប់ពី​ពួក​គេ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ជនសង្ស័យ​ពេល​ចុះ​បង្រ្កាប​បទល្មើស​គ្រឿងញៀន។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​វី​អូ​ឌី​ថា ការ​ដាក់​ពិន័យ​ទៅលើ​នគរបាល​ទាំង៧នាក់​នោះ ដោយសារ​ពេល​ចុះ​បង្ក្រាប​គ្រឿងញៀន​ ពួក​គេ​ធ្វើខុស​ក្រមសីលធម៌​វិជ្ជាជីវ​:និង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ ដោយ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ជនសង្ស័យ​បង្ក​ឱ្យ​មានរបួស​ស្នាម។

ស្នងការ​រង​ទទួល​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង លោក ពៅ ជីវី មានប្រសាសន៍​ថា ក្នុងចំណោម​មន្ត្រី​នគរបាល​ចំនួន៧នាក់​នោះ គឺ​មាន​ម្នាក់​ត្រូវ​បាន​ជនរងគ្រោះ​ប្ដឹង​មក​សមត្ថកិច្ច​ករណី​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួក​គេ។ លោក​បន្ត​ថា សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​មន្ត្រី​នគរបាល​ម្នាក់​ដែល​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ជនសង្ស័យ​ទៅ​តុលាការខេត្ត​ព្រៃវែង​ក្នុង​សប្ដាហ៍​នេះ។

លោក ពៅ ជីវី ប្រាប់​ថា៖ «យើង​ទៅ​មើល​អង្គហេតុ​ តើ​ណាខ្លះ​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ដែល​ខុសច្បាប់​ហ្នឹង ការដែល​ចុះ​តាម​កំណត់​ថាទៅ​ប៉ុន្មាន​អ្ន​កៗ គឺ​យើង​មិនបាន​បញ្ជាក់​ទៅ​ជូន​ទេ​ ប៉ុន្តែ​គ្រាន់​ថា​នៅក្នុង​បណ្ដឹងនេះ​ ជនរងគ្រោះ​ប្ដឹង៤០នាក់​ទេ បណ្ដឹង​របស់​ជនរងគ្រោះ​ប្ដឹង​តែម្នាក់​ទេ​ ចង់និយាយ​ថា​ បណ្ដឹង​ជនរងគ្រោះ ​ជនរងគ្រោះ​បាន​ដាក់ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​ដើម្បី​ឱ្យ​រក​យុត្តិធម៌​ជូន​គាត់»។

លោកមេធាវី សុក សំ​អឿន មា​នប្រ​សាសន៍​ថា បើសិន​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​គ្មាន​អាវុធនិង​លទ្ធភាព​ដើម្បី​តបត​វិញ ប៉ុន្តែបែរជា​សមត្ថកិច្ច​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ជនសង្ស័យ​នោះ លោក​ថា ចូលក្នុង​បទ​ប្រើប្រាស់​ហិង្សា​ដោយ​​ចេតនា។

លោក សុក សំ​អឿន ប្រាប់​ថា៖ «ឧបមា​ថា ជនល្មើស​ហ្នឹង គេ​ចាប់បាន ចង​ហើយ ដល់​អ៊ីចឹង​ជន​ហ្នឹង​មាន​កម្លាំងអាច​ធ្វើការវាយប្រហារ​នគរ​បាល​បាន​អត់? ​គឺ​អត់​បានទេ! ដូច្នេះបើសិនជា​អត់​ហើយនគរបាល​ទៅ​វាយ​គេ​ទៀត អាហ្នឹង​វាត្រូវ​បទ​ប្រើ​ហិង្សាដោយចេតនា​។ បាទ! អាហ្នឹង​ពី​បទ​ប្រព្រឹត្ត​ហិង្សា​ដោយចេតនា ហើយ​បើសិន​ដល់ស្លាប់​អី​ទៀត អាហ្នឹង​វា​ជា​រឿង​ផ្សេងទៀត»។ 

កាលពី​ថ្ងៃទី២០ ខែកក្កដា កម្លាំង​ជំនាញ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​ចុះ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ស្ថិតនៅ​ភូមិ៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង។

ក្នុង​ប្រតិបត្តិ​ការ​ចុះ​បង្រ្កាប​នោះ សមត្ថកិច្ច​បាន​ចាប់​ជនសង្ស័យ ហើយ​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ រួច​វាយក្បាល​ពួក​គេ និង​ហៅ​បក្ខ​ពួក​មក​ព្រួត​គ្នា​ចាប់​វាយ​ក្រៀក​យក​ទៅ​ការិយាល័យ ធ្វើទារុណកម្ម ហើយ​បាន​ទារប្រាក់​ចំនួន៤លាន​រៀល​ជា​ថ្នូរនឹង​ការ​ដោះលែង​វិញ។

កាលពី​ថ្ងៃទី៣០ ខែមិថុនា​កន្លងមក មន្ត្រី​នគរបាល៣នាក់ នៅ​សង្កាត់​ក្បាលកោះ​ ដែល​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរនិង​ប្រើប្រាស់​គ្រឿងញៀន​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ចងដៃ​ទៅ​ក្រោយ ហើយ​លើកដាក់​លើ​ម៉ូតូ​មួយ​គ្រឿង ប៉ុន្តែបុរស​នោះ​បាន​រើបម្រះ​ធ្លាក់​ពីលើ​ម៉ូតូ បន្ទាប់មក​បុរស​ម្នាក់​បាន​ធាក់​ទៅលើ​បុរស​ដែល​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ប្រើ​ជង្គង់​ទៅ​សង្កត់​លើ​ក្បាល​ផ្ទប់​ទៅ​នឹង​ដី។ ក្រោយពី​មានហេតុ​ការណ៍​នេះ ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក ស ថេត បាន​ចេញ​លិខិត​ព្រមាន​មន្ត្រី​នគរបាល​ដែល​ប្រើប្រាស់​ហិង្សា​លើ​បុរស​រូប​នោះ ប៉ុន្តែមន្ត្រី​ទាំងនោះមិន​ត្រូវ​បាន​ផ្អាក​ការងារឬបណ្តេញ​ចេញពី​ក្របខណ្ឌ​ឡើយ។

អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ស៊ឹង សែន​ករុណា ជំរុញ​រដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ច្បាប់​លើមន្ត្រី​នគរបាល​ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពលរដ្ឋ ជាជាង​ការសម្រេច​ផ្អាក​ការងារ។ លោក​បន្ត​ថា ប្រសិនបើ​មន្ត្រី​អនុវត្ត​ន៍ច្បាប់​ធ្វើខុស​ហើយ មិនបាន​ទទួលទោស​តាមច្បាប់​នោះ លោក​ថា ករណីនេះនឹង​កើតឡើង​នៅ​ថ្ងៃក្រោយ​ទៀត។

លោក ស៊ឹង សែន​ករុណា ប្រាប់​ថា៖ «អ៊ីចឹង​បើសិនជា​យើង​មិន​ចាត់វិធានការ​អ៊ីចឹង​ទេ ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង គឺ​កន្លងមក​យើង​ឃើញថា មានរឿង​មួយចំនួន​ក៏​ចាត់ការ​ រឿង​មួយចំនួន​ទៀត​មិន​ចាត់ការ ហើយ​ធ្វើ​ឱ្យ​រឿង​ហ្នឹង​នៅ​ចេះតែ​បន្ដ​កើតមានឡើង​រហូតដល់​រឿង​ដែល​នៅ​ព្រៃវែង​ហ្នឹងក៏​ជា​គំរូ​មួយ​បន្ត​ពី​រឿង​មុន​ៗមក​ដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ