ក្រុមអ្នកការពារសិទ្ធិមនុស្សរកឃើញថា ការអនុវត្តច្បាប់វិវដ្តទៅគំរាមមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ

ក្រុមយុវជន និងព្រះសង្ឃ អង្គុយនិងគង់ដើម្បីរំលឹកដល់ការស្លាប់លោក កែម ឡី នៅមុខស្ដាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​ក្រុមអ​ង្គ​ការសង្គម​ស៊ីវិលដែល​ធ្វើកា​រលើក​កម្ពស់សិទ្ធិមនុស្សមួយចំនួន និយាយថា​ សិទ្ធិមូលដ្ឋានពល​រដ្ឋ​​នៅ​តែបន្ត​រឹតត្បិត ​បង្ក​ការគំរា​​​មកំហែងដល់មូលដ្ឋានគ្រឹះប្រជាធិបតេយ្យ បើទោះបីសិទ្ធិនេះ​​ធា​នា​ដោ​យ​ច្បាប់ជាតិនិងអន្តរជាតិក៏ដោយ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុកការពារសិទ្ធិមនុស្ស និងមជ្ឈមណ្ឌលសាមគ្គីភាព និយាយក្នុងសេចក្តីថ្លែងការណ៍រួមកាល​ពី​ថ្ងៃពុធម្សិលមិញថា តាមការឃ្លាំមើលរបស់ពួកគេ រយៈពេលមួ​យ​ឆ្នាំមកនេះ លំហសេរីភាពមូលដ្ឋាននៅតែបន្តរងការរឹតត្បិតពីអាជ្ញាធររដ្ឋ។

អ្នកឃ្លាំមើលទាំងនោះនិយាយទៀតថា វិធានការរបស់អាជ្ញាធរបានបង្ក្រាបទៅលើអ្នកនយោបាយប្រ​​ឆាំ​ង ​សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ សិទ្ធិជួបជុំ តាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌចោទពីបទបរិហា​រកេរ្តិ៍ បទរួមគំ​និត​ក្បត់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទក្លែងបន្លំព័ត៌មាន។

ក្រុមអ្នកឃ្លាំមើលអះអាងថា៖ «សេរីភាពសមាគម សេរីភាពខាងជួបជុំ និងសេរីភាពបញ្ចេញមតិ​ ជាមូលដ្ឋានគ្រឹះ​សម្រា​​​ប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់ ហើយមានសារៈសំខាន់បំផុតចំពោះលទ្ធិប្រជាធិបតេយ្យរឹងមាំ»

ការអះអាងរបស់ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សទាំង៣នេះ បានយោងទៅលើរបាយការណ៍របស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន។

របាយការណ៍បានអះអាងថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែមីនា​ឆ្នាំនេះ ខ្លួនបានវិភាគទៅលើអត្ថបទសារព័ត៌មាននានាចំនួន១១៩៤អ​ត្ថបទ ដែ​លគិ​តជាហេតុការណ៍៥៣៧ករណី ទទួលបានការរាយការណ៍ហេតុការណ៍សរុប១១៩ក​រណី។

របាយការណ៍​ដដែលឱ្យដឹងទៀតថា បានស្ទង់មតិសាធារណជន៧៧៩នាក់​ទូទាំង២៥រាជធានី ខេត្តក្រុង និងបានស្ទង់មតិថ្នាក់ដឹកនាំអ​ង្គការសង្គមស៊ីវិលនិង​សហជីព១៤២​រូប។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានច្រានចោលការវាយតម្លៃនេះ ដោ​យថា​ ចំណាត់ការរបស់អាជ្ញាធរកន្លងទៅជាវិធានការច្បាប់។

លោក ឆាយ គឹមខឿន ប្រាប់ថា៖ «ខ្ញុំមើលឃើញថា ស្រុកខ្មែរយើងនេះ វាមហាសិទ្ធិហើយ។ ប៉ុន្តែសិទ្ធិខ្លះទាំងច្បាប់អន្តរជាតិក៏​បា​ន​កំណត់ដែរ។ អ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ តែលើកលែងដែរ។ អ៊ីចឹងនាំគ្នាមើលអាលើ​កលែង២ទៅ៣ចំណុចហ្នឹងទៅ ដឹងហើយ។ ខ្ញុំមិនអាចអានច្បាប់នេះបានទេ»

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏ច្រានចោលដូចគ្នាដែរ ដោយអះអាងថា របាយកា​រណ៍​នេះគ្មានអ្វីថ្មី និងខ្វះមូលដ្ឋានស្រាវជ្រាវបែបវិទ្យាសាស្ត្រ ធ្វើឱ្យការវាយ​តម្លៃមានលក្ខណៈ​លម្អៀង មិនឆ្លុះប​ញ្ចាំ​ងពីយន្តការច្បាប់នៅកម្ពុជាទេ។

លោក ជិន ម៉ាលីន ប្រាប់ថា៖ «ជាការសន្និដ្ឋានរបស់ខ្ញុំ បើសិនជារបាយការណ៍នេះនៅតែចេញជាបន្តបន្ទាប់ទៀត ហើ​​យ​​​​ធ្វើដោ​យគ្មានមូលដ្ឋានគ្រប់ជ្រុងជ្រោយ អាចឱ្យមានភាពចលាចលក្នុងសង្គម ពីព្រោះរបាយកា​រណ៍​​​​​​នេះ​មិនបានធ្វើការអប់រំពលរដ្ឋឱ្យយល់ដឹងពីច្បាប់ និងអនុវត្តច្បាប់របស់ខ្លួនឱ្យបានត្រឹមត្រូវទេ ប៉ុ​ន្តែ​​​​​​ហាក់ដូចជាលើកទឹកចិត្តឱ្យក្រុមអ្នកបំពានច្បាប់ និងមិនស្តាប់បង្គាប់របស់សមត្ថកិច្ចឡើយ»

យ៉ាងនេះក្តី អ្នកសម្របសម្រួលគម្រោងសេរីភាពមូលដ្ឋាននៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ និយាយថា ការចេញរបាយការណ៍នេះជាការចូលរួមចំណែកជំរុញការកែល​ម្អ​ក្នុងន័យស្ថាបនា។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះនិយាយទៀតថា ការអនុវត្តច្បាប់ខ្វះតម្លាភាព វាជាឧបសគ្គដល់ដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

លោក ហ៊ុន ស៊ាងហាក់ ប្រាប់ថា៖ «បើយើងចង់បានឬឮតែអ្វីដែលសរសើរ វាជារឿងមួយ ប៉ុន្តែវាមិនអាចរីកចម្រើនទេ។ ប្រសិ​ន​ជា​វាប្រសើរហើយ មិនអីទេ ប៉ុន្តែយើងអត់គិតពីអ្វីដែលមិនទាន់ប្រសើរយកមកដោះស្រាយ វានៅបាន​ត្រឹមតែកម្រិតហ្នឹង វាអត់ទៅមុខរួច។ បាទ! វាកាន់តែធ្លាក់ចុះទៅទៀត»

សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បាននាំមុខគេជំរុញរដ្ឋាភិបាលកម្ពុជាឱ្យស្តារស្ថានភាពសិទ្ធិមនុ​ស្សនិងប្រជាធិបតេយ្យឡើងវិញ ក្រោយពីការបោះឆ្នោតមួយរបស់កម្ពុជាអំឡុងឆ្នាំ២០១៨ដែល​បានផាត់អតី​តគណបក្សប្រឆាំងចេញពីឆាកនយោបាយ។

សហភាព​អឺរ៉ុប​និយាយក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១២ ខែកុម្ភៈ ថា​រយៈពេ​ល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​មនុស្ស សិទ្ធិ​​នយោ​បា​យ​ និង​នីតិរដ្ឋ។

បញ្ហានេះ សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែសីហាខាងមុខ នឹងអនុវត្តវិធានយកពន្ធលើប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ជាវិធានការដំបូងក្នុងការជំរុញរដ្ឋាភិបាលឱ្យវិលទៅរកគន្លងប្រជាធិបតេយ្យវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ