អ្នក​​ជំនាញ​​​សិទ្ធិ​​មនុស្ស​​ UN ​ចោទ​​សួរ​​​កម្ពុជា​​​ជុំវិញ​​​ការ​​​ចោទ​​​ថា​​​«គំរាម​កំហែង​»​អ្នក​​ការពារ​​​សិទ្ធិ​មនុស្ស​ លោក​ អំ​ សំអាត​​

លោក អំ សំអាត មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ

អង្គការសហប្រជាជាតិ កាលពី​ថ្ងៃអង្គារ ​ម្សិលមិញ​នេះ បាន​ចេញ​លិខិត​ជា​សា​ធា​រណៈ​មួយ ដែល​ចោទសួរ​ទៅ​រដ្ឋាភិបាល​ជុំវិញ​ការ​ចោទ​ថា ​បាន​«គំរាមកំហែង»ទៅលើ​មន្ត្រី​អង្គការ​លី​កាដូ ខណៈ​រដ្ឋាភិបាល​បាន​បន្ត​ការវាយប្រហារ​ក្រុម​នេះ​ចំពោះ​ការចូលរួម​ជា​«បណ្តាញ»អង្គការ​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​ធ្វើការ​ដើម្បី​«ប្រឌិត»ព័ត៌មាន​អំពី​កម្ពុជា។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លី​កាដូ លោក អំ សំអាត ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​វិទ្យុ​អាស៊ី​សេរី​ របស់​អាមេរិក​កាលពី​ថ្ងៃទី២៩ ខែមីនា​កន្លងមក ដោយ​បាន​និយាយ​ថា ការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ១៩នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហាក់​មាន​ទាក់ទង​នឹង​ហេតុផល​នយោបាយ។ ពីរថ្ងៃក្រោយ​មក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់ខ្លួន​លោក អំ សំអាត​ ជុំវិញ​ការអធិប្បាយ​របស់​លោក។

អង្គការសហប្រជាជាតិ​ បាន​ផ្ញើ​លិខិត​របស់​ខ្លួន​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ២ខែក្រោយ​ពី​លោក ហ៊ុន សែន បាន​ព្រមាន​បែបនេះ។ អង្គការសហប្រជាជាតិបាន​ស្វែងរក​ការ​បកស្រាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ជុំវិញ​វិធានការដែល​អាច​បង្ក​ឱ្យ​មាន​«ក្ដី​បារម្ភ​ពី​ផល​ប៉ះពាល់​ទៅលើ​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។

លិខិត​ដែល​សរសេរ​ដោយ​អ្នករាយការណ៍​សិទ្ធិមនុស្ស៤រូប​របស់​អង្គការសហប្រជាជាតិ បាន​រៀបរាប់​ថា៖ «យើង​ពិតជា​ព្រួយបារម្ភ​ថា ការ​ថ្កោលទោសនិង​គំរាម​គំ​ហែង​ចាប់ខ្លួន​លោក អំ សំអាត នេះ ហាក់​ជាប់​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ការងារ​របស់​គាត់​ក្នុង​ការ​ការពារ​សិទ្ធិមនុស្ស និង​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ទប់ស្កាត់​ការអនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញមតិនិង​សិទ្ធិ​របស់​គាត់​ក្នុង​ការការពារ​សិទ្ធិមនុស្ស»។

លិខិត​ដដែល​នេះ បាន​ស្នើសុំ​ព័ត៌មាន​អំពី​ឧប្បត្តិហេតុ និង​ព្រមទាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្យល់​ពី​វិធានការណ៍​ណាមួយ​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ធានា​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កូ​វីដ​១៩​ ដោយ​គ្មាន​ការ​គំរាមកំហែង ឬការ​បំភិតបំភ័យ។

ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា បាន​ចេញ​លិខិត​ជា​សាធារណៈ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នេះ រួមគ្នា​ជាមួយ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃទី១៤ ខែកក្កដា ដែល​ជាផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ការ​ចេញផ្សាយ​លិខិត​រួមគ្នា និង​ឆ្លើយតប​មុន ៦០ថ្ងៃ បន្ទាប់​ពី​លិខិត​ឆ្លើយឆ្លង​នេះ​ត្រូវ​បាន​បញ្ជូន។

ក្នុង​លិខិត​ឆ្លើយត​បរ​បស់​ខ្លួន ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​លើកឡើង​ថា ក្រុម​មន្រ្តី​សង្គម​ស៊ីវិល​រួម​ទាំង​លោក អំ សំអាត ត្រូវ​បានការ​ពារ​ពី​ការ​បំភិតបំភ័យ ប៉ុន្តែពួក​គេ​ចាំបាច់​ត្រូវ​ដាក់​«ព័ត៌មាន​​ឱ្យ​ច្បាស់លាស់​​ពី​​ការចោទប្រកាន់​​ថា​​មាន​ការ​​បំភិតបំភ័យ»​នោះ ប្រសិនបើ​ពួក​គេ​ចង់​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ឱ្យ​បាន​សមស្រប។

ការ​ឆ្លើយតប​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ UN បាន​បន្ថែម​ទៀត​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវតែ​សង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការណ៍​របស់​រដ្ឋាភិបាល​លើ​ការ​​ស្កាត់​ជំងឺ​កូ​វីដ១៩។

សេចក្តី​ថ្លែងការណ៍​បាន​រៀបរាប់​ថា៖ «គាត់​មិន​គួរ​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយនិង​បំផ្លើស​ព័ត៌មាន ដែល​អាច​បង្ក​ការភ័យខ្លាច​ដល់​ប្រជាជន ហើយ​នាំ​ឱ្យ​មាន​ភាព​វឹកវរ និង​អស្ថិរភាព​សង្គម​នោះ​ទេ»។

អំឡុង​ពេល​បើក​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃម្សិលមិញ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ព្រមាន​ជុំវិញ​«ការ​ប្រឌិត» និង​រលក​នៃ​ការ​រិះ​គន់​ថ្មី​ៗប្រឆាំង​នឹង​អង្គការ​លី​កាដូ។

អង្គ​កា​រសិ​ទិ្ធ​មនុស្ស​មួយ​នេះ បាន​រង​ការវាយប្រហារ​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​របាយការណ៍​ស្រាវ​ជ្រាវ​ថ្មី​ៗរបស់​ខ្លួន។ អង្គការ​មួយ​នេះបាន​ឈរ​ជា​សហ​អ្នកនិពន្ធ​នៃ​ការស៊ើបអង្កេត​នានា​ទៅ​ក្នុង​អំពើ​រំលោភសិទ្ធិ​មនុស្ស​នៅក្នុង​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ ដែល​និយាយ​ថា «បំណុល​វ័ណ្ឌក​ក្នុងចំណោម​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ» ត្រូវ​បាន​គេ​និយាយ​ថា ជាដើម​ចម​បង្ក​ឱ្យ​មានការ​ដកហូត​កម្មសិទ្ធិ​ដីធ្លី។ កាលពី​ថ្ងៃ​ចន្ទ​កន្លងមក​នេះ អង្គការ​លី​កាដូនិង​ក្រុម​សិទ្ធិមនុស្ស៣ស្ថាប័ន​ទៀត បាន​ចេញផ្សាយ​ការសិក្សា​មួយ​ទៅលើ​ផលប្រយោជន៍​របស់​បុគ្គល​មានអំណាច​នៅ​ពីក្រោយ​ការ​ចាក់​ដី​លុប​បឹង​ទំ​ពុន​នៅ​រាជធានី​ភ្នំពេញ

លោក ផៃ ស៊ី​ផាន បាន​ចាត់ទុក​អង្គការ​លី​កាដូជាផ្នែក​មួយ​នៃ​បណ្ដាញ​អង្គការ​សង្គម​ស៊ីវិល ដែល​សហការ​គ្នា​បង្កើត​របាយការណ៍​ទាំងនេះនិង​បំពង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក ស៊ី​ផាន ថ្លែង​ថា៖ «ថ្មី​ៗនេះ យើង​រក​ឃើញ​សកម្មភាព​នៃ​អង្គការ​មួយចំនួន ដូចជា លី​កាដូ និង​អង្គការ​អន្តរជាតិ​[ផ្សេងទៀត​] មាន​ទំនាក់ទំនង​ល្អ​នឹងគ្នា​ទៅវិញទៅមក​ អំពី​ការ​ប្រឌិត​ព័ត៌មាន​ដែល​យើង​ពិបាក​ទទួលយក។ នេះ​គឺជា​បណ្ដាញ​មួយ​ដែល​កំពុង​បង្កើត​របាយការណ៍​ទាំងនេះ បង្កើត​ព័ត៌មាន និង​រៀបចំ​រឿងរ៉ាវ​បន្តបន្ទាប់ ដើម្បី​បំភ្លៃនិង​បំ​ផ្លើសព័​ត៌​មាន»។

នាយិកា​អង្គការ​លី​កាដូ អ្នកស្រី ណា​លី ភី​ឡូ​ហ្គ (Naly Pilorge​) ប្រាប់​វី​អូ​ឌី​ថា រដ្ឋាភិបាល​គួរតែ​ផ្ដល់​តម្លៃ​លើ​ទស្សនៈ​របស់សង្គម​ស៊ីវិលជាជាង​ព្យាយាម​បង្រ្កាប​ពួក​គេ។

អ្នកស្រី​បន្ថែម​ថា ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ពិតជា​មាន​ភាព​សប្បាយរីករាយ​នៅពេល​ដែល​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ឆ្លើយតបទៅនឹង​ការអធិប្បាយ​របស់​លោក អំ សំអាត។

អ្នកស្រី ណា​លី ភី​ឡូ​ហ្គ ប្រាប់​ថា៖ «លោក អំ សំអាត បាន​លះបង់​ពេលវេលា​ស្ទើរតែ​មួយ​ជីវិត ដើម្បី​ការពារ​សិទ្ធិ​របស់​ក្រុម​ងាយ​រងគ្រោះ​នៅ​កម្ពុជា ហើយ​ហ៊ាន​និយាយ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌និង​អំពើ​ហិង្សា។ ដូច​អ្នកការពារ​សិទ្ធិមនុស្ស​ដទៃទៀត​ដែរ យើង​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា​នឹង​ឱ្យ​តម្លៃ​ទៅលើ​សារៈសំខាន់និង​តម្លៃ​នៃ​យោបល់​របស់​សង្គម​ស៊ីវិល ជាជាង​ការគាបសង្កត់​និង​បំបាត់​សំឡេង​បែបនេះ»៕


អត្ថបទ​នេះ​ត្រូវ​បាន​ប្រែសម្រួល​ដោយ​ លោក សាំ ឧត្ដម ពី​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ