សមត្ថ​កិច្ច​​បញ្ជូន​​មនុស្ស​ម្នាក់​​ទៅ​​តុលាការ បន្ទាប់​ពី​​បង្ក្រាប​​ក្លឹប​​កម្សាន្ត​​មួយ​​ក្នុង​​ខណ្ឌ​​សែន​សុខ​​

សកម្មភាពរបស់អ្នកចូលមកកមន្សាន្តនៅក្នុងក្លឹបហ្គោលឡាញ (Gold Line) កាលពីពេលកន្លងទៅ។ (ក្លឹបហ្គោលឡាញ)

មេន​គរ​បាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​ថា មនុស្សម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ ក្រោយពី​ការ​ចុះ​បង្ក្រាប​នៅ​ទីតាំង​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ ដែល​បាន​ឃាត់ខ្លួន​មនុស្សដល់ទៅ​ជិត៣០០នាក់​កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងមក​នេះ។

ស្នងការ​រាជធានី​ភ្នំពេញ លោក ស ថេត ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ក្លឹប​រាត្រី ហ្គោល ឡាញ (Gold Line​) នៅ​ភូមិ​ភ្នំពេញថ្មី កាលពី​យប់​ថ្ងៃទី២៧ ខែកក្កដា ដោយ​ឃាត់ខ្លួន​យុវតី​ជាង៨០នាក់និង​យុវជន​ជាង១០០នាក់។

មេន​គរ​បាល​រូប​នេះបញ្ជាក់​ថា បុគ្គលិក​ជិត២០នាក់​ទៀត រួមមាន អ្នក​អនាម័យ អ្នក​លាងចាន អ្នក​រត់​តុ និង​អ្នក​ចាក់ភ្លេង(ឌី​ជេ​)ជាដើម កំពុង​ស្ថិត​ក្រោម​ការ​សួរនាំ​ដោយ​សមត្ថកិច្ច​ ពាក់ព័ន្ធ​នឹងការ​មិន​គោរព​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូ​វីដ១៩។

ស្នងការ​រូប​នេះឱ្យ​ដឹង​ទៀត​ថា ក្រុម​យុវជននិង​យុវតី១៨០នាក់ ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ដោះលែង​វិញ ក្រោយពី​ធ្វើ​កិច្ចសន្យានិង​ណែនាំ​ឱ្យ​ឈប់​ប្រព្រឹត្តិល្មើស​វិធានការ​ណ៍របស់​រដ្ឋាភិបាល​អំឡុង​វិបត្តិ​សុខភាព​សាធារណៈ​នេះ។

លោក ស ថេត ប្រាប់​ថា៖ «ចំពោះមុខ ឥលូវនេះ យើង​បញ្ជូន​ទៅ​មេ​ការ​ម្នាក់​[…]គាត់​មិន​គោរព​ទៅតាម​វិធានឬក៏​សារា​ចរ​ណែនាំ​របស់ក្រ​សួងក៏ដូចជារដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​យើង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា។ គាត់​ចោទ​យ៉ាងដូច​ម្តេច​ ជា​សិទ្ធិ​របស់​គាត់»។

លោក សេ ថេត បានឱ្យ​ដឹង​ថា សមត្ថកិច្ច​មិនទាន់​ដឹង​ថា នរណា​ជា​ម្ចាស់​ក្លឹប​កម្សាន្ត​នេះ​នៅឡើយ​ទេ ប៉ុន្តែលោក​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ក្លឹប​កម្សាន្ត​មួយ​នេះ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី ប្រាប់​ថា ដើមចម​ដែល​នាំ​ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត​នោះ ដោយសារតែ​ម្ចាស់​ក្លឹប​មិន​គោរព​តាម​ការណែនាំ​របស់ក្រ​សួង​សុខាភិបាលក្នុង​ការទប់ស្កាត់​ជំងឺ​កូ​វីដ១៩។

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​អង្គការ​​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP​) លោក ជាង សុខា សង្កេតឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ យុវជន យុវតី និង​ប្រជាពលរដ្ឋ​មួយចំនួន ហាក់​ធ្វេសប្រហែស​ច្រើន​ក្នុង​ការទប់ស្កាត់​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ ករណីនេះ លោក​ជំរុញ​ទៅ​សមត្ថកិច្ច​ត្រូវ​ពង្រឹង​ការអនុវត្ត​វិធានការ​ណ៍របស់​រដ្ឋាភិបាលនិង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ជាង សុខា ប្រាប់​ថា៖ «ជួនកាល​តឹង ជួនកាល​ធូ​រទៅ វា​ធ្វើ​ឱ្យ​មាន​ហានិភ័យ វា​ខ្ពស់​ដែរសម្រាប់​កម្ពុជា បើសិនជា​ស្ថានភាព​នៃ​កូ​វីដ​វា​កើនឡើង ព្រោះ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ហាក់ដូចជា​មាន​សន្ទះ​ជាថ្មីដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នៅពេល​ដែល​ប្រជាពលរដ្ឋ កម្រិត​នៃ​ការភ័យខ្លាច បើ​ធៀប​នឹង​ការ​ចាប់ផ្តើម កម្រិត​នៃ​ការភ័យខ្លាច​កាន់តែ​តិច​ទៅ ធ្វើ​ឱ្យ​សកម្មភាព​[ការ​ឆ្លង​ជំងឺ​កូ​វីដ១៩​]កាន់តែ​កើនឡើង ដែល​អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ខ្ពស់សម្រាប់​ប្រជាពលរដ្ឋ​ទាំងមូល មិនថា​តែ​ប្រជាជន​ទេ»។

វី​អូ​ឌី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បានទេ​នៅ​ថ្ងៃនេះ។

ក្នុង​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី៧ ខែកក្កដា សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ទៅ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្តនិង​ខារ៉ាអូខេ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ឱ្យ​បើក​ដំណើរ​ឡើងវិញ ដោយ​ប្រែក្លាយ​ទៅជា​ភោជនីយដ្ឋាន ប៉ុន្តែម្ចាស់​អាជីវកម្ម​ទាំងនោះត្រូវ​គោរព​លក្ខខណ្ឌ​មួយចំនួន​ដូចជា ត្រូវ​ស្នើសុំ​លិខិតអនុញ្ញាត​បើក​អាជីវកម្ម​ទៅតាម​យន្តការ​ច្រកចេញ​ចូលតែមួយ​រាជធានី​ភ្នំពេញ គោរព​នូវ​វិធាន​នៃ​ក្រសួងសុខាភិបាលក្នុង​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​វិធានការ​ណ៍សុវត្ថិភាព​របស់ក្រ​សួង​ទេសចរណ៍។

កាលពី​ថ្ងៃទី១៧ ខែមីនា ក្រសួងទេសចរណ៍​បាន​ស្នើ​ទៅ​អភិបាលខេត្ត​-រាជធានី​ទូទាំង​ប្រទេស​ចាត់វិធានការណ៍​បិទ KTV ក្លឹប​កម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូ​តែក​) ទាំងអស់ ចាប់ពី​ថ្ងៃទី១៧ ខែមីនា រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។

ក្រសួងទេសចរណ៍ ឱ្យ​ដឹង​ថា គិត​ត្រឹម​ខែមីនា​កន្លងមក កម្ពុជា​មាន​មណ្ឌល​កម្សាន្ត​មនុស្ស​ពេញវ័យ​ចំនួន១,២៩៣កន្លែងនៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ខារ៉ាអូខេ (KTV​) ចំនួន១,០៨៤កន្លែង ក្លឹប​ឌីស្កូ​តែក​ (ClubDisco​) ១០៩កន្លែង អាជីវកម្ម​រង្គសាល (Night Club) ១៦កន្លែង អាជីវកម្ម​បៀ​រហ្គាឌិន ៨៤កន្លែង ដែល​ផ្ដល់​ការងារ១៨,៣៨១កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ