ផលិតករ​​ភាព​យន្ដ​​មួយ​ចំនួន​​សម្ដែង​​ក្ដី​​បារម្ភ​​ចំពោះ​​ការ​ប៉ុន​ប៉ង​​ពិនិត្យ​​ខ្លឹម​សារ​​មុន​​ពេល​​ចេញ​ផ្សាយ​​

ប្រធាន​នាយកដ្ឋានភាពយន្ត លោក ប៉ុក បូរក្ស ងពិធីសម្ពោធភាពយន្តខ្នាតធំរឿង«លោកឳពុក»

ក្រុម​ផលិតករ​ផលិតភាព​យន្ដ​មួយចំនួនសម្ដែង​ការ​ព្រួយបារម្ភ​របស់​ពួក​គេ បន្ទាប់ពី​មានការ​ចែកចាយ​ព័ត៌មាន​ថា ​ក្រសួងវប្បធម៌​តម្រូវ​ឱ្យ​ផលិតករ​ស្នើសុំ​ច្បាប់​អនុញ្ញាត​មុននឹង​ផលិតនិង​ចេញផ្សាយ​ស្នាដៃ​ភាពយន្ត​របស់​ពួក​គេ។

ប្រធាន​ផ្នែក​ផលិតភាព​យន្ដ​នៃ​ស្លឹករឹត​ភាពយន្ដ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក អ៊ូច មករា បាន​ប្រាប់​វី​អូ​ឌី​ឱ្យ​ដឹង​ថា តាម​គំនិត​របស់​លោក ការដែល​ធ្វើបែប​នេះមិនមែន​ជា​ការ​ប្រសើរ​ឡើយ។ លោក​ថា ការផលិត​ភាពយន្ដ​នៅក្នុង​ស្រុកមាន​ចំនួន​តិច ដូច្នេះបើសិនជា​មានការ​តឹង​រ៉ឹងបែបនេះ​ទៀត នោះ​វា​រឹតត្បិត​ស្នាដៃ​របស់​អ្នកនិពន្ធ​ជាមិនខាន។

លោក អ៊ូច មករា បន្ត​ថា៖ «ខ្ញុំ​គិតថា ​យើង​ពុំ​ទាន់​គួរ​លើកទឹកចិត្ត​អ្នក​ផលិតភាព​យន្ត​ក្នុង​ស្រុក​តាមវិធី​នេះ​នៅឡើយ​ទេ។ […] ខ្ញុំ​យល់ថា ​ពួក​គាត់​អាច​លើកទឹកចិត្ត​អ្នក​ផលិត​តាមរយៈ​ការ​បំផុសគំនិត ឬជា​ថវិកា ឬសម្រួល​ទីតាំង ឯកសារ បច្ចេកទេស ឬតំបន់​ណា​ដែល​នៅ​ក្រោមអំណាច​របស់ក្រ​សួង ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយនិង​ត្រូវ​តាម​ទិសដៅ​របស់ក្រ​សួង​ទៀត ជាជាង​យើង​ដាក់កម្រិត​ផលិតករ​ទាំងអស់​ត្រូវតែ​យកគំនិត​របស់​ខ្លួន​មក​ឆ្លងកាត់​សិន​មុន​ការ​ថត​នោះ»។ 

ស្រដៀងគ្នា​នេះ​ដែរ ជំនួយការ​ផលិតភាព​យន្ដនិង​ជា​អ្នក​បញ្ចូល​សំឡេង លោក ជា សំ​បាន ការប៉ុនប៉ង​ពិនិត្យ​ស្នាដៃ​មុន​ចេញ​ថត​ឬចេញផ្សាយ ធ្វើបែប​នេះ​មានផល​វិបាក​សម្រាប់​លោក​និង​ក្រុមការងារ​របស់​លោក​ផ្ទាល់។ អ្នក​ថត​វីដេអូ​ពាក់ព័ន្ធ​នឹង​ជីវិត​សត្វព្រៃរូប​នេះ​បន្ថែម​ថា នីតិវិធី​នេះនឹង​ត្រូវ​ចំណាយពេល​យូរ​មុននឹង​បាន​ដំណើរការ​នៃ​ការ​ថត​រហូតដល់​ផលិត​កុន​ទាំងមូល​តែម្ដង។ 

លោក ជា សំ​បាន៖ «បើ​យើង​ចង់​បញ្ចេញ​ភាពយន្ដ​អី​មួយ ​វា​ត្រូវ​យឺត​ពេល ព្រោះអី​ស្ថាប័ន​របស់​រដ្ឋឬក្រសួង​នី​មួយ​ៗ បើ​យើង​ដាក់ស្នើ​សុំ​ជា​ការ​អី​មួយឬស្នើសុំ​ជា​សិទ្ធ​អី​មួយ ​គឺ​វានិយាយទៅ​គឺ​វា​រាង​យឺត​យ៉ាវ​បន្តិច អ៊ីចឹង​ចំពោះ​ការ​ផ្សព្វផ្សាយនិង​គំនិត​ដែល​ធ្វើ​ភាពយន្ដ​ហ្នឹងនឹង​ត្រូវ​យឺត​ត្រូវ​គាំង​ត្រូវ​ស្ទះ»។ 

លោក​ស្នើ​ក្រសួង​ពន្លឿន​លើ​ការ​ត្រួតពិនិត្យ​ ធ្វើ​យ៉ាងណា​ឱ្យ​ឆាប់រហ័ស​និង​លឿន​ជាង​របៀប​ធ្វើការ​បច្ចុប្បន្ន។ 

ផលិតករ​វ័យក្មេង លោក សុង សៀក​ឡេង ដែល​ជា​ម្ចាស់​ស្នាដៃ​ភាពយន្ដ​រឿង «ប្របុ​ម្បិ​តនា​គិ​ម្ទន្ដ» បាន​ប្រាប់​វី​អូ​ឌី​ថា ការដែល​មានការ​គ្រប់គ្រង ត្រួតពិនិត្យ​សិល្បៈ​ភាពយន្តនិង​វីដេអូ វា​ក៏អាច​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​បង្ហាញ​ចេញ​នូវ​ស្នាដៃ​ច្នៃប្រឌិត​របស់ផលិតករ​គ្រប់រូប។ លោក​បន្ត​ថា ក្រសួង​គួរតែ​រឹតត្បិត​ត្រឹមតែ​ភាព​យន្ត​ធំៗ ហើយ​គួរ​អនុគ្រោះ​ដល់​ភាពយន្ត​ខ្នាត​តូចនិង​ភាពយន្ត​ខ្នាត​ខ្លី។

លោក​និយាយថា៖ «បើ​យើង​រឹតត្បិត​រឿង​ហ្នឹង​ពេក វា​នឹង​ធ្វើឱ្យ​អ្នក​ផលិត​ហ្នឹង​បាក់ទឹកចិត្ត»។

លោក សុង សៀក​ឡេង បន្ថែម​ថា​ លោក​ចង់​ឱ្យ​មន្រ្តី​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ដំណើរការ​ក្នុង​ការ​កែតម្រូវ​ដល់​ខ្លឹមសារ​ភាពយន្ដ ដោយហេតុថា​ កន្លងមក ​ក្រុម​អ្នក​ផលិត​ត្រូវ​រង់ចាំ​នាយកដ្ឋាន​ត្រួតពិនិត្យ​រហូតដល់​ជិត១ខែទើប​សម្រេច​ថា​ អនុញ្ញាត​ឬមិន​អនុញ្ញាត​ឱ្យ​ផលិត។ លោក​បញ្ជាក់​ថា ការ​រង់ចាំ​នេះ​នាំ​ឱ្យ​ខាត​ទាំង​ពេលវេលា​និង​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​ទាំងមូល។ 

ដោយឡែក កញ្ញា រិទ្ធី លំ​អរ​ពេជ្រ ស្ថាបនិក​នៃ​គម្រោង​បុណ្យ​ភូមិនិង​ជា​អ្នក​ផលិតភាព​យន្ដ​ឯករាជ្យ​មួយ​រូប ដែល​ជា​អ្នកដឹកនាំ​ផលិត​រឿង «ស្នេហា​ក្មេង​ៗ» បាន​ប្រាប់​សារព័ត៌មាន​វី​អូ​ឌី​ឱ្យដឹង​ថា កញ្ញា​មិនទាន់​មាន​មតិ​អ្វី​សម្រាប់​បញ្ហា​មួយ​នេះ​នៅឡើយ​ទេ ​ដោយសារតែ​កញ្ញា​គិតថា ព័ត៌មាន​នេះ​មិនទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​ទេ។

​ប៉ុន្តែកញ្ញា​បាន​បន្ត​ថា បើសិនជា​ព័ត៌មាន​ជា​អនុក្រឹត្យ​របស់ក្រ​សួង​មែន គួរតែ​មានការ​ផ្សព្វផ្សាយ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ផង និង​គួរតែ​មានការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​និង​មានការ​រៀបរាប់​ឱ្យ​បាន​ក្បោះក្បាយ​ជាង​នេះ។ កញ្ញា​គិតថា​ បញ្ហា​នេះ​គួរតែ​មានការ​បើក​ជា​សន្និបាត​ប្រកាស​ពី​រឿង​មួយ​នេះ។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ប៉ុក បូ​រក្ស បញ្ជាក់​ថា សេចក្ដីជូនដំណឹង​នេះ​ចេញផ្សាយ​តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ​នាយកដ្ឋាន​ក៏បាន​ប្រកាស​រយៈពេល៦ខែមុន​នឹង​ធ្វើការ​អនុវត្ត​ផង​ដែរ។

លោក ប៉ុក បូ​រក្ស បាន​ប្រាប់​វី​អូ​ឌី​ថា នៅពេល​ដែល​នាយកដ្ឋាន​គិតថា ភាពយន្តឬវីដេអូ​របស់​ពួក​គេ​មាន​ចំណុច​ខ្វះខាតនិង​ប៉ះពាល់នោះ ​នាយកដ្ឋាន​នឹង​ទាក់ទង​ពួក​គេ​ដើម្បី​ពិភាក្សា។

ជុំវិញ​ការ​លើកឡើង​របស់​ផលិតករ​ចំពោះ​ដំណើរការ​យឺតយ៉ាវ​នៃ​ការពិនិត្យ​លើ​ខ្លឹមសារភាព​យន្ត លោក​ ប៉ុក បូ​រក្ស​ បញ្ជាក់​ថា៖ «ខ្ញុំ​អត់​ដែល​បាន​ទទួលការ​ស្នើសុំ​សោះ​ពី​ខាង​ពួក​គាត់​ដែល​ផលិត ហើយគាត់​ត្អូញថា មានការ​ផ្ដល់​សេវា​យឺត​នៃ​ការ​ផ្ដល់​ដោយ​អាជ្ញាធរ​ហ្នឹងណា»។

លោក​បន្ត​ថា ក្នុង​ដំណើរការ​នៃ​ការ​ត្រួតពិនិត្យ​នេះ គឺ​យោង​តាម​តារាង​នៃ​ការ​ផ្ដល់​ពេលវេលា ដែលសម្រាប់​កុន​ខ្នាត​វែង​ ផលិតករ​ត្រូវ​ចំណាយពេល១៥ថ្ងៃ ឯកុន​ខ្នាត​ខ្លី​ ត្រូវ​ចំណាយពេល៥ថ្ងៃ​ដើម្បី​ត្រួតពិនិត្យ។ លោក​ប្រាប់​ថា ក្នុងករណី​ដែល​ដល់​ថ្ងៃកំណត់​ តែ​ខាងនាយ​កដ្ឋាន​គ្មាន​ការ​ឆ្លើយតប នោះ​មានន័យថា ផលិតករ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ផលិតភាព​យន្ដ​របស់​ពួក​គេ​បាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ